ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជោសហការជាមួយកម្លាំងនគរបាលស្រុកឱរ៉ាល់ឃាត់ខ្លួនជនសង្ស័យ១នាក់ ក្នុងករណីលួចលួចគោ 

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលស្រុកឱរ៉ាល់បានឱ្យដឹងនៅថ្ងៃទី៣០ខែមិថុនានេះថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៦ វេលាម៉ោង ៩និង៣០នាទីកម្លាំងសមត្ថកិច្ចបានទទួលបណ្ដឹងពីឈ្មោះ ភឿន ឡាង ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិព្រៃផ្ដៅ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ បានប្ដឹងរៀបរាប់ថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ខ្លួនបានបាត់គោញី សំបុរស១ក្បាល។

ក្រោយពីបាត់គោ ខ្លួនបានដើររក តែរកមិនឃើញ។ លុះស្អែកឡើងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៥ និង២០នាទីល្ងាចក៏ស្រាប់តែឃើញគោរបស់ខ្លួន ដែលបាត់នោះបានរត់មកផ្ទះថែមទាំងឃើញមានពួរ១ខ្សែរទាក់ជាប់កទៀតផង។ លុះក្រោយមក ក៏មានអនុភូមិស្វាយទាបមកប្រាប់ថា គោរបស់ខ្លួនមានគេដឹកយកទៅចងក្នុងព្រៃខាងក្រោយភូមិស្វាយទាប ឃុំត្រពាំងជោ។ ឮដូចនោះទើបខ្លួនមកដាក់ពាក្យបណ្ដឹងតែម្ដង ។

ក្រោយពីទទួលបានពាក្យបណ្ដឹងកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងជោនិងកម្លាំង ជំនាញនៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បានធ្វើការស្រាវជ្រាវជុំវិញរឿងហេតុខាងលើ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក៏ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ យកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់។

បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចដឹកគោយកទៅចងក្នុងព្រៃពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ដើម្បីចាត់ការតាមនិតិវិធី ៕


ចែករំលែក៖