ខេត្តស្វាយរៀង៖ ជនសង្ស័យ៥នាក់ត្រូវបានតុលាការឃុំខ្លួនក្នុងពន្ធនាគារខេត្តស្វាយរៀងបណ្ដោះអាសន្ន ពាក់ព័ន្ធ នឹងករណីលួច ,សមគំនិត ,ទទួលផលចោរកម្ម, កាន់កាប់អាវុធខុសច្បាប់ដោយគ្មានការអនុញ្ញាត, រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នេះបើតាមការអោយដឹងពីនគរបាលខេត្តស្វាយរៀងនាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។
នគរបាលខេត្តស្វាយរៀងបានអោយដឹងថា ជនទាំងនោះមាន១ -ឈ្មោះ ជីម វីរ៉ា ហៅអាទូ ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង (មុខសញ្ញាលួចសកម្ម) ។
២-ឈ្មោះផេង កំសត់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត (មុខសញ្ញាលួចសកម្ម)។
៣-ឈ្មោះ ណន សីហា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងព្រីង ឃុំអង្គព្រះស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។
៤-ឈ្មោះស៊ីន សុភ័ក្ដ្រ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិត្រាំកក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវនិងទី៥ -ឈ្មោះខាន់ ស៊ីនីន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត (មុខសញ្ញាបង្កអុកឡុកក្នុងមូលដ្ឋាន និងជាមុខសញ្ញាលួច)។
ប្រភពដដែលបន្តថា បន្ទាប់ពីទទួលពាក្យបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះជាជនជាតិខ្មែរ មុខរបរបុគ្គលិកសណ្ឋាគារ មានទីលំនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានប្តឹងចោទប្រកាន់ទៅលើក្រុមជនសង្ស័យ ដែលបានធ្វើសកម្មភាពចូលលួចម៉ូតូ(លួចមិនបានសម្រេច) នៅត្រង់ចំនុចបន្ទប់ផ្ទះជួលមួយកន្លែង(ផ្លូវលំផ្ទះសំណាក់មហាជ័យ) ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ហើយត្រូវប្រជាពលរដ្ឋឃាត់ខ្លួនបានជនសង្ស័យម្នាក់ ចំណែកជនសង្ស័យចំនួន០២នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់ ។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតបានចុះទៅដល់កន្លែងហេតុ ក៏ឃើញជនសង្ស័យម្នាក់ក្នុងសភាពរងរបួសមុខ ក្បាល និងមានស្នាមលើដងខ្លួន (ត្រូវប្រជាពលរដ្ឋ
វាយចាប់ចង) រួចសមត្ថកិច្ចយើងនាំជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ជីម វីរ៉ា បានឆ្លើយសារភាពថា ខ្លួននិងបក្សពួកបាននាំគ្នាជិះម៉ូតូមកធ្វើសកម្មភាពលួចម៉ូតូក្នុងក្រុងបាវិត ប្រាកដមែន និងកន្លងមកធ្លាប់ធ្វើសកម្មភាពលួចម៉ូតូផលិតនៅវៀតណាម ដែលគេចតទុកចោលច្រើនដងមកហើយ ។
ដោយទទួលបទបញ្ជាពីលោកអធិការនគរបាលក្រុង កម្លាំងជំនាញ (ព្រហ្មទណ្ឌ-គ្រឿងញៀន) សហការជាមួយប៉ុស្តិ៍នគរបាលបាវិត ប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាសាទ ប្រើវិធានការជំនាញ បាននាំជនសង្ស័យខាងលេីទៅបង្ហាញទីតាំងដែលបក្ខពួកខ្លួនស្នាក់នៅ គឺនៅចំណុចរោងស្នាក់នៅរបស់កម្មករសំណង់ក្នុងបរិវេណក្រុមហ៊ុន អេអាយ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ភ្លាមនោះក្រុមជនសង្ស័យក៏បានរត់គេចខ្លួនចូលព្រៃ តែសមត្ថកិច្ចកិច្ចយើងប្រដេញនិងនិងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៤នាក់ទៀត រួមនឹងវត្ថុតាងសម្ភារ:ម៉ូតូ08គ្រឿង ដាវសាមូរ៉ៃ២ដើម (នៅក្នុងរោងកម្មករ)ដែកអក្សរ T ចំនួន០១,ដែកអក្សរ L ចំនួន០១ .ដង្កាប់ ១ ទួណាវីស១ចាប់យកនៅកន្លែងរោងស្នាក់នៅ) កាំបិតចាក់ច្នៃចំនួន១(ចាប់យកនៅកន្លែងរោងស្នាក់នៅរួមនឹងទូរស័ព្ទដៃចំនួន៥គ្រឿង ហើយធ្វើ
តេស្តរកសារធាតុញៀន ជនសង្ស័យទាំង០៥នាក់ខាងលើ វិជ្ជមានមាន(+) ។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ត្រូវបានឃុំខ្លួនក្នុងពន្ធនាគាររួចហើយ រីឯបក្សពួក សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀត៕

ដោយ៖សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច