ព័ត៌មានទាន់ហេតុការណ៍៖

បទវិភាគ៖យល់ដឹងពីភាពធន់និងទីបង្អែករបស់សេដ្ឋកិច្ចចិន៖អត្ថន័យដ៏ជ្រាលជ្រៅនៅពីក្រោយការចាប់ផ្តើមដ៏ល្អប្រសើរដែលហួសពីការព្យាករណ៍

ចែករំលែក៖

អន្តរជាតិ ៖ នាពេលថ្មីៗកន្លងទៅនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានចេញផ្សាយរបាយការណ៍ថ្មីបំផុត ដោយបានសម្រួលបញ្ចុះ០,២ភាគរយនៃការព្យាករណ៍ចំពោះកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំនេះ ដែលមានត្រឹមតែ៣,១ភាគរយ ។ ក្នុងបរិបទបែបនេះ នៅថ្ងៃទី ១៦ ខែមេសា ប្រទេសចិនបានប្រកាសតារាងពិន្ទុសេដ្ឋកិច្ចនៅត្រីមាសទីមួយនៃឆ្នាំនេះ ពោលគឺតាមការគណនាជាបឋម បានកើនឡើង៥,០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥ និងកើនឡើង០,៥ភាគរយបើប្រៀបធៀបនឹងត្រីមាសទីបួននៃឆ្នាំ២០២៥ ។ ប្រព័ន្ធសារព័ត៌មានបរទេសយល់ឃើញថា ការចាប់ផ្តើមដ៏ល្អប្រសើរដែលលើសពីការព្យាករណ៍បែបនេះជាភាពធន់ ក្នុងទីផ្សារ នេះជាជំនឿចិត្ត នៅលើពិភពលោកទាំងមូល នេះជាម៉ាស៊ីនសម្រាប់លំនឹងដ៏កម្រ ។

ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក ទំហំសេដ្ឋកិច្ចសរុបរបស់ចិនបានវាយទម្លុះពី១៤០ទ្រីលានយាន់ប្រាក់ចិន ការសម្រេចបាននូវកំណើន៥ភាគរយលើតួលេខខ្ពស់បែបនេះ គឺបានមកដោយលំបាក ។ គុណតម្លៃកាន់តែកម្រ គឺលក្ខណៈពិសេសរបស់សេដ្ឋកិច្ចចិន ពោលគឺ “ស្ថិរភាព” “ភាពថ្មី” និង “ភាពធន់” បានតាំងមូលដ្ឋានគ្រឹះដ៏ល្អប្រសើរសម្រាប់សម្រេចបាននូវគោលដៅកំណើនពេញមួយឆ្នាំ ។

សូមក្រលេកមើលពី “ស្ថិរភាព”ជាមុន ។ នៅត្រីមាសទីមួយឆ្នាំនេះ តម្លែបន្ថែមរបស់ឧស្សាហកម្មធំទាំងបីរបស់ចិនសុទ្ធតែសម្រេចបាននូវកំណើន ថ្លៃទំនិញប្រើប្រាស់របស់ប្រជាជនបានកើនឡើង០,៩ភាគរយ អត្រាបាត់បង់ការងារនៅតាមទីក្រុងនិងជនបទដែលបានចុះបញ្ជីបានរក្សាភាពនឹងនរ មូលដ្ឋានគ្រឹះនៃឱកាសការងារនិងជីវភាពរស់នៅរបស់ប្រជាជនមានស្ថិរភាព ។ ដោយមានវិស្សមកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងមានការណែនាំពីគោលនយោបាយពាក់ព័ន្ធ បានជាការប្រើប្រាស់បានឡើងកម្តៅជាបន្តបន្ទាប់ ទំហំលក់រាយរបស់ប្រើប្រាស់ក្នុងសង្គម និងទំហំលក់រាយសេវាកម្មបានកើនឡើង២,៤ភាគរយ និង៥,៥ភាគរយដោយឡែកពីគ្នា ការបណ្តាក់ទុនមានស្ថេរភាពបន្ទាប់ពីបញ្ឈប់ការធ្លាក់ចុះដែលបានកើនឡើង១,៧ភាគរាយ ។ ប្រការទាំងនេះមានន័យថា អតុល្យភាពរវាងការផ្គត់ផ្គង់ខ្លាំង និងតម្រូវការខ្សោយមានការកែសម្រួលខ្លះ ដែលបានបង្កើតល័ក្ខខ័ណ្ឌមានអំណោយផលដល់ “ការកសាងទីផ្សារធំក្នុងស្រុកដ៏ខ្លាំងក្លា” ។

ជាបន្តទៀត សូមសង្កេតមើលពី “ភាពថ្មី” ។ កម្លាំងចលករថ្មីបានដើរតួនាទីដ៏សំខាន់ក្នុងសេដ្ឋកិច្ចចិន ។ នៅត្រីមាសទីមួយ អនុបាតនៃមុខរបរផលិតគ្រឿងបរិក្ខារនិងឧស្សាហកម្មកម្មន្តសាលបច្ចេកទេសខ្ពស់របស់ចិន ក្នុងតម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំ បានកើនឡើង១,៤ភាគរយ និង១,២ភាគរយដោយឡែកពីគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥ ។ ក្នុងនោះ ការរួមចំណែករបស់ឧស្សាហកម្មកម្មន្តសាលបច្ចេកទេសខ្ពស់ចំពោះកំណើនឧស្សាហកម្មបានឡើងដល់៣២,៦ភាគរយ ។ ការលក់ដូររថយន្តថាមពលថ្មីបានកាន់លំដាប់ថ្នាក់នាំមុខនៅលើពិភពលោកទាំងមូល បច្ចេកវិទ្យាខ្ពស់ ភាពវៃឆ្លាតនិងភាពបៃតងបានក្លាយជាឧត្តមភាពដ៏សំខាន់របស់ឧស្សាហកម្មកម្មន្តសាល ។

ដោយឡែក “ភាពធន់”ក៏មានការទទួលស្គាល់យ៉ាងទូលំទូលាយ ។ សូមយកពាណិជ្ជកម្មអន្តរជាតិជាឧទាហរណ៍៖ នៅត្រីមាសទីមួយ ទំហំសរុបនៃការនាំចេញនាំចូលរបស់ចិនបានលើសពី ១១ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង១៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ក្នុងនោះ ការនាំចូលបានកើនឡើងជិត២០ភាគរយ ល្បឿនកំណើនខ្ពស់ពីការនាំចេញចំនួន៧,៧ភាគរយ ដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវតិ្តសាស្ត្រ ។ ចាប់ពីការបន្ថែមតំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរី ដល់ការស្វាគមន៍សហគ្រិនបរទេសទៅចូលរួមពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិ និងពិព័រណ៍ Canton Fair រហូតដល់អនុវត្តគោលនយោបាយយក “ពន្ធសូន្យ ”ដោយគ្រប់ជ្រុងជ្រោយចំពោះប្រទេសអាហ្វ្រិក៥៣ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិនចាប់ពីថ្ងៃទី១ ខែឧសភាតទៅ ។ ប្រទេសចិនបានធ្វើសកម្មភាពដោយបានបញ្ជាក់ថា ចិនមិនត្រឹមតែចង់ធ្វើជា “រោងច្រកសកល ” ហើយក៏កាន់តែរីករាយធ្វើជា “ទីផ្សារសកល” ទៀតផង ។

ក្នុងរដូវផ្ការីកឆ្នាំនេះ ចាប់ពីមន្រ្តីជាន់ខ្ពស់របស់សហគ្រាសពហុជាតិបំពេញទស្សនកិច្ចនៅចិនយ៉ាងមមាញឹក ដល់ប្រាក់ទុនអន្តរជាតិបន្ថែមបណ្តាក់ទុននៅចិន រហូតដល់សេដ្ឋកិច្ចចិននៅត្រីមាសទីមួយមានភាពល្អប្រសើរដែលហួសពីការព្យាករណ៍ ការសម្តែងរបស់ចិនធ្វើឱ្យពិភពលោកកត់សម្គាល់ ។ លោកស្រី Kristalina Georgieva អគ្គនាយកនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានវាយតម្លៃថា ខណៈពេលពិភពលោកប្រឈមនឹងការសាកល្បងជាច្រើនបែបយ៉ាង សេដ្ឋកិច្ចចិននៅតែមានភាពធន់និងសក្តានុពលយ៉ាងខ្លាំង ការនេះនឹងជះឥទ្ធិពលយ៉ាងសកម្មដល់ពិភពលោក ។ ការកើនឡើង៥ភាគរយ មិនត្រឹមតែជាពន្ទុដ៏គួរឱ្យកត់សម្គាល់តែប៉ុណ្ណោះទេ ថែមទាំងជាសញ្ញាយ៉ាងច្បាស់លាស់ដែលបានបង្ហាញថា ប្រទេសចិនសម្រេចបាននូវការចាប់ផ្តើមដ៏ល្អប្រសើរក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ក៏ដូចជាចិនមានឆន្ទៈចែករំលែកកាលានុវត្តភាពជាមួយពិភពលោក ៕

ប្រភព ៖ (CCFR)


ចែករំលែក៖