ភ្នំពេញ ៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ប្រជាជនកម្ពុជាពិតជាមានប្រាជ្ញាស្មារតី និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជម្នះរាល់ការលំបាកទាំងឡាយ ដើម្បីបន្តសរសេរទំព័រប្រវត្តិសាស្ត្រថ្មី នៃការស្តារឡើងវិញដ៏រុងរឿងនៃប្រជាជាតិខ្មែរ។
តាមរយៈបណ្តាញសង្គមផ្លូវការ នៅថ្ងៃទី២៧ ខែឧសភា លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានរៀបរាប់ថា «យោងតាមស្ថិតិរបស់ធនាគារពិភពលោក បានបង្ហាញថា ក្នុងរយៈពេល ៣០ឆ្នាំ គឺឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៤កន្លងមកនេះ ទំហំសេដ្ឋកិច្ចសរុបរបស់កម្ពុជាបានកើនឡើង ១៥,៦ដង ហើយអត្រាកំណើនសេដ្ឋកិច្ចគឺស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន ដែលនេះជាសមិទ្ធផលអភិវឌ្ឍន៍ដ៏គួរឱ្យកត់សម្គាល់បំផុត។ យើងខ្ញុំជឿជាក់ថា ក្រោមព្រះម្លប់ដ៏ត្រជាក់នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រជាជនកម្ពុជាពិតជាមានប្រាជ្ញាស្មារតី និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជម្នះរាល់ការលំបាកទាំងឡាយ ដើម្បីបន្តសរសេរទំព័រប្រវត្តិសាស្ត្រថ្មី នៃការស្តារឡើងវិញដ៏រុងរឿងនៃប្រជាជាតិខ្មែរ»។
ការលើកឡើងនេះ ក្នុងពេលឯកឧត្តម អបអរសាទរយ៉ាងកក់ក្តៅ ចំពោះការបើកដំណើរការជាផ្លូវការនៃរោងចក្រផលិតកៅស៊ូរបស់ក្រុមហ៊ុន Mainland Group នៅកម្ពុជា។កាលពីខែមុន គម្រោងវារីអគ្គិសនីបូមទឹកស្តុកទឹកទុកតាតៃលើ ដែលវិនិយោគនិងសាងសង់ដោយក្រុមហ៊ុន ចិន ព្រមទាំងដំណាក់កាលទី២នៃគម្រោងគ្រប់គ្រងធនធានទឹកហ្វូណនតេជោ ដែលជាកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា ត្រូវបានបើកការដ្ឋានសាងសង់ជាបន្តបន្ទាប់។ភាគីចិននឹងបន្តគាំទ្រយ៉ាងរឹងមាំដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា ដូចដែលធ្លាប់បានធ្វើកន្លងមក ចិននឹងធ្វើជាដៃគូដ៏គួរឱ្យទុកចិត្តរបស់ភាគីកម្ពុជាជានិច្ច៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច