ព័ត៌មានទាន់ហេតុការណ៍៖

គម្រោងចិញ្ចឹមមាន់ស្រែសម្រាប់ ជួយស្តារ ជីវភាព ជនភៀសសឹកចំនួន៣ខេត្ត ត្រូវបានពង្រឹងបណ្ដើៗហើយ 

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងកសិកម្ម និងអាជ្ញាធរខេត្តព្រះវិហារបានបញ្ជាក់ពីការអនុវត្តគម្រោងចិញ្ចឹមមាន់ស្រែ សម្រាប់ជួយដល់ជនភៀសសឹកដែលកំពុងរស់នៅតាមទីតាំងបណ្តោះអាសន្ន សំដៅយ៉ាងណាជួយលើកស្ទួយជីវភាពរបស់ពួកគាត់។

លោក ឃឹម ហ្វីណង់ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាតារយៈកិច្ចសហការដៃគូក្នុងនេះក្រសួងកសិកម្ម និងអាជ្ញាធរខេត្តព្រះវិហារកំពុងផ្សព្វផ្សាយពីគម្រោងចិញ្ចឹមមាន់ស្រែជាសហគមន៍ ដើម្បីជួយស្តារជីវភាពដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅក្នុងទីតាំងជម្រកបណ្ដោះអាសន្ននៃខេត្តព្រះវិហារ។គម្រោងនេះនឹងជួយដោះស្រាយបញ្ហាជាបន្ទាន់ ដើម្បីជួយដល់បងប្អូនជនភៀស សឹកចំនួន៣ខេត្តគឺ ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ។

តាមរយៈសមាសធាតុឆ្លើយតបនឹងស្ថានភាពអាសន្ន(CERC) នៃគម្រោងពិពិធកម្ម (CASDP) ដែលជាគម្រោងរបស់ក្រសួងកសិកម្ម ក្រសួងកសិកម្មនឹងផ្តល់ជួយការគាំទ្រគ្រប់ជ្រុងជ្រោយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងតំបន់នេះ ទាំងលើការបង្ហាត់បង្រៀនបច្ចេកទេស ដើមទុនចំណាយលើការចិញ្ចឹម និងការភ្ជាប់ទីផ្សារទុកជាមុន ដើម្បីអាចចាប់យកមុខរបរចិញ្ចឹមមាន់ស្រែនេះបាន។ តាមរយៈគម្រោងនេះ នឹងមានការគាំទ្រដល់ជនភៀសសឹកមួយចំនួនដូចជា៖ផ្តល់ទ្រុងចិញ្ចឹមមាន់ស្តង់ដាចំនួន១, ពូជកូនមាន់ស្រែអាយុ២១ថ្ងៃចំនួន ១០០ក្បាល, ការគាំទ្រវ៉ាក់សាំងការពារជំងឺ,ចំណីសម្រាប់ចិញ្ចឹមមាន់មួយវគ្គដំបូង,ការបណ្តុះបណ្តាលបច្ចេកទេស និងការចុះតាមដានជាប់ជាប្រចាំ។

ជាមួយនឹងការអនុវត្តគម្រោងនេះដែរ លោក ឃឹមហ្វីណង់ បានឱ្យដឹងថា នៅពេលការចិញ្ចឹមបានផលមកនោះគម្រោងនឹងធានាប្រមូលទិញយកវិញពេល ក្នុងតម្លៃសមរម្យផងដែរ ៕

ដោយ៖សំរិត


ចែករំលែក៖