ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា យុវជនដែលគប់ និងវាយឡានអ្នកដទៃនៅតំបន់វត្តភ្នំ កាលពីប៉ុន្មានថ្ងៃមុន ត្រូវបានចាប់ខ្លួន៩នាក់ហើយ ក្នុងចំណោមមនុស្សផ្សេងទៀតដែលកំពុងស្រាវជ្រាវចាប់ខ្លួន។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានគូសបញ្ជាក់ថា យុវជនទាំង៩នាក់ដែលត្រូវបានចាប់ខ្លួននេះ មានម្នាក់ជាអ្នកកាច់យកផ្លាកលេខរថយន្ដ។ លោកក៏បានអំពាវនាវ ដល់យុវជនដែលកំពុងរត់គេចខ្លួនជាចុងក្រោយ សូមចូលខ្លួនមកអធិការខណ្ឌដូនពេញ ដើម្បីដោះស្រាយជាពិសេសយុវជនអ្នកបង្កហេតុស្រែកបំផុសមុនគេ កំពុងរត់គេចខ្លួន។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសង្កត់ធ្ងន់ថា ក្រុមយុវជនមួយចំនួនតូចដែលដើរផ្លូវខុសដែលសង្គម និងមហាជនស្អប់ខ្ពើមកែខ្លួនឡើងវិញ ព្រោះគ្រួសារមានវិន័យ ប្រទេសមានច្បាប់ គឺច្បាប់មិនអាចទុកឲ្យជនមួយក្ដាប់តូចបង្កចលាចលក្នុងសង្គមរួចខ្លួនបានទេ។
គួររម្លឹកដែរថា ហេតុការណ៍ពលរដ្ឋដេញគប់រថយន្ត១គ្រឿង ម៉ាកអាវតា០៧ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ បានកើតឡើង គឺនៅវេលាម៉ោង៧៖៣០នាទីយប់ថ្ងៃទី១៦ខែមេសាឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ហេតុការណ៍នេះ កើតឡើងក្រោយករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ជាមួយនឹងម៉ូតូ១គ្រឿង។ក្រោយកើតហេតុនគរបាលខណ្ឌដូនពេញ នាំយករថយន្តនិងអ្នកបើករថយន្តមកកាន់មកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីសួរនាំ។ អ្នកបើករថយន្ត បានឲ្យនគរបាលដឹងថា មុនពេលកើតហេតុខ្លួនបានធ្វើដំណើរលើផ្លូវ៩០កែងនិងផ្លូវស៊ីសុវត្ថិ ហើយបត់ចូលផ្លូវ៩០ ក្នុងទិសដៅពីកើតទៅលិច ហើយក៏ស្ទះចរាចរណ៍ ខណៈនោះក៏មានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥បានបើកប៉ះរថយន្តខ្លួនពីក្រោយ។ ភ្លាមៗខ្លួនក៏ចុះទៅមើលរថយន្ត ដើម្បីសួរនាំប៉ុន្តែពេលនោះម្ចាស់ម៉ូតូមិនឆ្លើយតបឡើយ ឃើញបែបនេះ អ្នកបើករថយន្តខឹងក៏រុញម៉ូតូផ្តួល រួចឡើងរថយន្តបើកចេញពីកន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍។ក្រោយពីម្ចាស់រថយន្តរុញម៉ូតូខ្លួនផ្ដួល និងបើកចេញ ម្ចាស់ម៉ូតូក៏ស្រែករត់ដេញតាមពីក្រោយ បណ្ដាលឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំស្មានថារថយន្តបុកម៉ូតូ ហើយបើករត់ ក៏នាំគ្នាដេញតាម និងយកដុំថ្មគប់រថយន្ត បង្កឲ្យខូចខាតផ្នែកខាងមុខ និងក្រោយ។ ក្នុងហេតុការណ៍ ពលរដ្ឋដែលគប់រថយន្ត សមត្ថកិច្ច ក៏បាបចុះអន្តរាគមន៍ នាំយករថយន្ត និងអ្នកបើកបរចេញពីកន្លែងកើតហេតុ ដើម្បីបញ្ចៀសការកើតមានអំពើហិង្សា៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច