ព័ត៌មានទាន់ហេតុការណ៍៖

ចំណាយពេល៥ថ្ងៃ ករណីចោរស៊ីគ្រឿងក្នុងផ្ទះអស់៦ល្វែង ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកកំរៀងស្រាវជ្រាវចាប់ខ្លួនបាន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ សំណង់ផ្ទះល្វែងចំនួន០៦ល្វែងរបស់ក្រុមហ៊ុន «ស៊ីន ឃីម» ដែលស្ថិតក្នុងភូមិអូរដាលើ  ឃុំបឹងរាំង ស្រុកកំរៀង ត្រូវបានលោកចោរចំណាយពេល៥ថ្ងៃ ធ្វើសកម្មភាពគាស់ទម្លុះទម្លាយចូលលួចស៊ីគ្រឿងក្នុងអស់គ្មានសល់ ប៉ុន្តែត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកនេះធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ និងអ្នកទទួលផល «ចោរកម្ម»បានចំនួន០៣នាក់ជាបន្តបន្ទាប់ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៧ កក្កដា បន្ទាប់ពីសមត្ថកិច្ចទទួលបណ្ដឹងពីបុគ្គលិកក្រុមហ៊ុននេះ ។

យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថស្រុកកំរៀងបានឲ្យដឹងថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពគាស់ទម្លុះទម្លាយផ្ទះល្វែងទាំង០៦ខាងលើនេះ តាំងពីថ្ងៃទី២២ ខែកក្កដា រហូតដល់ព្រឹកថ្ងៃទី២៧ ខែកក្កដាទើបខាងក្រុមហ៊ុនបានដឹង និងដាក់ពាក្យបណ្ដឹងទៅកាន់បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង ដើម្បីសុំកិច្ចជួយអន្តរាគមន៍ ។

បើតាមរបាយការណ៍ដែលស្រង់ពីបណ្ដឹងរបស់តំណាងក្រុមហ៊ុន គឺអ្នកស្រី វណ្ណ ស្រីពេជ្រ  អាយុ៣៤ឆ្នាំបានឲ្យដឹងថា  សម្ភារៈដែលត្រូវបាត់បង់ដោយសារចោរលួចរួមមាន៖  ១-ម៉ាស៊ីត្រជាក់ចំនួន១៤គ្រឿង  ២-ម៉ូទ័របូមទឹកចំនួន០២គ្រឿង  ៣-ម៉ាស៊ីនទឹកក្ដៅចំនួន០៧គ្រឿង  ៤-បង្អួចកញ្ចក់ចំនួន០៥វង់ ៥-វាំងននចំនួន០៦ផ្ទាំង  ៦-ខ្សែភ្លើង  កុងតាក់ និងហ្វ្រីភ្លើងដែលរៀបនៅក្នុងផ្ទះទាំង០៦ល្វែង០២ជាន់ត្រូវលោកចោរគាស់កាត់ផ្ដាច់ប្រមូលយកទាំងអស់ ។   ពោល៖  សល់តែសម្បកផ្ទះល្វែង ។

ប្រធានមន្ទីរប្រឆាំងបទល្មើសព្រហ្មទណ្ឌ លោកសូ ឌី បានប្រាប់បន្ថែមថា  ក្រោយមន្ត្រីជំនាញទទួលបណ្ដឹងពីតំណាងក្រុមហ៊ុនភ្លាមៗ  កម្លាំងជំនាញបានស្រាវជ្រាវតាមឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ក្នុងនោះ មានម្នាក់ជាជនដៃដល់ធ្វើសកម្មភាពគាស់ទម្លុះទម្លាយផ្ទាល់  រីឯ០២នាក់ទៀតជាអ្នកទទួលទិញផល «ចោរកម្ម» ប៉ុន្តែនៅមានម្នាក់ទៀតដែលទើបនាំខ្លួនមកសួរនាំ គឺជាថៅកែអេតចាយដែលទទួលទិញ «ផលចោរកម្ម» ទាំងអស់នេះចុងក្រោយគេ ។

