ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្រពន្ធដើរលេងជាមួយប្ដីដើម កាប់របួសធ្ងន់រួចបង្ហូរសាំងម៉ូតូ ប្រុងដុតសម្លាប់ទាំងកូនៗចុង និងខ្លួនឯងទៀត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានទូរសព្ទសួរប្រពន្ធដែលទើបនិងសែនព្រេនជាមួយមួយគ្នាបានរយៈពេល៣ខែប៉ុណ្ណោះថា កំពុងនៅឯណា?ប្រពន្ធប្រាប់ថា កំពុងនៅជាមួយអតីតប្ដីដើម ជាហេតុធ្វើឲ្យបុរសនោះផ្ទុះភ្លើងប្រច័ណ្ឌនិងខឹងយ៉ាងខ្លាំង ។ លុះថ្ងៃបន្ទាប់ ខណៈប្រពន្ធកំពុងដេកក្នុងបន្ទប់ជួល បុរសនោះក៏បានយកកាំបិតបុ័ងតោកាប់ប្រហារនាងទាំងកំរោល ប៉ងសម្លាប់ចោល ប៉ុន្តែត្រូវបាន កូនៗរបស់នាង២នាក់រួមទាំងកូនប្រសារជួយទាន់ ទើបមិនស្លាប់ ប៉ុន្តែរងរបួសធ្ងន់ ។

បន្ទាប់មកបុរសនោះបានបិទទ្វារបន្ទប់ជួលខ្ទាស់គន្លឹះខាងក្នុង រួចបង្ហូរប្រេងសាំងពីបេនម៉ូតូប៉ងដុតសម្លាប់ទាំងប្រពន្ធ ទាំងកូនចុង កូនប្រសារ និងខ្លួនឯងថែមទៀតផង តែត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោជួយអន្តរាគមន៍ទាន់ពេលវេលា និងឃាត់ខ្លួនបុរសកំណាចរូបនោះនាំទៅសួរនាំនិងចាត់ការតាមច្បាប់តែម្ដង នេះបើតាមការប្រាប់ឲ្យដឹងពីសមត្ថកិច្ច ។

ហេតុការណ៍ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅបន្ទប់ផ្ទះជួល ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បុរសដែលជាជនដៃដល់ខាងលើ ឈ្មោះ ប៉ែន ស៊ីណាត អាយុ៤០ឆ្នាំមុខរបរជាងកញ្ចក់ ចំណែកស្ត្រីជាប្រពន្ធឈ្មោះ ស៊ឹម គឹមរស់ អាយុ៣៦ឆ្នាំរងរបួសក្បាលធ្ងន់ធ្ងរ ហើយអ្នកទាំងពីរ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ប្ដីប្រពន្ធ១គូនេះទើបតែយកគ្នាជាប្ដីប្រពន្ធបានរយៈពេល៣ខែប៉ុណ្ណោះ ដោយមិនបានរៀបការត្រឹមត្រូវនោះទេ គឺបានត្រឹមតែសែន ព្រេនតែប៉ុណ្ណោះ ដោយនាងជាប្រពន្ធជាស្រីមេម៉ាយកូន២នាក់ និងបានលែងលះប្ដី ចំណែកបុរសនោះមិនទាន់ដឹងពីប្រវត្តិពិតនៅឡើយទេ ។ ដោយឡែកកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នាងជាប្រពន្ធបានទៅដើរលេងជាមួយអតីតប្ដីមុន ហើយពេលបាត់មិនឃើញប្រពន្ធបុរសជាជនដៃដល់(ប្ដីចុង)ខាងលើបានទូរសព្ទសួរថាកំពុងនៅឯណា? ពេលនោះនាងប្រាប់ថាកំពុងដើរលេងជាមួយអតីតប្ដី ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្តថា ក្រោយពេលបានឮបែបនេះ បានធ្វើឲ្យបុរសនោះផ្ទុះកំហឹងនិងប្រច័ណ្ឌយយ៉ាងខ្លាំង ។ លុះដល់ព្រឹកថ្ងៃកើតហេតុខណៈនាងជាប្រពន្ធកំពុងដេក ស្រាប់តែបុរសនោះយកកាំបិតបុ័ងតោកាប់ទាំងកំរោល ប៉ុនប៉ងផ្ដាច់ជីវិតតែម្ដង ប៉ុន្តែត្រូវបាន កូនៗរបស់ប្រពន្ធ២នាក់និងកូនប្រសារម្នាក់ជួយទាន់ ។ បន្ទាប់មកបុរសនោះបានបានបិទទ្វារផ្ទះខ្ទាស់គន្លឹះពីខាងក្នុង ហើយបង្ហូរប្រេងសាំងពីបេនម៉ូតូប៉ងដុតសម្លាប់ទាំងប្រពន្ធ ទាំងកូនចុងនិងកូនប្រសារព្រមទាំងខ្លួនឯងថែមទៀត តែត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោទទួលដំណឹងបានរហ័សនិងចេញជួយអន្តរាគមន៍បានទាន់ពេលវេលា ។

ប្រភពបានបញ្ជាក់ថា ពេលនោះនគរបាលបានធ្វើការឃាត់ខ្លួនបុរសនោះនាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសួរនាំនិងចាត់ការតាមច្បាប់ ចំណែកស្ត្រីជាប្រពន្ធត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី)៕


ចែករំលែក៖