ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបក្រុមក្មេងទំនើង ១១នាក់ បង្ហោះម៉ូតូតាមផ្លូវសាធារណៈ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះប្រតិបត្តិការបង្ក្រាបជាក់ស្តែង និងឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ១១នាក់ ខណៈកំពុងធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ដែលបង្កការរំខានដល់សណ្ដាប់ធ្នាប់សាធារណៈ និងគំរាមកំហែងដល់សុវត្ថិភាពអ្នកប្រើប្រាស់ផ្លូវ។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្រោយប្រទះឃើញសកម្មភាពល្មើស កម្លាំងអាវុធហត្ថបានចុះអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនជនពាក់ព័ន្ធទាំង ១១នាក់ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

ការបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ គឺជាទង្វើដែលបង្កហានិភ័យខ្ពស់ មិនត្រឹមតែអាចបណ្តាលឱ្យអ្នកប្រព្រឹត្តរងគ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដទៃ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអំពាវនាវដល់យុវជន និងប្រជាពលរដ្ឋទាំងអស់ សូមបញ្ឈប់ការបង្ហោះម៉ូតូ ប្រណាំងយានយន្តខុសច្បាប់ និងរាល់សកម្មភាពដែលផ្ទុយនឹងច្បាប់ ព្រោះទង្វើទាំងនេះអាចនាំឱ្យបាត់បង់អាយុជីវិត ទ្រព្យសម្បត្តិ និងប្រឈមមុខចំពោះការទទួលខុសត្រូវតាមផ្លូវច្បាប់។

សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ដើម្បីសង្គមមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់រូប៕


ចែករំលែក៖