ភ្នំពេញ ៖ លោក ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តយុទ្ធនាការក្នុងឆមាសទី១ ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីរាជការនៃសាលាដំបូងរាជធានីភ្នំពេញ សរុបចំនួន ២៨៩ រូប។
ក្នុងឱកាសបើកកិច្ចប្រជុំ លោក ងួន ណារ៉ា បានមានប្រសាសន៍បញ្ជាក់អំពីគោលបំណង និងសារៈសំខាន់នៃកិច្ចប្រជុំ មុននឹងលោក អ៊ី រិន្ទ ប្រធានលេខាធិការដ្ឋានរដ្ឋបាល ធ្វើបទបង្ហាញអំពីរបាយការណ៍លទ្ធផលនៃការអនុវត្តយុទ្ធនាការក្នុងឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦។
បន្ទាប់មក លោក ងួន ណារ៉ា បានដាក់ចេញនូវទិសដៅសំខាន់ៗ ដោយជំរុញឱ្យមន្ត្រីគ្រប់រូបបន្តពន្លឿនចំណាត់ការសំណុំរឿងគ្រប់ប្រភេទឱ្យបានឆាប់រហ័ស ម៉ឺងម៉ាត់ និងស្របតាមច្បាប់ ជាពិសេសសំណុំរឿងអាទិភាព រួមមានសំណុំរឿងអត្រានុកូលដ្ឋាន សំណុំរឿងចរាចរណ៍ សំណុំរឿងគ្រឿងញៀន សំណុំរឿងក្មេងទំនើង និងសំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ទន្ទឹមនឹងនេះ លោកក៏បានណែនាំឱ្យបន្តប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសំណុំរឿងឱ្យមានប្រសិទ្ធភាព ពង្រឹងកិច្ចសហការផ្ទៃក្នុង លើកកម្ពស់ស្មារតីទទួលខុសត្រូវ ភាពជាម្ចាស់ការ ប្រកាន់ខ្ជាប់វិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងការគោរពពេលវេលាការងារ ដើម្បីធានាឱ្យការផ្តល់សេវាយុត្តិធម៌មានគុណភាព ប្រសិទ្ធភាព និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកក៏បានរំលឹកអំពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្តីពីការបន្តអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនចំណាត់ការរឿងក្តីនៅតាមសាលាជម្រះក្តីទូទាំងប្រទេស ដោយផ្តោតជាសំខាន់លើសំណុំរឿងអាទិភាព ដើម្បីធានាឱ្យការសម្រេចរឿងក្តីប្រកបដោយប្រសិទ្ធភាព ឆាប់រហ័ស តម្លាភាព និងស្របតាមច្បាប់។
កិច្ចប្រជុំមិនត្រឹមតែជាវេទិកាសម្រាប់បូកសរុបលទ្ធផលការងារ និងទទួលអនុសាសន៍ពីថ្នាក់ដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់ថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្ត្រីពាក់ព័ន្ធ បានពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ក្នុងការអនុវត្តការងារជាក់ស្តែង ដើម្បីស្វែងរកដំណោះស្រាយ និងពន្លឿនការចាត់ចែងសំណុំរឿងឱ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងប្រសាសន៍បិទកិច្ចប្រជុំ លោក ច្រឹង ខ្មៅ បានក្រើនរំលឹកឱ្យមន្ត្រីទាំងអស់បន្តខិតខំពន្លឿនចំណាត់ការសំណុំរឿង ប្រកាន់ខ្ជាប់វិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងការគោរពពេលវេលាការងារ។ ជាមួយនោះ លោកក៏បានលើកទឹកចិត្តដល់មន្ត្រីដែលមិនទាន់សម្រេចបានលទ្ធផលល្អក្នុងឆមាសទី១ ឱ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចបានសមិទ្ធផលកាន់តែល្អប្រសើរក្នុងឆមាសទី២ ឆ្នាំ២០២៦។
កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងកិច្ចសហការល្អ ដោយអ្នកចូលរួមទាំងអស់បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តទិសដៅ និងអនុសាសន៍របស់ថ្នាក់ដឹកនាំឱ្យមានប្រសិទ្ធភាព សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពជឿជាក់នៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច