ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងពេលអ៊ុយក្រែនបង្កើនការវាយប្រហារ មន្ត្រីកូរ៉េខាងជើង ទស្សនកិច្ចផ្លូវការទៅកាន់រុស្សុី

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងបានធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងមូស្គូ ដើម្បីចូលរួមក្នុងកិច្ចប្រជុំជាមួយសមភាគីរុស្ស៉ីរបស់លោកស្រី គឺលោក Sergey Lavrov ចំពេលអ៊ុយក្រែនបង្កើនការវាយប្រហាររយៈចម្ងាយឆ្ងាយលើរុស្ស៉ី។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថាលោកស្រី Choe Son Hui និងគណៈប្រតិភូរបស់លោកស្រីបានចេញដំណើរចាកចេញពីទីក្រុងព្យុងយ៉ាងឆ្ពោះទៅកាន់រុស្ស៉ី កាលពីថ្ងៃទី១៨ ខែកក្កដា។ ក្រសួងការបរទេសរុស្ស៉ីបានប្រកាសរួចហើយពីគម្រោងនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងដែលជាសម្ព័ន្ធមិត្ត និងអ្នកគាំទ្រ រុស្ស៉ីចំពោះសង្រ្គាមនៅអ៊ុយក្រែន។

រុស្ស៉ី និងកូរ៉េខាងជើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិមួយនៅពេលប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីឆ្នាំ២០២៤។ កូរ៉េខាងជើងបានបញ្ជូនមីស៊ីល គ្រាប់កាំភ្លើងធំ និងកងទ័ពរាប់ពាន់នាក់ទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ី ក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ជាថ្នូរទៅនឹង ការទទួលបានជំនួយហិរញ្ញវត្ថុ បច្ចេកវិទ្យាយោធា ស្បៀងអាហារ និងថាមពលត្រឡប់មកវិញ។ កាលពីខែមេសា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាគាំទ្រ និងជួយរុស្ស៉ីឱ្យឈ្នះក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។

រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក Andrei Belousov និងមន្ត្រីជាន់ខ្ពស់រុស្ស៉ីបានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីខែមេសា ដើម្បីចូលរួមក្នុងកិច្ចចរចាស្ដីពីការពង្រឹងទំនាក់ទំនងយោធា។ នៅពេលនោះ លោក Belousov បាននិយាយថាទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចដើម្បីចុះហត្ថលេខាលើផែនការកិច្ចសហប្រតិបត្តិការ ដែលមានរយៈកាលពីឆ្នាំ២០២៧ ដល់ឆ្នាំ២០៣១៕


ចែករំលែក៖