ទីក្រុងតូក្យូ៖ ថ្លែងនៅក្នុងទសម្ភាសន៍ជាមួយកាសែតជប៉ុន Nikkei Asia លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) បានបញ្ជាក់ថា កម្ពុជាសូមច្រានចោលយ៉ាងដាច់អហង្ការ ចំពោះការលើកឡើងរបស់មជ្ឈដ្ឋានអន្តរជាតិ ដែលតែងតែផ្តោតការវាយប្រហារមកលើកម្ពុជា ជុំវិញបញ្ហា ONLINE SCAMS ខណៈបញ្ហានេះ គឺជារឿងសកលហើយទាមទារឱ្យរួមគ្នាដោះស្រាយ។
លោកស្រី អគ្គនាយកធនាគារជាតិកម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា កម្ពុជាមិនគួរត្រូវបានគេយកធ្វើជាលេស ដើម្បីទម្លាក់កំហុស (Scapegoat) ក្នុងវិបត្តិដែលជាលក្ខណៈសកល និង ឆ្លងដែននេះឡើយ។
ជាមួយគ្នានោះ លោកស្រី ជា សិរី ក៏បានពន្យល់ថា បទល្មើសសាយប័រ និងល្បែងស៊ីសងអនឡាញ គឺជាការគំរាមកំហែងគ្មានព្រំដែន។ ការទម្លាក់ការទទួលខុសត្រូវទាំងស្រុងមកលើប្រទេសណាមួយតែឯង គឺជារឿងមិនត្រឹមត្រូវនោះទេ ព្រោះថាបណ្តាញឧក្រិដ្ឋកម្មទាំងនេះភាគច្រើនត្រូវបានគ្រប់គ្រង គាំទ្រ និង សម្របសម្រួលដោយជនបរទេស ហើយថែមទាំងប្រើប្រាស់ប្រព័ន្ធធនាគារអន្តរជាតិដែលស្ថិតនៅក្រៅដែនសមត្ថកិច្ចរបស់កម្ពុជាទៀតផង។
ការចេញមុខបញ្ជាក់នេះ ធ្វើឡើងស្របពេលដែលធនាគារជាតិនៃកម្ពុជា និងសមត្ថកិច្ចពាក់ព័ន្ធកំពុងជំរុញការរឹតបន្តឹង និងបង្ក្រាបយ៉ាងចាស់ដៃលើការឆបោកហិរញ្ញវត្ថុឌីជីថល។ កន្លងមក ធនាគារជាតិនៃកម្ពុជា បានបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើគ្រឹះស្ថានផ្តល់សេវាទូទាត់ប្រាក់ និង បានសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការប្រឆាំងបទល្មើសឆបោកអនឡាញ ដើម្បីស្វែងរក និងបង្កកគណនីសង្ស័យនានាភ្លាមៗ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច