ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យក្រសួងព័ត៌មានប្រកាសថា ក្រសួងព័ត៌មានសូមតវ៉ាយ៉ាងដាច់អហង្ការ ចំពោះទង្វើបំពានម្ដងហើយម្ដងទៀតរបស់ភាគីថៃ ដែលថ្មីៗនេះបាននាំអ្នកសារព័ត៌មានបរទេស (រួមទាំងប្រព័ន្ធផ្សព្វផ្សាយ ABC) ចូលមកកាន់តំបន់អូរស្មាច់ ដែលជាទឹកដីស្ថិតក្នុងអធិបតេយ្យភាព និងបូរណភាពទឹកដីពេញលេញរបស់ព្រះរាជាណាចក្រកម្ពុជា។ ទង្វើបំពានដែលភាគីថៃនេះត្រូវបានធ្វើឡើងដោយគ្មានការជូនដំណឹង ឬទទួលបានការអនុញ្ញាតជាមុនពីអាជ្ញាធរកម្ពុជាក្នុងតំបន់នោះឡើយ។
លោក ទេព អស្នារិទ្ធ គូសបញ្ជាក់ថា តំបន់អូរស្មាច់ គឺជាដែនដីអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ យោងតាមច្បាប់អន្តរជាតិ និង ធម្មនុញ្ញអង្គការសហប្រជាជាតិ (មាត្រា ២ វាក្យខណ្ឌទី ៤) រដ្ឋទាំងអស់ត្រូវមានកាតព្វកិច្ចគោរពបូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋដទៃ។ ទង្វើរបស់យោធាថៃក្នុងការនាំជនបរទេស និងអ្នកសារព័ត៌មានចូលមកកាន់តំបន់នេះ គឺជារំលោភបំពានដោយផ្ទាល់ទៅលើអធិបតេយ្យភាពជាតិរបស់កម្ពុជា។ ភាគីថៃមិនមានសិទ្ធិ ឬយុត្តាធិការណាមួយក្នុងការធ្វើសកម្មភាពយោធា ឬនាំអ្នកសារព័ត៌មានមកធ្វើសេចក្តីរាយការណ៍នៅលើទឹកដីកម្ពុជាឡើយ។
លោក ទេព អស្នារិទ្ធ បន្ថែមថា រាល់ការផ្សព្វផ្សាយព័ត៌មានដែលកើតចេញពីសកម្មភាពខុសច្បាប់ខាងលើ គឺជាព័ត៌មានដែលត្រូវបានរៀបចំឡើងដោយមានចេតនានយោបាយច្បាស់លាស់ពីភាគីថៃ ដើម្បីបង្កើតជារូបភាពអវិជ្ជមាន និងបង្កាច់បង្ខូចកិត្តិយសរបស់កម្ពុជាលើឆាកអន្តរជាតិ។ យើងសូមបដិសេធទាំងស្រុងនូវរាល់ខ្លឹមសារ ប្រភពព័ត៌មាន និងរបាយការណ៍ទាំងឡាយណាដែលរៀបចំ និងផលិតឡើងចេញពីសកម្មភាពបំពានទាំងនេះ។
កម្ពុជា និងថៃ មានយន្តការព្រំដែនទ្វេភាគីជាច្រើន។ ការចូលមកកាន់តំបន់នេះដោយឯកតោភាគី និងដោយគ្មានការអនុញ្ញាតជាមុនដោយអាជ្ញាធរកម្ពុជា ដែលឈរជើងនៅក្នុងតំបន់នោះ មិនត្រឹមតែជាទង្វើផ្ទុយនឹងច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបំពានយ៉ាងធ្ងន់ធ្ងរលើពិធីសារការទូត និងទំនុកចិត្តរវាងប្រទេសជិតខាងទាំងពីរទៀតផង។
កម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ធ្លាប់បានចេញកំណត់ទូតតវ៉ាយ៉ាងដាច់អហង្ការរួចមកហើយនាពេលកន្លងទៅចំពោះការនាំអ្នកសារព័ត៌មាន ព្រមទាំងអនុព័ន្ធយោធា ចូលមកកាន់តំបន់អូរស្មាច់នេះ។ កម្ពុជានៅតែបន្តប្រកាន់ជំហររឹងមាំនេះដដែល និងទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវទង្វើបំពានដែលគ្មានការទទួលខុសត្រូវនេះ។ កម្ពុជាខិតខំរក្សាទំនាក់ទំនងល្អជាអ្នកជិតខាង ប៉ុន្តែមិនអនុញ្ញាតឱ្យមានការរំលោភបំពានលើបូរណភាពទឹកដី និងការប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាឧបករណ៍ផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។
លោក ទេព អស្នារិទ្ធ សូមអំពាវនាវដល់សហគមន៍អន្តរជាតិ និងសាធារណជន មេត្តាពិភាក្សា និងពិចារណាឱ្យបានល្អិតល្អន់លើសភាពការណ៍ដែលបាននិងកំពុងកើតឡើង លើទឹកដីរបស់កម្ពុជានេះ ដោយផ្អែកលើមូលដ្ឋាននៃការពិត និងច្បាប់អន្តរជាតិ ជៀសវាងការធ្លាក់ក្នុងឧបាយកលនៃការបង្កើតស្ថានភាព និងប្រឌិតព័ត៌មានដែលរៀបចំដោយភាគីថៃនៅលើទឹកដីកម្ពុជាដោយខុសច្បាប់៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច