ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ៖ ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត និងការទទួលបដិសណ្ឋារកិច្ចដ៏ល្អប្រសើរសម្រាប់ភ្ញៀវគ្រប់ជាតិសាសន៍ និងគ្រប់សាសនា

ចែករំលែក៖

ភ្នំពេញ ៖ ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត និងការទទួលបដិសណ្ឋារកិច្ចដ៏ល្អប្រសើរសម្រាប់ភ្ញៀវគ្រប់ជាតិសាសន៍ និងគ្រប់សាសនា ។

នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុង វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ៖ «ទឹកដីពោរពេញដោយភាពស្រស់ត្រកាល និងជាផ្ទះដែលផ្ដល់ទំនុកចិត្តសម្រាប់ការធ្វើដំណើរ»។

វេទិកានេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖ ការស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍មកកាន់កម្ពុជា ដែលជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្ត, ការបង្ហាញពីសក្តានុពល និងភាពសម្បូរបែបនៃផលិតផលទេសចរណ៍កម្ពុជា ព្រមទាំងការលើកកម្ពស់សេវាកម្មប្រកបដោយគុណភាព និងស្តង់ដា, និងការត្រៀមខ្លួនឱ្យបានរួចជាស្រេចក្នុងការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីម ស្របតាមនិន្នាការ និងតម្រូវការទីផ្សារអន្តរជាតិ។

កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូតបរទេស ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងសហគមន៍សាសនាឥស្លាម សមាគមទេសចរណ៍ វិស័យឯកជន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សរុបចំនួន ៥១៣នាក់។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ សៀវភៅស្តង់ដាមូស្លីមហ្វ្រែនលីកម្ពុជា (Cambodia Muslim-Friendly Tourism Standards) ដែលជាឯកសារគោលសម្រាប់អភិវឌ្ឍគោលដៅទេសចរណ៍ មូលដ្ឋានអាជីវកម្ម និងការផ្តល់សេវាបដិសណ្ឋារកិច្ចប្រកបដោយគុណភាព សុវត្ថិភាព និងទំនុកចិត្ត ជូនភ្ញៀវទេសចរមូស្លីម។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា វេទិកានេះ គឺជាការបន្តជោគជ័យពីវេទិកាទេសចរណ៍មូស្លីមលើកទី១ និងលើកទី២ និងជាជំហានថ្មីមួយក្នុងការអភិវឌ្ឍទេសចរណ៍មូស្លីមនៅកម្ពុជា តាមរយៈការពិភាក្សាអំពីនិន្នាការទីផ្សារ ការចាប់យកកាលានុវត្តភាពថ្មីៗ និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ វិស័យឯកជន និងដៃគូអន្តរជាតិ ដើម្បីរួមគ្នានាំកិត្តិនាមកម្ពុជាទៅកាន់ពិភពលោក។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ រួមទាំងអង្គទូតបរទេស វិស័យឯកជន ដៃគូអភិវឌ្ឍ ម្ចាស់ឧបត្ថម្ភ អ្នកផលិតមាតិកា (Influencers) ប្រតិបត្តិករទេសចរណ៍ និងក្រុមការងារទាំងអស់ ដែលបានចូលរួមគាំទ្រ ធ្វើឱ្យវេទិកានេះប្រព្រឹត្តទៅដោយជោគជ័យ។

លោករដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦ នឹងរួមចំណែកជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយបណ្តាប្រទេសនានា ព្រមទាំងបញ្ជាក់ឱ្យពិភពលោកបានឃើញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្ត៕

ដោយ ៖ សិលា


ចែករំលែក៖