ព័ត៌មានទាន់ហេតុការណ៍៖

Update៖ កម្លាំងចម្រុះនិងសាច់ញាតិ ស្វែងរកយុវជនម្នាក់ដែលបាត់ខ្លួននៅលើភ្នំគិរីរម្យ ដោយបន្សល់ទុកម៉ូតូ និងសំបុត្រ១សន្លឹកមានខ្លឹមសារដ៍សោកសៅ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្លាំងមន្ត្រីបរិស្ថានដែលជាអ្នកស្គាល់ភូមិសាស្ត្រច្បាស់កំពុងសហកាជាមួយកម្លាំងនគរបាល កងរាជអាវុធហត្ថ កម្លាំងប្រជាការពាររួមទាំងអាជ្ញាធរមូលដ្ឋាននិងសាច់ញាតិ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦នេះ បានបន្តស្វែងរកគ្រប់ច្រកល្ហក ជុំវិញបរិវេណដែលយុវជនម្នាក់បានប្លុងម៉ូតូចោល បន្តឈានទៅស្វែងរកទីជ្រៅៗបន្តទៀតនៅលើភ្នំគិរីរម្យ បន្ទាប់ពីមានការប្រទះឃើញម៉ូតូ១គ្រឿងនិងសំបុត្រ១ច្បាប់ទុកចោលកាលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។

តាមមន្ត្រីបរិស្ថានបានប្រាប់ថា ការប្រទះឃើញម៉ូតូក្នុងចន្លោះម៉ោង៣៖៣០នាទីរសៀល ក្នុងនោះមានម៉ូតូ១ គ្រឿងម៉ាក ADV ពាក់ផ្លាកលេខភ្នំពេញ 1LE- 9373 និងមួកសុវត្ថិភាពនៅជាប់កញ្ចក់ គ្មានម្ចាស់ ស្ថិតនៅចំណុចផ្លូវលំបំបែកជាបីទៅក្រុមហ៊ុនវីរៈប៊ុនថាំ រមណីយដ្ឋានទេសចរណ៍ ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លើតំបន់ឧទ្យានជាតិគីរីរម្យ ហើយបានរាយការណ៍ទៅអធិការនគរបាលស្រុកភ្នំស្រួច មកពិនិត្យ។

ក្រោយការឆែកក្នុងម៉ូតូ កម្លាំងសមត្ថកិច្ចរកឃើញមានសម្ភារជាប់ម៉ូតូនៅក្រោមកែបម៉ូតូមានកាបូបស្ពាយពណ៌ខ្មៅ១ និងកាបូបយួរពណ៌ក្រហម១ កូនកាបូបដាក់លុយពណ៌ខ្មៅ១ ស្បែកជើងប៊ូពណ៌ខ្មៅ ១គូម៉ាកLV ខ្សែក្រវាត់ពណ៌ខ្មៅ១ ទូរស័ព្ទ១គ្រឿងម៉ាកIPhone ពណ៌ស អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក ឈ្មោះ គន់ សុខហេង ភេទប្រុស កើតថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៩៦ មានទីលំនៅបច្ចុប្បន្ន ភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។

ក្នុងនោះក៏មានសំបុត្រក្រដាស់សៀវភៅ១សន្លឹកសរសេររៀបរាប់ដែលមានន័យថា «បើអ្នកបានឃើញសំបុត្រនេះមានន័យថា ខ្ញុំបានស្លាប់ហើយ សូមបងជួយយកម៉ូតូនេះឲ្យបងប្អូនខ្ញុំផង។ សោខ្ញុំទុកនឹងម៉ូតូហើយ ខ្ញុំសូមអរគុណបង សូមជួយតេរកបងប្អូនខ្ញុំផង បងរុំ 0886552007 ប្អូនរឹត 081836536 សុំទោសដែលធ្វើឲ្យបងពិបាក មានវីដេអូក្នុងទូរស័ព្ទដែលជាការសម្រេចចិត្តចុងក្រោយបែបនេះ ម៉ូតូហ្នឹងមាន GPS គេអាចរកឃើញ ពីខ្ញុំ សុខហេង រួមមានសម្ភារៈខោអាវមួយចំនួនទៀត»។

អ្នកសារព័ត៌មានបានទាក់ទងទៅកាន់សាច់ញាតិផ្ទាល់ លោក រឹត  ដែលត្រូវជាប្អូនម្ចាស់ម៉ូតូ ដោយគាត់បានលើកឡើងថា គាត់និងម្ចាស់ម៉ូតូមិនបានរស់នៅជាមួយគ្នាទេ ពោលគឺគាត់រស់នៅ

ផ្សេង ចំណែកបងប្រុសម្ចាស់ម៉ូតូគាត់នៅលីវ ដូច្នេះរឿងបងគាត់ទុក្ខលំបាកអីគាត់មិនបានដឹងឡើយ។

មន្ត្រីបរិស្ថាន និងសមត្ថកិច្ចចម្រុះ កំពុងតែបន្ដស្វែងរកម្ចាស់សំបុត្រ ដោយស្ថានភាពមេឃភ្លៀងនិងយប់ងងឹតការរុករកមិនឃើញនៅឡើយទេ ក្នុងរយៈពេល២ថ្ងៃនេះ៕


ចែករំលែក៖