ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» ប្រធានក្លឹបអ្នកកាសែតកម្ពុជាលើកឡើងថា វិស័យព័ត៌មានរវាងកម្ពុជា និងចិន បាននិងកំពុងមានការរីកចម្រើនយ៉ាងខ្លាំងក្លា តាមរយៈការបង្កើនសកម្មភាពផ្លាស់ប្តូរព័ត៌មាន និងការរៀបចំកម្មវិធីទស្សនកិច្ចសិក្សារវាងអ្នកសារព័ត៌មាននៃប្រទេសទាំងពីរ។
លោកពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានរវាងកម្ពុជា និងចិន មានសន្ទុះកើនឡើងយ៉ាងខ្លាំង។ ក្នុងនោះ ក្លឹបអ្នកកាសែតកម្ពុជាបានដើរតួនាទីយ៉ាងសកម្មក្នុងការទទួលយកព័ត៌មានពីភាគីចិនមកផ្សព្វផ្សាយនៅកម្ពុជា។ ទន្ទឹមនឹងនោះ ព័ត៌មានពីកម្ពុជាក៏ត្រូវបានភាគីចិនយកទៅផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ប្រជាជនចិនវិញផងដែរ។
លោកថា ៖ « ជាក់ស្តែងប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំតែងតែដឹកនាំគណៈប្រតិភូអ្នកសរព័ត៌មានកម្ពុជាដោយផ្ទាល់ទៅកាន់ប្រទេសចិនកិច្ចសហប្រតិបត្តិការជាមួយសមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិន ដែលមានសមាជិកដ៏ច្រើនលើសលប់រហូតដល់ជាង ១ លាននាក់។ក្រៅពីទស្សនកិច្ច ក៏មានការរៀបចំវេទិកាផ្សេងៗដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងផ្សព្វផ្សាយពីចំណុចវិជ្ជមាននៃប្រទេសទាំងពីរ ជាពិសេសលើផ្នែកវប្បធម៌ និងទេសចរណ៍ជាដើម»។
តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ ក្លឹបអ្នកកាសែតកម្ពុជានឹងបន្តពង្រឹងយន្តការការងារជាមួយភាគីចិន ដើម្បីធានាថាព័ត៌មានពិត និងសក្តានុពលជាក់ស្តែងរបស់ប្រទេសទាំងពីរ ត្រូវបានជ្រាបទៅដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅ។
ក្នុងឱកាសអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សហគមន៍សារព័ត៌មានក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងការពារសន្តិភាព។
ក្នុងសារលិខិតសម្តេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់តម្លៃខ្ពស់លើសេរីភាពសារព័ត៌មាន ដោយចាត់ទុកវិស័យនេះជាដៃគូមិនអាចខ្វះបានក្នុងការជំរុញអភិបាលកិច្ចល្អ។ ក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះនឹងការប្រែប្រួលបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) សម្តេចបានរំលឹកដល់អ្នកសារព័ត៌មានឱ្យបង្កើនសមត្ថភាព និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលបង្កគ្រោះថ្នាក់ដល់សង្គម៕

ប្រភព ៖ (CCFR)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច