គ្រូបង្វឹកក្រុមជម្រើសជាតិម៉ារ៉ុក លោក Mohamed Ouahbi បានបញ្ជាក់ថា ក្រុមរបស់លោកកំពុងកំណត់គោលដៅបញ្ចប់ការប្រកួតវគ្គចែកពូលក្នុងចំណាត់ថ្នាក់លេខ១ លើក្រុមប្រេស៊ីល ប៉ុន្តែមិនបានផ្តោតខ្លាំងលើគូប្រកួតដែលអាចជួបនៅវគ្គជម្រុះបន្ទាប់នោះទេ។
ម៉ារ៉ុកនឹងត្រូវជួបក្រុមហៃទី នៅថ្ងៃពុធនេះ ក្នុងការប្រកួតចុងក្រោយនៃពូល C។ ប្រសិនបើទទួលបានជ័យជម្នះ ពួកគេនឹងមាន ៧ ពិន្ទុ និងអាចបញ្ចប់នៅកំពូលតារាង ប៉ុន្តែពឹងផ្អែកបើលទ្ធផលរវាងប្រេស៊ីល និងស្កុតឡែនផងដែរ។
លោក Ouahbi បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា៖ «អ្វីដែលខ្ញុំចង់បាន គឺយកឈ្នះហៃទី និងបញ្ចប់នៅលើប្រេស៊ីលក្នុងពូល។ មានការពិភាក្សាថា យើងអាចជួបហូឡង់ ឬជប៉ុននៅវគ្គបន្ទាប់ ហើយបន្ទាប់មកអាចជួបបារាំង ឬអាហ្សង់ទីន ប៉ុន្តែយើងមិនបានគិតដល់រឿងទាំងនោះទេ»។
បច្ចុប្បន្ន ម៉ារ៉ុកមាន ៤ ពិន្ទុពីរប្រកួត ហើយមានភាគរយខ្ពស់ក្នុងការឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយ។ «ប្រហែលជាយើងស្ទើរតែបានកក់កៅអីទៅវគ្គបន្ទាប់រួចហើយ ប៉ុន្តែយើងនៅតែចង់យកឈ្នះហៃទី។ ដូច្នេះ យើងនឹងដាក់កីឡាករល្អបំផុតចូលលេង។ យើងអាចប្រើជម្រើសដដែល ប៉ុន្តែនៅមានចំណុចមួយចំនួនដែលត្រូវពិចារណាមុនធ្វើការសម្រេចចិត្តចុងក្រោយ»។
ព្រមានពីហៃទី ទោះបីធ្លាក់ចេញរួចក៏ដោយ
ទោះបីជាហៃទីបានក្លាយជាក្រុមដំបូងគេដែលត្រូវធ្លាក់ចេញពី World Cup 2026 បន្ទាប់ពីចាញ់ស្កុតឡែន និងប្រេស៊ីលក្នុងពីរប្រកួតដំបូងក៏ដោយ លោក Ouahbi ជឿថា ពួកគេនឹងប្រឹងប្រែងយ៉ាងខ្លាំងដើម្បីរកពិន្ទុដំបូងរបស់ខ្លួន។ «ហៃទីនឹងមានការលើកទឹកចិត្ត ១០០ ភាគរយ ព្រោះនេះជាការប្រកួត World Cup ហើយពួកគេចង់រកពិន្ទុដំបូង។ យើងត្រូវប្រុងប្រយ័ត្នចំពោះពួកគេ»។
លោកបន្ថែមថា៖ «យើងបានសិក្សាពីក្រុមហៃទីតាំងពីមុន World Cup ចាប់ផ្តើមមកម្ល៉េះ។ ពួកគេជាក្រុមល្អ ហើយយើងត្រូវមានការអត់ធ្មត់ក្នុងការប្រកួតនេះ»។
សំណួរអំពីប្រសិទ្ធភាពក្នុងការស៊ុតបញ្ចូលទី
បើទោះបីម៉ារ៉ុកបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍ក្នុងការស្មើ ១-១ ជាមួយប្រេស៊ីល និងឈ្នះស្កុតឡែនក៏ដោយ ក៏គ្រូបង្វឹករូបនេះនៅតែត្រូវប្រឈមនឹងសំណួរពីអ្នកសារព័ត៌មានម៉ារ៉ុកជាច្រើន អំពីបញ្ហាការរកគ្រាប់បាល់ និងការមិនប្រើខ្សែប្រយុទ្ធកណ្តាលពិតប្រាកដក្នុងពីរប្រកួតកន្លងមក។
ជាការឆ្លើយតប លោក Ouahbi បាននិយាយថា៖ «យើងមានកីឡាករល្អជាច្រើនដែលមានសមត្ថភាពខុសៗគ្នា។ ការជ្រើសរើសរបៀបលេង អាស្រ័យលើបរិបទនៃការប្រកួត និងគូប្រជែងដែលយើងត្រូវជួប។ យើងត្រូវអត់ធ្មត់ និងជឿជាក់ថាកីឡាកររបស់យើងអាចឆ្លើយតបទៅនឹងការប្រកួតបាន»។
ការប្រកួតរវាងម៉ារ៉ុក និងហៃទី នឹងធ្វើឡើងនៅថ្ងៃពុធនេះ ខណៈម៉ារ៉ុកសម្លឹងរកជ័យជម្នះដើម្បីបញ្ចប់នៅកំពូលតារាងនិងបន្តដំណើរដោយភាពជឿជាក់ឆ្ពោះទៅកាន់វគ្គជម្រុះ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច