ខេត្តព្រះសីហនុ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធ ហត្ថខេត្ដព្រះសីហនុ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង២១:១០នាទី កម្លាំងជំនាញ មន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ ចំនួន១២នាក់ ដឹកនាំដោយ លោក វរសេនីយ៍ឯក សុង កុសល មេបញ្ជាការរង ដោយមានការសម្របសម្រួលនិតិវិធីពី លោក ឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចុះត្រួតពិនិត្យឆែកឆេរ ទីតាំងសណ្ឋាគារ ៧៩៨ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ និងរកឃើញជនបរទេស ជនជាតិចិន ចំនួន០៩នាក់ (ស្រី០១នាក់) ពាក់ព័ន្ធនឹង ករណីលួចឆ្លងដែនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យជនជាតិចិន ភេទប្រុស ចំនួន០២នាក់ ពាក់ព័ន្ធនឹងករណី ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ,ជំរិតទារប្រាក់និងធ្វើការរំដោះ ជនជាតិចិន ចំនួន ០១នាក់ ផងដែរ ។
ការចុះត្រួតពិនិត្យឆែកឆេរខាងលើនេះ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ ។
នៅវេលាម៉ោង០៩:៣០នាទីព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ សមត្ថកិច្ចជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន០២នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តនីតិវិធីច្បាប់។ រីឯជនបរទេស ចំនួន០៩នាក់ (ស្រី ០១នាក់) ត្រូវបានបញ្ជូនទៅកាន់ស្នាក់ការត្រៀមបណ្តេញចេញ ក្រុងព្រះសីហនុ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៌ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច