ខេត្តបាត់ដំបង ៖ ចោរ១សំបុកដែលតែងធ្វើសកម្មភាព«លួច»យកម៉ូតូប្រជាកសិករនៅតាមស្រុកស្រែស្ទើររាប់ភ្លេច ប៉ុន្តែមន្ត្រីតាមបណ្ដាស្រុកខ្លះគ្មានរបាយការណ៍ ឬ មិនដឹង ឬដឹងហើយតែព្យាយាមលាក់បាំងថ្នាក់ដឹកនាំនោះ ពេលនេះ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្តស្រាវជ្រាវតាមឃាត់ខ្លួនបានចំនួន០៤នាក់ ថែមទាំងរឹបអូសបានម៉ូតូចំនួន០៥គ្រឿងជាវត្ថុតាង និងបានបញ្ជូនទៅកាន់តុលាការហើយ កាលពីថ្ងៃទី២៣ មិថុនា ក្រោយមន្ត្រីការិយាល័យជំនាញបញ្ចប់នីតិវិធីចងក្រងសំណុំរឿង ។
ក្រុមជនសង្ស័យដៃរហ័សទាំង០៤នាក់ ដែលត្រូវមន្ត្រីជំនាញបញ្ជូនទៅប្រគល់តុលាការនោះមាន៖ ១-ឈ្មោះ វង់ សុជាតិ ហៅហ៊ីង ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ២-ឈ្មោះ សេង សុឈឿន ភេទប្រុស អាយុ២៨ឆ្នាំ ៣-ឈ្មោះ ភា សុខឃន ហៅទីង ភេទប្រុស អាយុ២៨ឆ្នាំ និង៤-ឈ្មោះ យ៉ាង គា ហៅ ធី ភេទប្រុស អាយុ៣៥ឆ្នាំ ពួកគេគេ៤នាក់នេះ នៅភូមិដំណាក់ហ្លូង សង្កាត់វត្តគេ ក្រុងបាត់ដំបង ។
ក្រុមនេះត្រូវបានកម្លាំងជំនាញនៃការិយាល័យនេះស្រាវជ្រាវតាមឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី២០ មិថុនា ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការខេត្ត បន្ទាប់ពីទទួលបណ្ដឹងចុងក្រោយពីជនរងគ្រោះ នៅសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដែលគាត់ត្រូវចោរលួចយកម៉ូតូទៅបាត់ កាលពីជាងមួយសប្ដាហ៍មុននេះ ។
បើតាមសមត្ថកិច្ច ការចេញធ្វើសកម្មភាពចុងក្រោយនៃក្រុមចោរនេះ មុនពេលត្រូវចាប់ខ្លួនគឺបក្ខពួកគេមួយចំនួនបានធ្វើសកម្មភាព «លួចយកម៉ូតូ» ១គ្រឿង នៅរសៀលថ្ងៃទី ១១ មិថុនា នៅចំណុចភូមិព្រៃដាច់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដែលម្ចាស់ឈ្មោះ រ៉ម សារៀប ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិរកា សង្កាត់អូរម៉ាល់ ។
ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោក ឈឿង គឹមសុង ដែលដឹកនាំកិច្ចប្រតិបត្តិការបង្ក្រាបក្រុមចោរមួយសំបុកនេះបាននិយាយថា មន្ត្រីការិយាល័យជំនាញបានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃ ក្រោយទទួលបណ្ដឹងជនរងគ្រោះ ទើបកំណត់មុខ សញ្ញានេះបាន និងឈានដល់ការឃាត់ខ្លួនក្រុមជន សង្ស័យបានចំនួន០៤នាក់ ដកហូតម៉ូតូចំនួន០៥គ្រឿង រួមជាមួយស្លាកលេខម៉ូតូមួយចំនួនផង ។
លោក ឈឿង គឹមសុង បានបញ្ជាក់ថា បើតាមប្រវត្តិដែលមន្ត្រីជំនាញរបស់លោកតាមកំណត់ពីសកម្មភាពពួកគេ គឺក្រុមនេះធ្លាប់ធ្វើសកម្មភាព«លួចម៉ូតូ»ច្រើនលើកណាស់ ប៉ុន្តែនៅចំពោះមុខសមត្ថកិច្ច ពួកគេបានសារភាពថា «ធ្លាប់លួចម៉ូតូត្រឹមតែ០៦លើកប៉ុណ្ណោះ» ដែលធ្វើសកម្មភាពនៅតាមបណ្ដាស្រុកនានា ។
នៅចំពោះមុខមន្ត្រីសួរចម្លើយ ក្រុមជនសង្ស័យទាំង០៤នាក់ បានផ្ដល់ចម្លើយប្រហាក់ប្រហែលគ្នាអំពីចំនួនបទល្មើស និងទីតាំងដែលពួកគេបានធ្វើសកម្មភាព ។ ភាគច្រើនពួកគេ «លួចម៉ូតូ» របស់ប្រជាកសិករនៅតាមស្រុកស្រែ ដែលពួកគាត់ជិះទៅស្រែចម្ការ ហើយទុកចោលតាមដំបូក ឬតាមម្លប់ឈើក្នុងស្រែដែលជាការធ្វេសប្រហែស ។
ឆ្លើយតបនឹងសំណួរដេញដោលរបស់មន្ត្រីជំនាញ ក្រុមនេះបានសារភាពថា ពួកខ្លួនធ្លាប់ធ្វើសកម្មភាព «លួចម៉ូតូ» គេ សរុបចំនួន០៦លើក ។ ការប្រព្រឹត្តចុងក្រោយមិនចាំថ្ងៃទេ តែក្នុងអំឡុងខែមិថុនានេះឯង នៅវាលស្រែមួយកន្លែង ស្ថិតភូមិព្រៃដាច់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខណៈដែលឃើញម៉ូតូនោះត្រូវម្ចាស់ទុកចោលទាំងម៉ូតូ ទាំងសោផង នៅលើភ្លឺស្រែ ពួកខ្លួនក៏អូសចេញជិះគេចខ្លួនតែម្ដង ។
ក្រុមនេះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ពួកគេតែងចេញធ្វើសកម្មភាព «លួចម៉ូតូ» ភាគច្រើននៅក្នុងទឹកដីស្រុកបាណន់ និងស្រុកថ្មគោល ។ ម៉ូតូដែលពួកគេបាន «លួចយក» ច្រើនតែម្ចាស់ធ្វេសប្រហែសទុកចោលនៅតាមម្លប់ឈើក្បែរដំបូក ឬនៅតាមភ្លឺស្រែ ឬនៅតាមចម្ការ ហើយថែមទុកទាំងសោជាប់នឹងម៉ូតូទៀតផង ។
ពួកគេបានបញ្ជាក់ពីចំនួនបទល្មើសប្រាប់មន្ត្រីជំនាញថា រហូតមកទល់នឹងថ្ងៃសមត្ថកិច្ចចាប់ខ្លួននេះ គឺជាលើកលើកទី០៦ ដែលជាលើកចុងក្រោយ នៃថ្ងៃអវសានរបស់ពួកគេត្រូវចូលគុកល្មម ។
ពាក់ព័ន្ធនឹងអំពើ «ចោរកម្មលួចម៉ូតូ» នៅតាមបណ្ដាស្រុកនានា ក្នុងខេត្តបាត់ដំបង មន្ត្រីមួយចំនួនដែលបានដឹងរឿងនេះបានបង្ហើបថា ប៉ុន្មានខែចុងក្រោយនេះ សកម្មភាពចោរលួចម៉ូតូដូចខាងលើមានច្រើនករណីណាស់ ។ ប៉ុន្តែ មន្ត្រីតាមបណ្ដាស្រុកមួយចំនួនបានព្យាយាមបិទបាំង មិនរាយការណ៍ជូនថ្នាក់លើទេ ។
ហើយថែមទាំងមិនរវីរវល់ចុះសួរនាំជនរងគ្រោះទៀតផង បើទោះជាប្រជាពលរដ្ឋបានរាយការណ៍ជូនលោកសមត្ថកិច្ចភ្លាមៗក្ដី ។
ហេតុដូច្នេះហើយ ទើបក្រោយៗមក ពេលប្រជាពលរដ្ឋជួបបញ្ហាម្ដងៗ មិនចង់ផ្ដល់ព័ត៌មាន ឬទៅប្ដឹងមន្ត្រីមូលដ្ឋានទេ ព្រោះមិនបានផល ។ សូម្បីតែករណីក្រុមចោរលួចម៉ូតូចំនួន០៤នាក់ ដែលកម្លាំងការិយល័យជំនាញនៃស្នងការខេត្តបង្ក្រាបបានខាងលើនេះ បានសារភាពថា កន្លងមក ពួកគេបានធ្វើសកម្មភាព «លួចម៉ូតូ» បានសម្រេចចំនួន០៦លើកនៅក្នុងស្រុកចំនួន០២ ។ ប៉ុន្តែករណីខ្លះ សមត្ថកិច្ចមូលដ្ឋានគ្មានព្រឹត្តិហេតុអំពីបទល្មើសបង្ហាញទេ ហើយករណីខ្លះអត់ដឹងតែម្ដង លុះជនសង្ស័យចង្អុលបង្ហាញពីទីតាំងបទល្មើស និងចំនួនប្រព្រឹត្តបទល្មើស ទើបពួកគេធ្វើជាភ្ញាក់ខ្លួនដូចខ្មោចប្រែរូប០៧ថ្ងៃ ។
មន្ត្រីខ្លះពូកែណាស់ ខាងធ្វើរបាយការណ៍ភូតកុហក និងលាក់បាំងថ្នាក់លើ កុំឱ្យថ្នាក់លើស្ដីបន្ទោសថា នៅក្នុងមូលដ្ឋានរបស់ខ្លួនបទល្មើសកើតឡើងច្រើនបង្ក្រាបមិនបាន ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច