ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអភិបាល និងស្នងការខេត្តថ្មី យកចិត្តទុកដាក់បំពេញភារកិច្ចស្នូល ពិសេសការងារបោសសម្អាត Online Scams

ចែករំលែក៖

ក្នុងពិធីប្រកាស ឯកឧត្តម គង់ គឹមនី ជាអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកវរសេនីយ៍ឯក ជា ចិត្រា ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៨ ខែឧសភានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ជាថ្មីទៀតអំពីភាពចាំបាច់ នៃការពង្រឹងកិច្ចប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កិច្ចប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាការប្ដេជ្ញាចិត្តដ៏អាទិភាពខ្ពស់បំផុត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃម៉ឺងម៉ាត់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទន្ទឹមគ្នានិងកិច្ចការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិ។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ណែនាំ ឯកឧត្តមអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្តមណ្ឌលគិរី ដែលទើបចូលកាន់តំណែង និងក៏ដូចគ្នាដែរអភិបាល រាជធានី ខេត្ត ស្នងការនគរបាលរាជធានី ខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ ជាអាទិ៍ អនុវត្តអនុក្រឹត្យលេខ០៣ បទបញ្ជាលេខ០១ និងជាពិសេស គឺច្បាប់ស្ដីពីការប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តរំលឹកអង្គពិធី អំពីភាពចាំបាច់ និងសារៈសំខាន់នៃការអនុវត្ត គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដែលថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់មូលដ្ឋាន ត្រូវចាត់ទុកថាជាយន្តការ និងជាគោលការណ៍គ្រឹះ ត្រូវរួមគ្នាអនុវត្តឱ្យបានសកម្ម និងមានប្រសិទ្ធភាព រួមមាន ១.ផ្តល់សេវាសាធារណៈ និងទទួលបានជំនឿទុកចិត្ត ២. គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើស គ្រប់ប្រភេទ ៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តីនិងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង ៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព ៦. មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ និងទី៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនិងរាល់ជំងឺឆ្លងរាតត្បាត កាចសាហាវប្រកបដោយប្រសិទ្ធភាព។ ៧ចំណុចនេះ គឺជាភារកិច្ចចម្បងបំផុតដែលត្រូវតែអនុវត្តជាដាច់ខាត ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា ការប្រកាសចូលកាន់មុខតំណែងនេះ គឺជាការអនុវត្តស្របតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល និងស្របទៅតាមតម្រូវការចាំបាច់។ ឯកឧត្តមអភិសន្តិបណ្ឌិត បញ្ជាក់ទៀតថា ការផ្លាស់ប្ដូរនេះ គឺជារឿងធម្មតាក្នុងជីវភាពមន្ត្រីរាជការ ក្នុងគោលដៅធានាបាននូវនិរន្តរភាព និងប្រសិទ្ធភាពជាងមុន លើការដឹកនាំ គ្រប់គ្រង ការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ តាមរយៈការរួមចំណែកអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលឱ្យសម្រេចបានជោគជ័យ។

ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងផ្ដល់ការលើកទឹកចិត្ត ចំពោះស្នាដៃសមិទ្ធផល ដែលសម្រេចបានកន្លងមកក្នុងខេត្តមណ្ឌលគិរី ក្រុមការដឹកនាំរបស់ឯកឧត្តម ថង សាវុន និងស្នងការដ្ឋាននគរបាល ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានផ្ដល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំថ្មីទាំងពីរ ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្រប់តួអង្គពាក់ព័ន្ធ និងបន្តកិច្ចសហការល្អជាប្រក្រតី ជាមួយបណ្តាខេត្តជាប់ព្រំដែន សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅតាមតំបន់ព្រំដែនឱ្យកាន់តែរីកចម្រើន ព្រមទាំងបង្កើនការផ្លាស់ប្តូរទំនាក់ទំនង និងការជួយគ្នាទៅវិញទៅមក ដើម្បីប្រែក្លាយព្រំដែនឱ្យទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ៕


ចែករំលែក៖