ជនសង្ស័យទាំង០៣នាក់ដែលឃាត់ខ្លួនបានដំបូង  ក្រោយទទួលពាក្យបណ្ដឹងរួមមាន ៖  ១-ឈ្មោះ ប្រាជ្ញ គឹមសា ភេទប្រុស អាយុ៤១ឆ្នាំ ២-ឈ្មោះ សុង យ៉ន ភេទប្រុស អាយុ៤៦ឆ្នាំ  និង៣-ឈ្មោះ ជា ម៉ៅ ភេទប្រុស អាយុ៤៦ឆ្នាំ  ក្រុមជនសង្ស័យទាំង០៣នាក់នេះ គ្មានមុខរបរពិតប្រាកដទេ ពួកគេរស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។

បើតាមមន្ត្រីជំនាញបានបញ្ជាក់ថា ក្រុមនេះ ត្រូវបានកម្លាំងជំនាញធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ បន្ទាប់ពីទទួលបណ្ដឹងតំណាងក្រុមហ៊ុន «ស៊ីន ឃីម» គឺអ្នកស្រី វណ្ណ ស្រីពេជ្រ ។

ក្រោយពីជនសង្ស័យត្រូវឃាត់ខ្លួន មន្ត្រីជំនាញដកហូតបានវត្ថុតាងមួយចំនួន ដូចជា៖ បំណែកម៉ាស៊ីនត្រជាក់ចំនួន០៦គ្រឿង, កង្ហារបឺតខ្យល់, កាមេរ៉ាសុវត្ថិភាព, វាំងននចំនួន០៦ផ្ទាំង,  កន្ត្រៃចំនួន៤, ទួណឺវីស,ពិលឆ្លុះនិងដង្កាប់ចំនួន០៤ (សម្ភារៈធ្វើសកម្មភាព), ម៉ូទ័រម៉ាស៊ីនត្រជាក់ចំនួន០២  រួមទាំងខ្សែភ្លើង និងទុយយោស្ពាន់មួយចំនួនផង ។

លោក សី ឌី បានបញ្ជាក់ថា  ផ្ទះល្វែងចំនួន០៦ ដែលត្រូវចោរគាស់ចូលលួចគ្រឿងក្នុងអស់គ្មានសល់នេះ ជារបស់ក្រុមហ៊ុន «ស៊ីន ឃីម» ។ កន្លងទៅ ក្រុមហ៊ុនបានជួលឲ្យអតិថិជនស្នាក់នៅ ប៉ុន្តែមួយរយៈចុងក្រោយនេះ អតិថិជនបានឈប់ជួលស្នាក់នៅ ហើយខាងក្រុមហ៊ុនបិទទ្វារទុកចោល ទើបចោរគាស់ទម្លុះទម្លាយចូលលួចគ្រឿងក្នុងបែបនេះ  បើទោះជាមានអ្នកយាមជាប្រចាំក្ដី ។

ពាក់ព័ន្ធនឹងអំពើ «ចោរកម្ម» នេះបើតាមលោក សូ ឌី បានបញ្ជាក់ដែរថា ដំបូងយើងបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ក្នុងនោះ មានម្នាក់ជាជនប្រព្រឹត្តផ្ទាល់ រីឯចំនួន០២នាក់ទៀតជាអ្នកទទួលទិញផលចោរកមុ្មពីជនដៃដល់ផ្ទាល់ ។ ប៉ុន្តែក្រោយពីជន០២នាក់នោះបានសារភាពដែលពួកខ្លួនយក «ផលចោរកម្ម» នោះទៅលក់បន្តឲ្យថៅកែទិញអេតចាយដ៏ធំមួយកន្លែងទៀត  ទើបលោកមេបញ្ជាការខេត្តបញ្ជាឲ្យមន្ត្រីជំនាញនាំខ្លួនលោកថៅកែអេតចាយនោះមកសួរនាំដែរ។

លោកបានបញ្ជាក់ថា  ពេលនេះថៅកែ

អេតចាយដ៏ធំនោះ មន្ត្រីជំនាញកំពុងសួរនាំតាមនីតិវិធី ។ ប៉ុន្តែលោក សូ ឌី មិនទាន់បង្ហាញអត្តសញ្ញាណលោកថៅកែអេតចាយដែលទទួលទិញផល «ចោរកម្ម» ចុងក្រោយនេះនៅឡើយទេ៕


ចែករំលែក៖