ភ្នំពេញ៖ សម្តេច ម៉ែន សំអន បានគាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំនៅកម្ពុជា ព្រោះវិស័យអប់រំនិងជួយឱ្យយុវជន ត្រៀមខ្លួនជាពលរដ្ឋសកលស្របតាមតម្រូវការនៃសតវត្សទី២១ ខណៈសាលារៀនអន្តរជាតិវ៉េស្ទឡាញន៍ សាខាក្រុងស្វាយរៀង សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងថ្ងៃនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការអនុវត្តនូវយុទ្ធសាស្ត្របបញ្ចកោណដំណាក់កាលទី១ស្របតាមអភិក្រមទាំង៤គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងឌីជីថល។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបញ្ជាក់បែបនេះ ខណៈសម្ដេចអញ្ជើញជាអធិបតី ក្នុងពិធី សម្ពោធអគារសិក្សានៃសាលារៀនអន្តរ ជាតិវ៉េស្ទឡាញន៍ សាខាក្រុងស្វាយរៀង ស្ថិតនៅក្បាលដីលេខ១១៨ ផ្លូវវាលយន្ត ភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅថ្ងៃអាទិត្យ៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។
ម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអរគុណចំពោះស្មារតីលះបង់ និងការប្តេជ្ញាចិត្តខ្ពស់របស់លោក ប្រធានក្រុមប្រឹក្សាភិបាលម្ចាស់ភាគហ៊ុនព្រមទាំងគណៈគ្រប់គ្រងនៃ ក្រុមហ៊ុនវេសឡាញអេឌ្យូខេសិនគ្រុបដែលបានពង្រីកវិសាលភាពវិនិយោគនិងនាំយកនូវសេវាអប់រំស្តង់ដារអន្តរ ជាតិ មកកាន់ខេត្តស្វាយរៀង។ ការបង្កើតសាលារៀនអន្តរជាតិនៅក្រុងស្វាយរៀង គឺជាការបង្ហាញពីការយកចិត្តទុកដាក់ក្នុងការផ្តល់ឱកាសសិក្សាដល់កុមារ និងយុវជននៅក្នុងខេត្ត និងតំបន់ជិតខាងឱ្យទទួលបានការអប់រំតាមស្តង់ដារ អន្តរជាតិប្រកបដោយបរិយាកាសសិក្សាទំនើប គ្រូបង្រៀនមានសមត្ថភាព និង កម្មវិធីសិក្សាដែលផ្តោតលើការអភិវឌ្ឍចំណេះ ដឹងជំនាញសីលធម៌ ភាពជាអ្នកដឹកនាំ និងការត្រៀមខ្លួនជាពលរដ្ឋសកលស្របតាមតម្រូវការនៃសតវត្សទី២១។
សម្តេចកិត្តិសង្គហបណ្ឌិត មានជំនឿថា សាលារៀនអន្តរជាតិវ៉េស្ទឡាញន៍សាខាក្រុងស្វាយរៀង និង ក្លាយជាគ្រឹះ ស្ថានអប់រំគំរូមួយ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ ធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ខេត្តស្វាយរៀង និងប្រទេសជាតិ។ ការរីកចម្រើនរបស់សាលារៀនអន្តរជាតិនៅក្រុងស្វាយរៀងក៏ជាសក្ខីភាពនៃកិច្ចសហការដ៏ល្អរវាងរាជរដ្ឋាភិបាល និងវិស័យឯកជនក្នុងការលើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
ក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចបានសង្កត់ធ្ងន់ និងការផ្តាំផ្ញើ បន្ថែមនូវចំណុចគន្លឹះមួយចំនួន ដូចខាងក្រោម៖
១. គណៈគ្រប់គ្រងលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់៖ សូមបន្តយកចិត្តទុកដាក់ និងពង្រឹងគុណភាពអប់រំជាប្រចាំ។ ក្រៅពីការផ្តល់ ចំណេះដឹង បច្ចេកវិទ្យា និងភាសាបរទេស ត្រូវរួមគ្នាបណ្តុះបណ្តាលក្មួយៗ សិស្សានុសិស្សឱ្យមាន វិន័យសីលធម៌ គុណធម៌ និងស្មារតីស្នេហាជាតិ។ ត្រូវធ្វើឱ្យសាលារៀន ក្លាយជាកន្លែងផ្តល់នូវចំណេះដឹងផង និងជាថ្នាលបណ្តុះ បណ្តាលពលរដ្ឋល្អសម្រាប់សង្គមជាតិផង។ ២.មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស សូមអំពាវនាវឱ្យ បន្តចូលរួមសហការ និងផ្សារភ្ជាប់ទំនាក់ទំនងជិតស្និទ្ធជាមួយសាលារៀន។ ការអប់រំ និងការកសាងអនាគតរបស់កូនៗ មិនមែនជាតួនាទីរបស់សាលាតែមួយមុខនោះទេ គឺទាមទារដាច់ខាតនូវការតាមដានជំរុញ និងផ្តល់ភាពកក់ក្តៅ ពីសំណាក់ឪពុកម្តាយនៅក្នុងរង្វង់គ្រួសារផងដែរ ៕

ដោយ៖សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច