ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើកំណត់ទូតជាថ្មីម្តងទៀត ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ទៅកាន់ភាគីថៃ ដោយស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែងឱ្យបានឆាប់បំផុត

ចែករំលែក៖

ភ្នំពេញ៖ ថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថាថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូននូវព័ត៌មានសំខាន់ៗដែលមានដូចតទៅ៖

ទី១៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី១៧ មិថុនានេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ដើម្បីប្រារព្ធខួបទី៣៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្សី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី តបតាមការអញ្ជើញរបស់ ប្រធានាធិបតី វ្លាឌីមៀ ពូទីន។ កិច្ចប្រជុំកំពូលនេះ គឺជាកាលានុវត្តភាពដ៏សំខាន់ក្នុងការកំណត់ទិសដៅជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី។

ថ្នាក់ដឹកនាំក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួមដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់និងក្រៅតំបន់។ សម្តេចនាយករដ្ឋមន្ត្រីក៏នឹងចូលរួមព្រឹត្តិការណ៍អមផ្សេងៗ ព្រមទាំងមានជំនួបទ្វេភាគីមួយចំនួនទៀត ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពហុភាគី ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្តល់ផលប្រយោជន៍រួមនិងអត្ថប្រយោជន៍ទៅវិញទៅមក។

ទី២៖ គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើកំណត់ទូតជាថ្មីម្តងទៀត ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ទៅកាន់ភាគីថៃ ដោយស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែងឱ្យបានឆាប់បំផុត។ កំណត់ទូតថ្មីនេះបានធ្វើឡើងបន្ទាប់ពីគណៈកម្មការ JBC ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាច្រើនលើករួចមកហើយទៅកាន់គណៈកម្មការ JBC ភាគីថៃ ប៉ុន្តែ ភាគីថៃបានស្នើសុំលើកពេលជាបន្តបន្ទាប់ ក្រោមហេតុផលដូចជា៖ បំពេញនីតិវិធីផ្ទៃក្នុង រង់ចាំការបោះឆ្នោតថ្នាក់ជាតិ រង់ចាំការតែងតាំងនាយករដ្ឋមន្ត្រីថ្មី រង់ចាំការបោះឆ្នោតជ្រើសតាំងគណៈរដ្ឋមន្ត្រីថ្មី និងរង់ចាំការអនុម័តដោយគណៈរដ្ឋមន្ត្រីថៃអំពីការតែងតាំងប្រធាននិងសមាសភាពថ្មីនៃគណៈកម្មការ JBC ភាគីថៃ។

ការអូសបន្លាយពេលវេលានៃការតែងតាំងប្រធាននិងសមាសភាព JBC ថ្មី និងការមិនចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែង គឺផ្ទុយនឹងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលផ្តល់អាទិភាពខ្ពស់បំផុតដល់គណៈកម្មការ JBC ក្នុងការបន្តចុះវាស់វែងនិងខណ្ឌសីមាលើដីជាក់ស្តែងឱ្យបានឆាប់បំផុត ព្រមទាំងអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញក្នុងពេលឆាប់បំផុតដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ប៉ុន្តែ លើដីជាក់ស្តែង ភាគីថៃបាននិងកំពុងបន្តកាន់កាប់ទឹកដីកម្ពុជា និងធ្វើសកម្មភាពដោយខុសច្បាប់ក្នុងគោលបំណងបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli) បើទោះបីជាភាគីកម្ពុជាបានតវ៉ាជាច្រើនលើកតាមផ្លូវការទូតយ៉ាងណាក៏ដោយ។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានគូសបញ្ជាក់ថា ផ្អែកតាមនីតិវិធី និងបែបបទការងារដែលបានឯកភាពគ្នា និងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ភាគីថៃគប្បីចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះ (JSTs) ចុះលើដីជាក់ស្តែងដើម្បីបន្តការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន និងបន្តការងារដែលនៅសេសសល់។ ភាគីថៃក៏គប្បីសហការរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេស (អនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) និងក្រុមប្រតិបត្តិការ (OG) ដូចដែលភាគីទាំងពីរធ្លាប់បានអនុវត្តកន្លងមកតាំងពីឆ្នាំ២០១៣-២០២៥ និង ស្របតាមការទទួលស្គាល់របស់នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដែលសារព័ត៌មាន The Nation Thailand ស្រង់មកចុះផ្សាយថា៖ «(…) ក្រុមការងារកម្រិតបច្ចេកទេសនៅតែអាចបន្តអនុវត្តការងាររបស់ខ្លួនបានដដែល»។

គណៈកម្មការ JBC ភាគីកម្ពុជា បានបញ្ជាក់ពីការប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការចំពោះសកម្មភាពឈ្លានពានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃ និងសកម្មភាពបន្តរំលោភបំពានលើបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា ព្រមទាំងការបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង (fait accompli)។ គណៈកម្មការ JBC ភាគីកម្ពុជា ប្រកាសមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ទាំងពេលកន្លងមក ទាំងបច្ចុប្បន្ន និងតទៅអនាគត។

ទី៣៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមអាណត្តិដឹកនាំរបស់ហ្វីលីពីន នៅថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលពីក្រុមអ្នកសម្របសម្រួលនៃព្រះរាជាណាចក្រកម្ពុជា។ ពលរដ្ឋភៀសសឹកទាំងនោះមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃ នៅតំបន់មួយចំនួន និងបានដាក់រាយបន្លាលួស ទូរកុងតឺន័រ ដើម្បីរារាំងការវិលត្រឡប់របស់ពួកគេ ខណៈដែលផ្ទះសម្បែងមួយចំនួនត្រូវបានកងកម្លាំងថៃបំផ្លិចបំផ្លាញ។

ស្ថានភាពនេះគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការចាប់ផ្តើមវាស់វែងខណ្ឌសីមាព្រំដែន ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ ដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ក្រសួងការពារជាតិកម្ពុជាក៏បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ និងដាច់ខាត ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) និងមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនដោយប្រើកម្លាំង៕

ដោយ៖តារា


ចែករំលែក៖