ខេត្តកណ្តាល៖ មុខសញ្ញាញៀនថ្នាំម្នាក់ដែលប្រដាប់ ដោយអាវុធកែច្នៃ និងដាវ សម្ងំលាក់ខ្លួនក្នុងរោងក្បែរបឹងឈូកត្រៀមចេញធ្វើសកម្មភាពនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាប និងចាប់វាយខ្នោះបានទាន់ពេលវេលា រួមទាំងរឹបអូសវត្ថុតាងគ្រឿងញៀនមួយចំនួន។ ប្រតិបត្តិការបង្ក្រាបដែលទទួលបានការសាទរពីសំណាក់ប្រជាពលរដ្ឋនេះ បានធ្វើឡើងកាលពីម៉ោង ១៥ និង៥០នាទី ថ្ងៃទី២៣ មិថុនា ២០២៦ នៅចំណុចក្រោយវត្តព្រែកបង្កង ស្ថិតក្នុងភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។
លោកវរសេនីយ៍ត្រី ថុង សៀកឡុង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងអរិយក្សត្រ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ចាន់ គង្គា ភេទ ប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន និងមានទីលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។ នៅក្នុងប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងរួមមាន គ្រឿងញៀនក្រាមសថ្លា១កញ្ចប់ កាំភ្លើងស្នប់កែច្នៃ២ដើម ដាវ១ដើម ទូរស័ព្ទដៃ១គ្រឿង សម្ភារៈប្រើប្រាស់ និងវេចខ្ចប់ថ្នាំញៀនមួយចំនួននិងប្រាក់ ៩០០០រៀល។
លោកមេបញ្ជាការបានបន្តថា មុនពេលឈានដល់ការបង្ក្រាប កម្លាំងអាវុធហត្ថបានទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋអំពីទីតាំង និងសកម្មភាពគួរឲ្យសង្ស័យរបស់ជននេះ។ ភ្លាមៗនោះ លោកក៏បានដឹកនាំកម្លាំងចុះទៅដល់ចំណុចកើតហេតុ និងប្រទះឃើញជនសង្ស័យកំពុងសម្ងំនៅក្នុងរោងក្បែរបឹងឈូក។ ពេលកម្លាំងចូលទៅសួរនាំ ស្រាប់តែជនសង្ស័យបានរើបម្រះ និងប្រតាយប្រតប់ជាមួយសមត្ថកិច្ច ទើបកម្លាំងសម្រេចចាប់វាយខ្នោះ រួចធ្វើការឆែកឆេររកឃើញគ្រឿងញៀន និងអាវុធខាងលើតែម្ដង។
លោកមេបញ្ជាការបានបញ្ជាក់ថា ក្រោយការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា គ្រឿងញៀន១កញ្ចប់នោះពិតជារបស់ខ្លួនប្រាកដមែន ដោយបានបញ្ជាទិញពីបុរសម្នាក់ឈ្មោះ ហ្សា នៅចំណុចជិតកំពង់ចម្លងជ្រោយចង្វារ រាជធានីភ្នំពេញ តាមរយៈទូរស័ព្ទ។
បច្ចុប្បន្ន ជនសង្ស័យ រួម និងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងអរិយក្សត្រ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់ ៕


សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច