ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលកូរ៉េ ប្រកាសបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈការផ្តល់ជំនួយឧបករណ៍បច្ចេកទេស និងវគ្គបណ្តុះបណ្តាលដល់កម្ពុជា ដើម្បីប្រឆាំង Online Scams

ចែករំលែក៖

ទីក្រុងសេអ៊ូល៖ នាយកដ្ឋាននគរបាលទីក្រុងសេអ៊ូល បានបញ្ជាក់ពីការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយនគរបាលរាជធានីភ្នំពេញ តាមរយៈការផ្តល់ជំនួយគាំទ្រឧបករណ៍បច្ចេកទេស និងផ្តល់ការបណ្តុះបណ្តាលដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា (Online Scams) នាពេលខាងមុខ។

ការប្រកាសនេះធ្វើឡើងក្នុងវេទិកាសន្និសីទក្រុមប្រឹក្សានគរបាលរដ្ឋ/រាជធានីអន្តរជាតិ (ICPC) រយៈពេល ០២ថ្ងៃ នៅរដ្ឋធានីសេអ៊ូល សាធារណៈរដ្ឋកូរ៉េ ដោយមានការចូលរួម០៧ ប្រទេសរួមមាន៖ កម្ពុជា កូរ៉េខាងត្បូង ចិន ហ្វីលីពីន អ៊ូបេគីស្ថាន វៀតណាម ហូឡង់ និងអង្គការដៃគូអន្តរជាតិមួយចំនួន។

សូមជម្រាបជូនថា តបតាមការអញ្ជើញរបស់ លោក Park Jeong-bo ស្នងការនៃទីភ្នាក់ងារនគរបាលទីក្រុងសេអ៊ូល អគ្គស្នងការនគរបាលជាតិបានដឹកនាំគណៈប្រតិភូស្នងការរាជធានីភ្នំពេញចូលរួមវេទិកាសន្និសីទក្រុមប្រឹក្សានគរបាលរដ្ឋ/រាជធានីអន្តរជាតិ (ICPC) នៅរដ្ឋធានីសេអ៊ូល រយៈពេល ០២ថ្ងៃ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងរដ្ឋ/រាជធានីជាសមាជិកក្រុមប្រឹក្សា (ICPC) ដើម្បីឆ្លើយតបចំពោះឧក្រិដ្ឋកម្មឆ្លងដែន និងការធានាសុវត្ថិភាពពលរដ្ឋនៅបរទេស។

យោងតាមលទ្ធផលនៃកិច្ចប្រជុំនេះ កម្ពុជាទទួលបានផ្លែផ្ការួមមាន រដ្ឋធានីសេអ៊ូល នឹងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយនគរបាលរាជធានីភ្នំពេញ តាមរយៈ ការផ្តល់ជំនួយឧបករណ៍សម្ភារៈបច្ចេកទេសជំនាញ និងផ្តល់វគ្គបណ្តុះបណ្តាលប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា នាពេលខាងមុខ។ បន្ថែមលើនេះ រដ្ឋធានីសេអ៊ូល នឹងបន្តយកចិត្តទុកគាំទ្រនគរបាលរាជធានីភ្នំពេញលើកិច្ចសហប្រតិបត្តិការផ្សេងៗទៀតលើវិស័យសន្តិសុខសាធារណៈ។

គួរបញ្ជាក់ថា ដោយវេទិកាសន្និសីទ ICPC ជាការរៀបចំលើកទី១ នៅរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង លោក Park Jeong-bo ស្នងការនគរបាលទីក្រុងសេអ៊ូល ស្នើសុំនគរបាលភ្នំពេញ រៀបចំសន្និសីទនេះជាលើកទី២ នៅប្រទេសកម្ពុជា៕

ដោយ៖តារា


ចែករំលែក៖