ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល ​៥ខែឆ្នាំនេះ! កម្ពុជា​ស្វាគមន៍ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង ១,៥ ​លាននាក់ ​ធ្លាក់ចុះជិត ៥០%

ចែករំលែក៖

ភ្នំពេញ​៖​ បើ​យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​ទេសចរណ៍​ បានបង្ហាញថា​ កម្ពុជាស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ប្រមាណ​ ១,៥ ​លាននាក់​ នៅក្នុង​រយៈពេល ៥ ​ខែ ២០២៦ ​មានការធ្លាក់ចុះ ​៤៧% ​ធៀប​នឹង​រយៈពេល​ដូចគ្នា ​នៅ​ឆ្នាំ​ ២០២៥។

របាយការណ៍​ដដែល​ បានបញ្ជាក់ថា​ ​ក្នុង​ចំណោមភ្ញៀវទេសចរណ៍​អន្តរជាតិជាង ១,៥ ​លាននាក់​ មាន​ទេសចរចិនជិត ៤០ ម៉ឺននាក់ ធ្លាក់ចុះ ១៩% វៀតណាម ៣៨ ម៉ឺននាក់ ធ្លាក់ចុះជិត ២៦% អាមេរិកជាង ៩ ម៉ឺននាក់ ធ្លាក់ចុះជាង ១១% អង់គ្លេសជាង ៦ ម៉ឺននាក់ ធ្លាក់ចុះ ១៤,៥% និងបារាំងជាង ៥ ម៉ឺននាក់ ធ្លាក់ចុះ ១៦,៥%។​

បើតាម​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា(PATA) ​​លោក ធួន ស៊ីណាន បានឱ្យដឹងថា​ កម្ពុជា​រង​សម្ពាធ​កាលពីឆ្នាំមុន ​ដោយសារ​ការចោទប្រកាន់​ពី​ការ​ឆ​បោក​អនឡាញ​ ​និង​ការ​ឈ្លាន​ពាន​ពី​ប្រទេស​ថៃ​បាន​ធ្វើ​ឱ្យ​ទេសចរណ៍​ធ្លាក់​ចុះ​។

ជាមួយគ្នានេះ​ លោកប្រធាន​សមាគម​ទេសចរណ៍​រូបនេះ​ ក៏បានយល់ឃើញថា​៖ «ភូមិសាស្ត្រនយោបាយកំពុងកើតមាន​ឡើងនៅលើពិភព​លោក​ អ្វីក៏អាចកើតមានឡើង​គ្រប់​ពេល​វេលា»។​

ដោយឡែក​បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ​​​លោក ហួត ហាក់ ​បានមានប្រសាសន៍ថា ​សម្រាប់ភ្ញៀវទេសចរដែលនឹង​មក​ទស្ស​នាកម្ពុជា ​នៅក្នុងឆ្នាំ ២០២៦ ​អ្នកជំនាញ​បាន​ធ្វើការ​ប៉ាន់ស្មាន​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ជាក់​ស្តែង ​និង​បាន​បែង​ចែកជា ៣ ករណី។ ​ករណីទី១ ប្រសិន​បើ​វិបត្តិ និង​បញ្ហា​ប្រឈម​នានា​នៅតែ​បន្តអូស​បន្លាយ ចំនួន​​ភ្ញៀវ​ទេសចរ​​អាច​ស្ថិត​ក្នុងរង្វង់ ៤,៦ ទៅ ៤,៨ លាននាក់។

ករណីទី២ ប្រសិន​បើស្ថានភាព​ព្រំដែន​នៅ​មិន​ទាន់​បាន​ធូរ​ស្បើយ​ពេញលេញ ចំនួន​ភ្ញៀវ​អាច​មាន​ចន្លោះ​ពី ៥,៣ ទៅ ៥,៥ លាន​នាក់។ ​ករណីទី​ ៣ ប្រសិនបើ​ស្ថានភាព​អ្វីៗ​ ត្រឡប់​មក​ល្អ​ប្រសើរ​ឡើងវិញ​ទាំងស្រុង កម្ពុជា​អាច​រំពឹង​ទទួល​បាន​ភ្ញៀវ​ចន្លោះ​ពី ៦,១ ទៅ ៦,៣ លាន​នាក់។​

គួរជម្រាបជូនថា​ ​កម្ពុជា​​នៅ​ក្នុងឆ្នាំ ​២០២៥​កន្លងទៅ​នេះ ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៥៧ ​លាននាក់ ​ធ្លាក់ចុះ ១៦,៧% ​ធៀបនឹងឆ្នាំ ២០២៤ ខណៈចំណូលបានពី​វិស័យ​ទេសចរណ៍​មាន​ចំនួន ៣.៨៧៨ លាន​ដុល្លារ​ កើន​ឡើង ៦,៦%៕

ដោយ​៖ តារា


ចែករំលែក៖