ព័ត៌មានទាន់ហេតុការណ៍៖

លុយញើសឈាមស្ត្រីម្នាក់បាញ់លុយច្រឡំអស់២ពាន់ដុល្លា ទៅឲ្យអ្នកនៅខេត្តព្រះវិហារ អស់រយ:ពេលជិត ០៥ ខែ ស្រាប់តែជួបអ្នកទទួលលុយនៅស្រុកល្វាឯមដោយចៃដន្យ

ចែករំលែក៖

ខេត្តកណ្តាល៖ ស្ត្រីម្នាក់បានបាញ់លុយច្រឡំអស់ ២.០០០ដុល្លា ទៅគណនីផ្សេងខុសគោលដៅ ដោយកើតហេតុតាំងពីវេលាម៉ោង០២និង១៩នាទី ថ្ងៃទី ០៩ ខែកុម្ភ: ឆ្នាំ២០២៦ នៅចំណុចភូមិជ្រោយជ្រៃ ឃុំសំបួរ ស្រុក ល្វាឯម ខេត្តកណ្តាល ស្រាប់តែចៃដន្យ ស្ត្រីរងគ្រោះបានជួបនិងស្គាល់ជនសង្ស័យ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦ (ជិត០៥ខែ) ក៏បានទូរសព្ទ័ប្តឹងសមត្ថកិច្ច ឲ្យអន្តរាគមន៍ឃាត់ខ្លួនបានភ្លាម ។

លោកវរសេនីយ៍ឯក មួង រដ្ធា អធិការនគរបាលស្រុកល្វាឯមបានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះ ជាម្ចាស់ទីតាំងវេរលុយ(វីង) មានឈ្មោះ លុយ ចាន់លាភ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិឃុំកើតហេតុ មុខរបរ បើកវីងវេរលុយ។ ប្រាក់បាត់បង់ចំនួន ២.០០០ដុល្លារ។ ចំណែកជនសង្ស័យមានឈ្មោះ SEAM KHEMARA (ស៊ាម ខេមរា) ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរមុខរបរបើករថយន្តស៊ីឈ្នួលដឹកស្រូវ វិជ្ជមាននូវសារធាតុញៀន មានទីលំនៅភូមិថ្មី សង្កាត់កំពង់សំណាក ក្រុងព្រះវិហារខេត្តព្រះវិហារ ។ វត្ថុតាងចាប់យក ÷ទូរសព្ទម៉ាក oppo ពណ៌ខ្មៅចំនួន០១គ្រឿង ។

លោកអធិការបានលំអិតសារបាន សាច់រឿងយ៉ាងដូច្នេះថា កាលពីថ្ងៃកើតហេតុ ទី០៩ខែកុម្ភ:ឆ្នាំ២០២៦ ស្ត្រីរងគ្រោះ បានផ្ទេរប្រាក់តាមរយៈ QR Code របស់ធនាគារ អេស៊ីលីដា ដោយច្រឡំទៅឲ្យឈ្មោះ SEAM KHEMARA ( ស៊ាម ខេមរា ) (ជនសង្ស័យ) ចំនួន ២.០០០ (ពីរពាន់ដុល្លារ)។ ក្រោយពីបានផ្ទេរប្រាក់រួច ទើបស្ត្រីរងគ្រោះ ដឹងថាផ្ទេរប្រាក់ច្រឡំគណនី។ ពេល នោះក៏បានព្យាយាមទំនាក់ទំនងទៅ ជនសង្ស័យតាមឆាតជាច្រើនដង។ ប៉ុន្តែទាក់ទងមិនបានសោះហើយស្ត្រីរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចូល ក្រសួងមហាផ្ទៃ និងស្នើឲ្យ ធនាគារ ABA បង្ក្កកគណនី ដែលនាងបាញ់ច្រឡំ ក៏ខាង ABA ធ្វើតាមសំណូមពរ ។

លុះនៅថ្ងៃទី ៣០ខែមិថុនាឆ្នាំ ២០២៦ជនសង្ស័យ ក៏ បានបើករថយន្តដឹកស្រូវចេញពីខេត្តបាត់ដំបង ដើម្បីឆ្ពោះទៅខេត្តព្រៃវែង ដោយឆ្លងកាត់តាមស្រុកល្វាឯម ហើយក៏បានមកកន្លែងវីងរបស់ស្ត្រីរងគ្រោះ ដើម្បីផ្ទេរប្រាក់ ពេលនោះស្ត្រីរងគ្រោះបានស្គាល់យ៉ាងច្បាស់ ក៏បានទូរសព្ទប្តឹងសមត្ថកិច្ចឲ្យជួយឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរ ។

នៅចំពោះមុខសមត្ថកិច្ច ជជនសង្ស័យបានសារភាពថា កាលអំឡុងខែ កុម្ភៈឆ្នាំ២០២៦គឺខ្លួនពឹតជាមានគណនីធនាគារ មួយមិនស្គាល់ បានបាញ់លុយចូលក្នុងគណនី ABA របស់ខ្លួនចំនួនទឹកប្រាក់ 2.000ដុល្លា ពឹតប្រាកដមែន តែខ្លួនមិនបានបាញ់ត្រឡប់ទៅម្ចាស់ដើមវិញនោះទេ ។

លុះវេលាម៉ោង១៦និង០០នាទី ថ្ងៃទី៣០ខែមិថុនាឆ្នាំ ២០២៦ ពេលខ្លួនបើករថយន្តដឹកស្រូវ ឆ្លងកាត់ស្រុកល្វាឯម ខ្លួនក៏បានចូលទៅវេលុយនៅផ្ទះវីង (ផ្ទះស្ត្រីរងគ្រោះ) ស្រាប់ម្ចាស់វីងស្គាល់ ក៏ទូរសព្ទប្តឹងសមត្ថកិច្ច ឲ្យឃាត់ខ្លួនបញ្ជូនមក អធិការរដ្ឋាននគរបាលស្រុកល្វាឯមទេីបខ្លួនដឹងថា ស្ត្រីម្ចាស់ផ្ទះវីង គឺជាម្ចាស់លុយ ២០០០ដុល្លា ដែលបាញ់ច្រឡំឲ្យខ្លួនកាលពីជិត០៥នខែមុន ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកល្វាឯមដេីម្បីកសាងសំណុំរឿងតាមនីតិវិធី ៕


ចែករំលែក៖