ខេត្តមណ្ឌលគិរី ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីម្នាក់ ដែលគេដឹងថា ជាមនុស្សសកម្មក្នុងការស្វែងរកកញ្ចប់ឲ្យថ្នាក់លើរបស់ខ្លួនរងការចោទថា បានធ្វើជាខ្នងបង្អែកយ៉ាងរឹងមាំឲ្យសង្វៀនជល់មាន់មួយកន្លែងដែលមានទីតាំងនៅខាងក្រោយបន្ទាយទាហានស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
មន្ត្រីដែលគេស្គាល់ឈ្មោះ ប៊ុន សុភារិទ្ធ មានតួនាទីជានាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យារូបនេះ ត្រូវគេរាយការណ៍ថា តែងតែបង្ហាញមុខនៅក្នុងសង្វៀនដែលមានអាយុច្រើនខែមកហើយនេះ ដើម្បីផ្ដល់ភាពកក់ក្ដៅឲ្យអ្នកលេង ។ (រូបក្នុងរង្វង់មូលគឺឈ្មោះ ប៊ុន សុភារិទ្ធ ដែលគេថតបានកាលពីដើមសប្តាហ៍នេះ) ។
លោក ប៊ុន សុភារិទ្ធ ត្រូវបានគេបញ្ជាក់ថា មិនត្រឹមតែជាអ្នកប្រមូលកញ្ចប់ប្រចាំខែក្នុងខេត្តឲ្យមេប៉ុណ្ណោះទេ គាត់ក៏មានរថយន្តទំនើប៣-៤គ្រឿងជួលឲ្យចិនស្គេមអនឡាញផងដែរ ។ ប៉ុន្តែពាក់ព័ន្ធបញ្ហានេះ នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោក ប៊ុន សុភារិទ្ធ បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន (នគរវត្ត) យ៉ាងដូច្នេះថា , ខ្ញុំមិនមានឡានសម្រាប់ជួលឲ្យចិន ឬដឹកចិននោះទេ។ មានតែឡានរបស់កូនខ្ញុំ គាត់ជាអ្នករត់តាក់ស៊ី ដូច្នេះជាធម្មតាអ្នករត់តាក់ស៊ី គាត់ដឹកទាំងអស់ឲ្យតែភ្ញៀវ មិនគិតថាខ្មែរ ឬចិននោះទេ ។ លោកបន្តថា , អ្នករត់តាក់ស៊ី ម៉ាស្រុកខ្មែរ គឺគេដឹកភ្ញៀវដូចតែគ្នា ដូច្នេះអ្នកណាដែលនិយាយថាខ្ញុំជួលរថយន្តឱ្យចិនបើកស្គេមអនឡាញ នោះគឺជារឿងមិនពិត អាចគេធ្វើបាប ឬមានបំណងអាក្រក់ណាមួយមកលើខ្ញុំ។
ដោយឡែកពាក់ព័ន្ធក្នុងករណី ដែលគេចោទប្រកាន់ទៅលើលោក ប៊ុន សុភារិទ្ធ ថាជាអ្នកកាងកន្លែងសង្វៀនបញ្ជល់មាន់ ! លោកបានបញ្ជាក់ថា , ខ្ញុំទទួលស្គាល់ថាខ្ញុំពិតជាបានទៅមើលកន្លែងជល់មាន់នោះមែន ប៉ុន្តែខ្ញុំមិនមែនជាអ្នកកាងបនល្បែងដូចគេចោទប្រកាន់នោះឡើយ។
បើតាមការបង្ហើបពីមន្ត្រីខ្លះ បានឱ្យដឹងថា លោក ប៊ុន សុភារិទ្ធ ជាអ្នកមានឥទ្ធិពលមួយរូប រហូតដល់គេថាគាត់ ជាអ្នកប្រមូលសេដ្ឋកិច្ច ក្នុងនោះក៏បានប្រើប្រាស់ជនស៊ីវិល ឱ្យប្រមូលប្រាក់ពីបទល្មើសព្រៃឈើ នៅចំណុចទីតាំងព្រំប្រទល់ខេត្តមណ្ឌលគិរីនិងខេត្តក្រចេះ។ ទោះបីជាមានការលើកឡើងបែបនេះក៏ដោយ លោក ប៊ុន សុភារិទ្ធ បានរៀបរាប់ថា , សួរគេនៅខេត្តមណ្ឌលគិរីទៅ គឺខ្ញុំមិនបានប្រព្រឹត្តដូចការលើកឡើងទាំងនោះឡើយ។ សព្វថ្ងៃខ្ញុំមានតែជួលទីតាំងកន្លែងឲ្យប្រពន្ធលក់ដូរ ដើម្បីចិញ្ចឹមជីវិតតែប៉ុណ្ណោះ។ ក្នុងនោះសូម្បីតែរថយន្តក៏គ្មាន គឺមានតែរថយន្តប៉ាសេរ៉ូកញ្ចាស់មួយគ្រឿង សម្រាប់ជិះធ្វើការតែប៉ុណ្ណោះ។ ទោះជាលោក ប៊ុន សុភារិទ្ធ លើកឡើងបែបនេះក៏ដោយ ! មានអ្នកខ្លះដឹងថា , គាត់(ប៊ុន សុភារិទ្ធ) មានរថយន្តជាច្រើនគ្រឿង ដោយឡែករថយន្តប៉ាសេរ៉ូនោះ ជារថយន្តសម្រាប់បើកចូលព្រៃ ប្រមាញ់បទល្មើសព្រៃឈើតែប៉ុណ្ណោះ៕

ដោយ៖សុខ ខេមរា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច