ភ្នំពេញ៖ រថយន្តLEXUS CT200H មួយគ្រឿង ខណៈម្ចាស់បើកសុខៗស្រាប់តែឆ្លងចរន្តបណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចបញ្ចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន័បាញ់ទឹកពន្លត់ភ្លាមៗ។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកេីតឡេីងកាលពីវេលាម៉ោង ៩:៣០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅត្រង់ចំណុចរង្វង់មូលកួចកាណុងគល់ស្ពានជ្រោយចង្វា សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បើតាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាក LEXUS CT200H ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BC-1302 ធ្វើដំណើរចេញពីផ្លូវព្រះមុនីវង្សរួចបត់ស្តាំឆ្ពោះទៅស្ពានជ្រោយចង្វា ខណៈពេលបើកមកដល់ចំណុចរង្វង់មូលកួចកាណុង ស្រាប់តែឆ្លងចរន្តបណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយភ្លាមៗនោះម្ចាស់រថយន្តនិងពលរដ្ឋក្បែរខាងនាំគ្នាទាញបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទប់ស្កាត់ជាបណ្តោះអាសន្ន រួចទាក់ទងទៅមន្ត្រីជំនាញសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បន្ទាន់។
ក្រោយមកកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានទទួលដំណឹងខាងលើក៏បញ្ចេញរថយន្តទៅជួយបាញ់ទឹកពន្លត់ជាច្រើនគ្រឿងទើបរលត់ទៅវិញជាស្ថាពរ។
បន្ទាប់ពីកម្លាំងជំនាញបាញ់ទឹកពន្លត់ចប់ឃើញថា កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿងទេីបភ្លើងរលត់ទៅវិញទាំងស្រុង ខណៈអ្នកបេីកបរឬអ្នកដទៃទៀតមិនមានគ្រោះថ្មាក់នោះឡេីយ៕ ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច