ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល៣ស្រុកសហការគ្នាបង្ក្រាបទាន់ពេល! ជន សង្ស័យគ្រឿងញៀន ២នាក់ នៅស្រុកសាមគ្គីមុនីជ័យ ដកហូតវត្ថុតាងជាច្រើន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងនៅថ្ងៃទី២៣ខែមេសានេះថា អនុវត្តតាមបទបញ្ជា និងការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងសម្របសម្រួលនីតិវិធីពីលោកសុិន វិរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន (ស្តីទី) កម្លាំងសមត្ថកិច្ចបានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនយ៉ាងសកម្ម។

ប្រភពបានឱ្យដឹងថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៣:៥០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង,ស្រុកសាមគ្គីមនីជ័យ និងស្រុកអង្គស្នូល ខេត្តកណ្តាល បានចុះបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធគ្រឿងញៀន នៅចំណុចភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមនីជ័យ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ រួមមាន៖ ១. ឈ្មោះ គឹម ស៊ីណា ហៅ សេ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅខេត្តកណ្តាល និង២. ឈ្មោះ សឺន វណ្ណដេត ហៅ ដេត ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅខេត្តកណ្តាល។

ជាលទ្ធផល សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៤កញ្ចប់មធ្យម ទូរស័ព្ទចំនួន ២គ្រឿង និងម៉ូតូ ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕


ចែករំលែក៖