ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់បានធ្វើសកម្មភាពគាស់ជញ្ជាំងហាងលក់សម្លៀមបំពាក់១កន្លែង ក្នុងខណៈដែលម្ចាស់ហាងមិននៅជាប់រវល់ទៅលេងស្រុកកំណើតនាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយលួចបានសម្ភារៈជាច្រើនដែលគិតជាប្រាក់ចំនួន៦ពាន់ដុល្លារ ។ បន្ទាប់មកបាននាំគ្នាគេចខ្លួនបាត់ និងយក
សម្លារៈទាំងនោះទៅលក់យកលុយដើរស៊ីចាយនិងទិញថ្នាំញៀនជក់អស់ លុះរយៈពេល៥ថ្ងៃក្រោយ ក៏ត្រូវនគរបាលខណ្ឌដង្កោធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបាន១នាក់ ចំណែក២នាក់ទៀតកំពុងគេចខ្លួន ។
យោងតាមកាមេរ៉ាសុវត្ថិភាពហេតុការណ៍ខាងលើនោះបានកើតឡើងនៅវេលាម៉ោង០៦និង៤៩នាទីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ នៅក្នុងហាងលក់សំលៀកបំពាក់យីហោ «ហ៊ា សីហា » ដែលមានទីតាំងស្ថិតនៅតាមផ្លូវលេខ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ឆន សុខ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅដីឡូតិ៍គ្មានលេខ ស្ថិតនៅតាមផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជននេះត្រូវនគរបាលឃាត់ខ្លួនបានកាលពីវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ត្រង់ចំណុចដីឡូតិ៍គ្មានលេខខាងលើ និងដកហូតបានវត្ថុតាងឈើជ្រុង១ដើមប្រវែង០,៩០ម៉ែត្រដែលជាឧបករណ៍គាស់ជញ្ជាំងហាងនោះ រីឯបក្ខពួក២នាក់ទៀតឈ្មោះញ៉ាញ់ និងឈ្មោះញ៉ បាននិងកំពុងគេចខ្លួន ។
ដោយឡែកជនរងគ្រោះដែលជាម្ចាស់ហាងឈ្មោះ សុខ សង្ហា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ៧៩ ផ្លូវវ៉េងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បាត់បង់សម្ភារៈរួមមានស្បែកជើងចំនួន១០០គូ ,អាវ ចំនួន២០០,ខោចំនួន១០០,នាឡិកាដៃចំនួន២០គ្រឿង ,មួកកន្តឹបចំនួន១០០ ,កាតាបស្ពាយពីក្រោយ ចំនួន១០ សរុបជាទឹកប្រាក់ចំនួន៦,០០០ ដុល្លារ (ប្រាំមួយពាន់ដុល្លារអាមេរិក) ។
នគរបាលបានប្រាប់ថា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១១និង០០នាទីព្រឹក ជនរងគ្រោះបានបិទហាងលក់សម្លៀកបំពាក់របស់ខ្លួន ដោយបានចាក់សោទ្វារហាងត្រឹមត្រូវ រួចចេញដំណើរទៅលេងស្រុកកំណើតក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅឯខេត្តកំពង់ចាម ។ លុះដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១០និង៣០នាទីព្រឹក ជនរងគ្រោះក៏បានត្រលប់មកដល់ហាងខាងលើវិញ ដើម្បីបើកហាងលក់ដូរ ហើយបានឃើញសោទ្វារហាងនៅចាក់ជាធម្មតា ។
នគរបាលបានឲ្យដឹងបន្តទៀតថា ពេលនោះគាត់ក៏ចាក់ សោបើកទ្វារចូលទៅដល់ខាងក្នុងហាង ស្រាប់តែឃើញសម្ភារៈដែលក្នុងហាងមានសភាពរាយប៉ាយមានស្នាមរើកកាយហើយបាត់សម្ភារៈទាំងអស់ខាងលើក៏បានឆែកកាមេរ៉ាសុវត្ថិភាពមើល ។ ខណៈនោះក៏បានឃើញជន សង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ ភេទប្រុស អាយុប្រហែល២៩ឆ្នាំ បានធ្វើសកម្មភាពកាច់ចម្រឹងជញ្ជាំងចូលលួចសម្ភារៈនៅក្នុងហាង នាវេលាម៉ោង០៦និង៤៩នាទីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ។ ដោយចូលដល់ក្នុងហាងជននោះក៏បានលូកដៃទាញបង្វែរកាមេរ៉ាសុវត្ថិភាពចេញទៀតផង ទើបជនរងគ្រោះធ្វើដំណើរទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ រាយការណ៍ប្រាប់នគរបាល និងដាក់ពាក្យបណ្តឹងដើម្បីឲ្យនគរបាលជួយស្រាវជ្រាវរកជនសង្ស័យឃាត់ខ្លួននាំយកមកធ្វើការសាកសួរនិងចាត់តាមនីតិវិធីច្បាប់ ។
នគរបាលបានបញបញ្ជាក់ឮថា ក្រោយទទួលបានបណ្ដឹងជនរងគ្រោះ លោកវរៈសេនីយ៍ឯកជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ក៏បានបញ្ជាឲ្យលោកវរៈសេនីយ៍ទោជាង ហុកសែ អធិការរងនគរបាលខណ្ឌ ដង្កោ ដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ដង្កោនិងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពនោះ រហូតកំណត់បានអត្តសញ្ញាណជន សង្ស័យ ។ លុះដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៥និង៣០នាទីរសៀល ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆន សុខ នៅត្រង់ចំណុចដីឡូតិ៍គ្មានលេខ ស្ថិតនៅតាមផ្លូវបេតុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចនាំយកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ធ្វើការសាកសួរ ។
នគរបាលបានប្រាប់ឲ្យដឹងបន្ថែមទៀតថា ក្រោយពីការសាកសួរជនសង្ស័យខាងលើបានឆ្លើយសារភាពថា រូបខ្លួន(ឆន សុខ) និងបក្ខពួកចំនួន០២នាក់ទៀត ទី១,ឈ្មោះ ញ៉ាញ់ ភេទប្រុស អាយុប្រមាន៣២ឆ្នាំ និងទី២,ឈ្មោះ ញ៉ ភេទប្រុស អាយុ ប្រមាណ២៧ឆ្នាំ ដែលកំពុងគេចខ្លួន ពិតជាបានធ្វើសកម្មភាពយកឈើជ្រុងគាស់បំបាក់ចម្រឹងដែកជញ្ជាំងហាងខាងលើចូលលួចយកសម្ភារៈមែន ។
ប៉ុន្តែពេលនោះខ្លួនយកបានតែស្បែកជើងចំពាមចំនួន១០គូ ,នាឡិកាដៃ១០គ្រឿង និងកាតាបស្ពាយពីក្រោយចំនួន០១ប៉ុណ្ណោះ រួចយកទៅលក់ឲ្យបុរសម្នាក់មិនស្គាល់ឈ្មោះ អាយុប្រហែល៤៣ឆ្នាំ ។ បន្ទាប់មកទិញបានថ្នាំញៀន១កញ្ចប់ថង់ធំល្មមយកមកជក់អស់ ចំណែកឯឈ្មោះ ញ៉ាញ់ និងឈ្មោះ ញ៉ បានចូលលួចសម្ភារៈនៅក្នុងហាងនោះបន្តទៀតនិងយកបានសម្ភារៈអ្វីផ្សេងទៀតនោះខ្លួនមិនបានដឹងឡើយ ។
ក្រោយពីទទួលបានចម្លើយសារភាពជនសង្ស័យម្នាក់នោះ និងមានការសម្របសម្រួលពីលោក សាន សុភៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យនគរបាលខណ្ឌដង្កោធ្វើការឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ព្រមទាំងបន្តធ្វើការស្រាវជ្រាវរកឃាត់ខ្លួនជន សង្ស័យឈ្មោះញ៉ាញ់ និងឈ្មោះញ៉ ដែលកំពុងគេចខ្លួននោះ ដើម្បីចាត់ការតាមផ្លូវច្បាប់នៅពេលក្រោយទៀត ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច