ខេត្តមណ្ឌលគិរី ៖ កម្លាំងនគរបាលស្រុកកែវសីមា បានឃាត់ខ្លួនក្រុមក្មេងប្រុសជាសិស្សសាលាចំនួន ៦នាក់ ពាក់ព័ន្ធករណីលួចទុរេនរបស់ប្រជាពលរដ្ឋដែលដាក់លក់តាមដងផ្លូវ ក្នុងឃុំស្រែខ្ទុម កាលពីថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២៦ ក្រោយពីម្ចាស់ទុរេនបានដាក់ពាក្យបណ្តឹងនៅថ្ងៃទី១១ មិថុនា។
អ្វីដែលធ្វើឱ្យហួសចិត្តនោះគឺ ក្រុមក្មេងៗបានសារភាពប្រាប់សមត្ថកិច្ចថា មូលហេតុដែលលួច គឺមកពីទុរេនមានក្លិនឈ្ងុយទាក់ទាញពេក ឯខ្លួនឯងគ្មានលុយទិញ ទើបសម្រេចចិត្តលួចយកទៅពុះចែកគ្នាហូបយកតែ ម្តង។ ហេតុការណ៍នេះកើតឡើងនៅក្នុងភូមិសាស្ត្រឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២៦ ក្រោយម្ចាស់ទុរេនបានបង្ហោះរឿងរ៉ាវដែលក្រុមក្មេងៗលួចទុរេនដែលខ្លួនដាក់លក់តាមដងផ្លូវនៅលើបណ្តាញសង្គមហ្វេសប៊ុក ហើយលុះដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ជនរងគ្រោះក៏បានសម្រេចចិត្តមកដាក់ពាក្យបណ្ដឹងជាផ្លូវការនៅប៉ុស្តិ៍នគរបាល។
ក្រោយទទួលបានបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកែវសីមា បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់អត្តសញ្ញាណ និងនាំខ្លួនក្រុមក្មេងប្រុសទាំង ៦នាក់ មកធ្វើការសាកសួរ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ។
សិស្ស១ក្រុមដែលត្រូវឃាត់ខ្លួនខាងលើរួមមាន ១-ឈ្មោះ យ.ផ.រ ភេទប្រុស អាយុ១៥ឆ្នាំ រៀនថ្នាក់ទី៨,២-ឈ្មោះ អ.ព ភេទប្រុស អាយុ១៣ឆ្នាំ ឈប់រៀនទី៦,៣-ឈ្មោះ ឆ.រ.ធ ភេទប្រុស អាយុ១៥ឆ្នាំ,៤-ឈ្មោះ រ.ម.ន ភេទ ប្រុស អាយុ១៦ឆ្នាំ រៀនថ្នាក់ទី៨,៥-ឈ្មោះ រ.ដ.វ ភេទ ប្រុស អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៨ និង៦-ឈ្មោះ ឡ.ដ.វ ភេទប្រុស អាយុ១៧ឆ្នាំ រៀនថ្នាក់ទី៨។
ដោយសារតែពួកគេនៅជាអនីតិជន និងជាសិស្ស ក្រោមការណែនាំពីលោកស្នងការខេត្ត និងសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម បានត្រឹមតែធ្វើការអប់រំណែនាំ ឱ្យធ្វើកិច្ចសន្យាបញ្ឈប់ទង្វើមិនល្អនេះ និងបានហៅអាណាព្យាបាលមកធ្វើលិខិតធានាដើម្បីនាំយកទៅអប់រំបន្តនៅផ្ទះ។
សមត្ថកិច្ចក៏បានអំពាវនាវដល់បងប្អូនអាណាព្យាបាលទាំងអស់ ត្រូវជួយណែនាំកូនចៅបន្ថែម ដើម្បីចៀសវាងការប្រព្រឹត្តខុសឆ្គងបែបនេះបន្តទៀត៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច