ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមក្មេងទំនើងជិះម៉ូតូរកធាក់ប្លន់តាមផ្លូវជាតិលេខ៣ ត្រូវនគរបាលដេញឃាត់ខ្លួនបាន ២នាក់ និងរត់គេចខ្លួន ២នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យ ២នាក់ ក្នុងចំណោមបក្ខពួក ៤នាក់ ដែលបានរៀបចំផែនការជិះម៉ូតូដើរធាក់ប្លន់យកម៉ូតូប្រជាពលរដ្ឋតាមដងផ្លូវ ត្រូវបានកម្លាំងនគរបាលដេញតាមឃាត់ខ្លួនបានសម្រេច បន្ទាប់ពីពួកគេបានប្រើដងឆ័ត្រវាយតបតមកលើសមត្ថកិច្ចក្នុងពេលរត់គេចខ្លួន។ ករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោសនេះ បានកើតឡើងកាលពីម៉ោង ២ និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី៣ ឧសភា ២០២៦ ស្ថិតនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១ឈ្មោះ កែវ សំណាងហៅង៉ោល ភេទប្រុស អាយុ១៨ឆ្នាំ និងទី២ ឈ្មោះ សុន ណៃស៊ីង ភេទប្រុស អាយុ១៥ឆ្នាំ ដោយអ្នកទាំងពីរគ្មានផ្ទុកសារធាតុញៀនក្នុងទឹកនោមឡើយ និងមានមុខរបរមិនពិតប្រាកដ។ ចំណែកបក្ខពួក ២នាក់ទៀត ដែលបានរត់គេចខ្លួនឈ្មោះ ឡុង (ប្រុស) និងឈ្មោះ ប្រុស រ៉ាឌីន ភេទប្រុស អាយុ១៧ឆ្នាំ។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួម មានម៉ូតូ ២គ្រឿង គឺម៉ាក Honda Dream C125 ពណ៌ ខ្មៅគ្មានផ្លាកលេខ និងម៉ាក SUZUKI NEX ពណ៌ទឹក មាស ពាក់ផ្លាកលេខ ភ្នំពេញ 1HR-1948 ព្រមទាំងទូរស័ព្ទដៃម៉ាក iPhone ពណ៌ខ្មៅ ១គ្រឿង និងផ្លាកលេខម៉ូតូ ភ្នំពេញ 1JV-3706 ចំនួន ១សន្លឹក។

ប្រភពសមត្ថកិច្ចបានបន្តថា កាលពីយប់ថ្ងៃទី២ ឧសភា ២០២៦ ក្រុមជនសង្ស័យបានណាត់ជួបគ្នា និងប្រមូលបក្ខពួក រួចឈ្មោះ ឡុង បានបបួលគ្នាជិះម៉ូតូទៅរកកាប់ប្លន់យកម៉ូតូប្រជាពលរដ្ឋនៅតាមផ្លូវជាតិលេខ៣។ ពេលជិះហួសស្ពានអាកាសចោមចៅ ពួកគេបានឈប់ម៉ូតូប្ដូរគ្នាជិះ ហើយជនសង្ស័យឈ្មោះ ប្រុស រ៉ាឌីន បានរើសយកដងឆ័ត្រនៅតាមផ្លូវកៀបនឹងភ្លៅសម្រាប់ធ្វើជាអាវុធ។ លុះជិះដល់ម្ដុំវត្តស្លែង ពួកគេបានជួបក្រុមក្មេងទំនើងមួយទៀតមានគ្នាប្រមាណ ២០នាក់ ជិះម៉ូតូ ១៥គ្រឿង ដេញវាយក្រុមខ្លួន ទើបពួកគេជិះរត់គេចមកសម្ងំនៅម្ដុំកន្លែងកើតហេតុខាងលើ។

ប្រភពបញ្ជាក់ទៀតថា មួយសន្ទុះក្រោយមកពេលក្រុមជនសង្ស័យជិះម៉ូតូបម្រុងត្រឡប់ទៅរាជធានីភ្នំពេញវិញ ក៏បានជួបជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ រមៀតកំពុងល្បាត។ ដោយមានការ សង្ស័យកម្លាំងប៉ុស្តិ៍បានជិះម៉ូតូដេញតាមសួរនាំ តែក្រុមជនសង្ស័យបានព្យាយាមជិះរត់គេច និងបានយកដងឆ័ត្រវាយមកលើសមត្ថកិច្ចថែមទៀត។ ភ្លាមនោះ ជនសង្ស័យបានផ្ដួលម៉ូតូរត់គេចខ្លួន ប៉ុន្តែត្រូវកម្លាំងនគរបាលឃាត់ខ្លួនបានម្នាក់ឈ្មោះ កែវ សំណាង។ លុះដល់ថ្ងៃទី៣ ឧសភា ២០២៦ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ស្រាវ ជ្រាវឈានដល់ការឃាត់ខ្លួនបក្ខពួកម្នាក់ទៀតឈ្មោះ សុន ណៃស៊ីង យកមកសួរនាំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួន និងបក្ខពួកពិតជាបានរៀបចំផែនការប៉ុនប៉ងវាយប្លន់យកម៉ូតូគេពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ដោយ៖ សូរិយា


ចែករំលែក៖