ខេត្តកំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងបានជាច្រើននាក់នាពេលកន្លងមក ដែលធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់និងមានការចង្អុល បង្ហាញពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជា ការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ ខ្លួនក្មេងទំនើងដែលនិយមចូលចិត្តបង្ហោះម៉ូតូតាមដង ផ្លូវសាធារណៈយកមកអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឃប់និងដកហូតម៉ូតូទុកជាបណ្តោះអាសន្ន នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាបន្តបន្ទាប់នាពេលកន្លងមកក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
ជាក់ស្តែងថ្មីៗនេះដែរ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបន្តបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើង១ក្រុមមានគ្នា០៣នាក់។ ពួកគេបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ បង្ករអោយខូចសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ពលរដ្ឋជុំវិញមានការភ័យ ខ្លាច ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៦ នៅចំណុចភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ក្មេងទំនើងទាំង០៣នាក់នេះរួមមាន៖ទី០១មានឈ្មោះ ផង់ ចាន់ឌី ភេទប្រុស អាយុ២៥ឆ្នាំ, ទី០២ឈ្មោះ ណុង សុខនាង ភេទប្រុស អាយុ១៦ឆ្នាំ និងទី០៣ឈ្មោះ ណុង វណ្ណៈ ភេទប្រុស អាយុ១៦ឆ្នាំ។ កម្លាំងអាវុធហត្ថចាប់យកវត្ថុតាងរួមមាន៖ម៉ូតូចំនួន២គ្រឿង(ម៉ាក SCCOPY ស៊េរីឆ្នាំ២០២៣ ពណ៌ក្រហម ផ្លាកលេខ កំពង់ស្ពឺ 1W- 0501 និងម៉ាក BEAT ស៊េរីឆ្នាំ២០២៦ ពណ៌ក្រហម ផ្លាកលេខ កំពង់ស្ពឺ 1Y-5662) ,ទូរស័ព្ទ ចំនួន០៣ គ្រឿងផងដែរ។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំង០៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកអប់រំណែនាំនិងធ្វើកិច្ចសន្យាចំពោះមុខ ឪពុក ម្តាយ និងអាណាព្យាបាល ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងនេះ ដែលនាំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ព្រម ទាំងធ្វើឲ្យប៉ះពាល់ដល់សណ្តាបធ្នាប់សាធារណៈ និងឈានទៅដល់ការបំផ្លាញទ្រព្យសម្បត្តិ ក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ ជាពិសេបង្កភាពអនាធិបតេយ្យក្នុងសង្គម ចំណែកម៉ូតូត្រូវបានកម្លាំងជំនាញដកហូតយកទៅរក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច