ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយកិច្ចចរចាសម្របសម្រួលដោយសហរដ្ឋអាមេរិក អ៉ីស្រាអែល លីបង់ ចុះហត្ថលេខាកិច្ចព្រមព្រៀង

ចែករំលែក៖

សារព័ត៌មាន Reuters អ៉ីស្រាអែល និងលីបង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយនៅក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីកិច្ចចរចាចាយពេលជាច្រើនថ្ងៃ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ ទោះបីជាភាគីទាំងសងខាងចាត់ទុកកិច្ចព្រមព្រៀងនេះជាជំហានដំបូងក៏ដោយ។

ឯកអគ្គរដ្ឋទូតលីបង់ប្រចាំសហរដ្ឋអាមេរិក លោកស្រី Nada Moawad និងសមភាគីរបស់លោកស្រី គឺលោក Yechiel Leiter បានចុះហត្ថលេខាលើឯកសារត្រីភាគីជាមួយសហរដ្ឋអាមេរិក នៅឯក្រសួងការបរទេសអាមេរិកក្នុងទីក្រុងវ៉ាស៊ីនតោន ជាមួយការផ្ដល់សេចក្ដីលម្អិតតិចតួចប៉ុណ្ណោះអំពីកិច្ចព្រមព្រៀង។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យកងកម្លាំងអ៉ីស្រាអែលបន្តកាន់កាប់ភាគខាងត្បូងលីបង់ ប្រសិនបើក្រុមហេសបូឡាមិនត្រូវបានរំសាយអាវុធទេនោះ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងជួយសម្របសម្រួលដល់ការអនុវត្តកិច្ចព្រមព្រៀងតាមរយៈ «ក្រុមសម្របសម្រួលយោធាត្រីភាគីមួយសម្រាប់លីបង់» ហើយថាទីក្រុងវ៉ាស៊ីនតោននឹងប្ដេជ្ញាចិត្តចំពោះការផ្ដល់ធនធាន ក្នុងនោះរួមមានទាំងការទម្លាក់ជំនួយមនុស្សធម៌ ១០០លានដុល្លារ ក្រោមកិច្ចសម្របសម្រួលជាមួយអង្គការសហប្រជាជាតិ។ លោកប្រមុខការទូតអាមេរិកបន្ថែមថាសហរដ្ឋអាមេរិកបានគូសបញ្ជាក់ឡើងវិញពីឆន្ទៈក្នុងការជួយធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់កងទ័ពជាតិលីបង់ដើម្បីអាចគ្រប់គ្រង និងបង្កើតដែនអធិបតេយ្យយ៉ាងមានប្រសិទ្ធភាពនៅលើទឹកដីលីបង់ទាំងមូល។

សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡា បានផ្ទុះឡើងនៅពេលដែលចលនាប្រដាប់អាវុធមួយនេះបានបាញ់ផ្លោងលើអ៉ីស្រាអែលនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលវាយប្រហារលើអ៉ីរ៉ង់។ ការវាយប្រហាររបស់ក្រុមហេសបូឡា បានជំរុញឱ្យអ៉ីស្រាអែលទម្លាក់គ្រាប់បែកសងសឹកដោយសម្លាប់មនុស្សជាង ៤០០០នាក់ក្នុងប្រទេសលីបង់ និងមនុស្សជាងលាននាក់ក្លាយជាជនភៀសសឹក៕


ចែករំលែក៖