ខេត្តស្វាយរៀង៖ គណៈបញ្ជាការឯកភាពក្រុងបាវិត ធ្វើការស្រាវជ្រាវ និងបង្រ្កាប ទីតាំងសង្ស័យពាក់ព័ន្ធគ្រឿងញៀន ចំនួន២បន្ទប់ឃាត់ខ្លួន ជនសង្ស័យសរុបចំនួន ៤នាក់ស្ថិតនៅបន្ទប់ជួលក្នុងក្រុងបាវិត។
សមត្ថកិច្ចនគរបាលក្រុងបានអោយដឹងថា នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៦ លោក រ៉េត រក្សា អភិបាលរងក្រុង បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពក្រុង ដោយមានការសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានធ្វើការស្រាវជ្រាវ និងបង្រ្កាប ទីតាំងសង្ស័យពាក់ព័ន្ធគ្រឿងញៀន ស្ថិតនៅបន្ទប់ជួលស្នាក់នៅរបស់លោកស្រី ជុំ ទេវី ក្នុងភូមិបាវិតលើ សង្កាត់បាវិត។
សមត្ថកិច្ចបញ្ជាក់ទៀតថា ការចុះនេះ មានការចូលរួមពី លោក សំសំអុល អធិការនគរបាលក្រុង លោក អធិការរងនគរបាលក្រុង លោក នាយករងរដ្ឋបាលក្រុង លោក នាយផ្នែក លោក នាយប៉ុស្ដិ៍រដ្ឋបាលបាវិត លោក មេភូមិបាវិតលើ ។
ជាលទ្ធផល ក្រុមការងារបានរកឃើញជនសង្ស័យសរុបចំនួន ៤នាក់ មាន២សញ្ជាតិ ចំនួន ២បន្ទប់ និងវត្ថុតាងរួមមាន បន្ទប់ទី០១ រួមមានជនជាតិ តៃវ៉ាន់ ១នាក់ ជនជាតិវៀតណាម១នាក់ ក្រាមពណ៌សថ្លា ២កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀន ២គ្រឿង ទូរសព្ទដៃ ៣គ្រឿង អាយថេត ២គ្រឿង ម៉ូនីទ័រ ១គ្រឿង កាតធនាគារ ៩សន្លឹក លិខិតឆ្លងដែន ១ក្បាល ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
ចំណែក បន្ទប់ទី០២ រួមមានជនជាតិ តៃវ៉ាន់ ២នាក់ អាវុធខ្លី ២ដើម ថ្នាំគ្រាប់ពណ៌ក្រហម ៨គ្រាប់ ថ្នាំគ្រាប់ពណ៌ខ្មៅ ១,៥គ្រាប់ ក្រាមពណ៌សថ្លា ១កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀន ២គ្រឿង ទូរសព្ទដៃ ៦គ្រឿង អាយថេត ២គ្រឿង ក្បាលបារីអេឡិចត្រូនិច ១ប្រអប់ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
ចំពោះជនសង្ស័យ និងវត្ថុតាងសង្ស័យសារធាតុញៀនខាងលើ សមត្ថិកិច្ចបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីបន្តតាមច្បាប់៕

ដោយ៖សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច