ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ខណៈជិះម៉ូតូទាក់ដៃចង្កូតនឹងម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យដួលខ្ទាតចូលទៅក្រោមកង់រថយន្តក្រឡុកស៊ីម៉ងត៍ដែលបើកស្របទិសគ្នាកិនបញ្ឆិតខ្លួន ហេីយត្រូវបានរថយន្តសាមុយនៃមន្ទីរពេទ្យបង្អែកច្បារអំពៅដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៣ និង៤៥នាទីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចលើស្ពានព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកHONDA PCX ពាក់ផ្លាកលេខ ភ្នំពេញ 1IF-6082 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ឡើងលើស្ពានព្រះមុនីវង្សឆ្ពោះទៅស្ពានអាកាសក្បាលថ្នល់ក្នុងទិសដៅពីកើតទៅលិច លុះពេលជិះមកដល់ពាក់កណ្ដាលស្ពានស្រាប់តែទាក់ដៃចង្កូតនឹងម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកបណ្ដាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្តក្រឡុកស៊ីម៉ងត៍ដែលបើកស្របទិសគ្នាកិនចំបញ្ឆិតខ្លួនបណ្ដាលឲ្យរងរបួសធ្ងន់ តែភ្លាមៗនោះត្រូវបានរថយន្តសាមុយនៃមន្ទីរពេទ្យបង្អែកច្បារអំពៅដឹកយកទៅសង្រ្គោះ ចំណែកឯភាគីម៉ូតូ១គ្រឿងទៀតជិះគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងធ្វើការឃាត់ខ្លួនតៃកុងរថយន្តយកទៅប៉ុស្តិ៍នគរបាលសង្កាត់ទន្លេបាសាក់ដេីម្បីសួរនាំបន្ត រួចទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ឲ្យចុះមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ ៖ ភារ៉ា ដង្កោ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច