ព័ត៌មានទាន់ហេតុការណ៍៖

Update៖ ធុំក្លិនស្អុយភាយៗចេញពីបន្ទប់ជួល ក៏គាស់បង្អួចមើលទើបដឹងថា មានមនុស្សស្លាប់ នៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ៖ បុរសជាកម្មកររោងចក្រកាត់ដេរម្នាក់ ក្រោយពេលប្រពន្ធទៅសម្រាលកូននៅឯស្រុកកំណើតបាត់ គាត់បានស្នាក់នៅក្នុងបន្ទប់ជួល ០១កន្លែង មានលេខ២F ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (នៅតែម្នាក់ឯង) ។

ប៉ុន្តែរយៈពេល០៤ថ្ងៃមកហើយ ឃើញតែបិទទ្វារបន្ទប់ជិត និងបាត់មិនឃើញគាត់ទៅធ្វើការសោះ។លុះរហូតដល់ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ បានធំក្លិនស្អុយភាយៗ ចេញពីក្នុងបន្ទប់ជួលដែលគាត់ស្នាក់នៅ ។ ដោយមានការសង្ស័យ កម្មករដែលជាអ្នកជិត ខាង ក៏បានទូរស័ព្ទប្រាប់ម្ចាស់ផ្ទះជួលឱ្យគាស់បង្អួចមើល ស្រាប់តែឃើញដេកស្លាប់ ហើមស្អុយបាត់ទៅហើយ ដោយការស្លាប់នេះគឺជាច្រើនថ្ងៃមកហើយ ។

បុរសជាកម្មករនោះ ឈ្មោះ ស៊ាន វិសាល អាយុ ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិចំការគួយខាងកើត ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មុខរបរកម្មកររោងចក្រ ។ បើតាមកម្មកររោងចក្រដែលស្នាក់នៅក្បែរបន្ទប់កើត ហេតុនោះប្រាប់សមត្ថកិច្ចថា កាលពីមុនបុរសនេះបានស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើនោះ ០២នាក់ប្រពន្ធគាត់ ប៉ុន្តែក្រោយមកប្រពន្ធបានទៅសម្រាលកូននៅឯស្រុកកំណើតមួយរយៈពេលមកហើយ ។ គាត់ក៏ស្នាក់នៅក្នុងបន្ទប់ជួលនោះម្នាក់ឯងរហូតមក ហើយរយៈពេល០៤ថ្ងៃកន្លងទៅនេះ ឃើញតែបន្ទប់នោះបិទ ទ្វារជិត អត់ដែលឃើញគាត់ចេញទៅធ្វើការឡើយ ។

ប្រភពដដែលបានឲ្យដឹងបន្តថា ខណៈនោះពុំមាននរណាបានដឹងថាគាត់ស្លាប់នោះទេ លុះដល់វេលាព្រឹកថ្ងៃកើតហេតុ បានធំក្លិនស្អុយចម្លែកភាយចេញពីក្នុងបន្ទប់បុរសនោះ ទើបពួកគាត់ (អ្នកជិតខាង) ទូរស័ព្ទទៅប្រាប់ម្ចាស់ផ្ទះជួលឱ្យគាស់បង្អួចបន្ទប់នោះមើល។ ពេល នោះ ស្រាប់តែឃើញបុរសខាងលើ ដេកស្លាប់ហើមស្អុយបាត់ទៅហើយដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ហើយម្ចាស់ផ្ទះជួលបានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះពិនិត្យធ្វើកោសល្យវិច័យ ។

សមត្ថកិច្ចបានបានឱ្យដឹងថា ក្រោយពីនគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រធ្វើការពិនិត្យកោសល្យវិច័យរួច បានសន្និដ្ឋានថា បុរសនោះស្លាប់ដោយជំងឺគាំងបេះដូង ហើយស្លាប់យៈពេល០៤ថ្ងៃមកហើយ! ។

បច្ចុប្បន្នសពបុរសជាកម្មកររោងចក្រ ខាងលើ ត្រូវបានដឹកយកទៅតម្កល់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀត ហៅមន្ទីរពេទ្យរុស្ស៊ីដើម្បីរង់ចាំប្រគល់ជូនក្រុមគ្រួសារ ដេីម្បីនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕


ចែករំលែក៖