អភិបាលក្រុង Datu Saudi Ampatuan ស្ថិតនៅក្នុងខេត្ត Maguindanao រងការបាញ់សម្លាប់នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនក្នុងប្រទេសនេះ។
នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀននៅហ្វុីលីពីនកំពុងតែបន្តយ៉ាងសកម្ម។ អភិបាលក្រុង Samsudin Dimaukom និងអង្គរក្ស៩នាក់របស់ លោកត្រូវបានបាញ់សម្លាប់នៅតំបន់ old Bulatukan នៅវេលាម៉ោង៤និង៣០នាទី ព្រឹក ថ្ងៃទី២៨ ខែតុលា។
តាមរបាយការណ៍ជាបឋមបានឲ្យដឹងថា ក្បួនរថយន្តរបស់លោកអភិបាល ក្រុង Samsudin បានស្នើឲ្យឈប់នៅកន្លែង ត្រួតពិនិត្យស្ថិតនៅតំបន់ Barangay Balatukan នៅពេលដែលមានព័ត៌មានថាក្បួនរថយន្តរបស់អភិបាលក្រុងដឹកគ្រឿងញៀនខុសច្បាប់ទៅកាន់តំបន់ Cotabato និង Maguindanao ។ ប៉ុន្តែក្បួនរថយន្តនោះមិនបានឈប់ឡើយដោយផ្ទុះអាវុធគំរាមទៅវិញ។
កន្លងមកប្រធានាធិបតីឌុយទែរតេ បានដាក់មន្ត្រីមួយចំនួននៅក្នុងបញ្ជីជាបពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនខុសច្បាប់ ។ ក្នុងពេលនោះអភិបាលក្រុង Samsudin និងភរិយាដែលជាអភិបាលរងលោកស្រី Anida Dimaukom ក៏ស្ថិតនៅក្នុងបញ្ជីនោះ ដែរ។
កាលពីខែកញ្ញា ឆ្នាំ២០១៥ប៉ូលិសហ្វុីលីពីនធ្លាប់បានឆែកឆេរផ្ទះរបស់លោក Samsudin នៅតំបន់ Maguindanao ប៉ុន្តែ មិនបានរកឃើញអ្វីដែលគួរឲ្យសង្ស័យនោះឡើយ។
មានប្រសាសន៍នៅទីក្រុងដាវ៉ាវ ក្រោយពេលត្រឡប់មកពីប្រទេសជប៉ុនវិញលោកឌុយទែរតេបញ្ជាក់ថា នឹងមានអ្នកសា្លប់ពី ២០-៣០ពាន់នាក់នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក។ អ្នកដែលជួញដូរនិងប្រើប្រាស់គ្រឿងញៀនបើមិនឈប់ទេនោះគឺត្រូវតែស្លាប់។
ចំនួនអ្នកស្លាប់ដែលលោកបានប្រកាសនាពេលនេះគឺមានតិចតួចជាងពេលដែលលោកប្រកាសពេលឃោសនាបោះឆ្នោតថានឹងមានអ្នកពាក់ព័ន្ធគ្រឿងញៀនរហូតដល់ទៅ១០០ពាន់នាក់ស្លាប់ ។
ការសម្លាប់មនុស្សយ៉ាងច្រើនរបស់ហ្វុីលីពីនបានធ្វើឲ្យពិភពលោកថ្កោលទោសយ៉ាងខ្លាំង ទាំងមន្ត្រីនៅក្នុងប្រទេសដោយសារតែការស្លាប់ទាំងនោះស្ថិតនៅក្រៅប្រព័ន្ធតុលាការ ។ កន្លងមកតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC អាចនឹងមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការចោទប្រកាន់ទៅលើប្រធានា ធិបតីហ្វុីលីពីន លោកឌុយទែរតេ ពីបទសម្លាប់រង្គាលក្រៅប្រព័ន្ធតុលាការនៅក្នុងយុទ្ធនាការបោសសម្អាតគ្រឿងញៀនរបស់លោកក្នុងរយៈពេល៣ខែនៃការឡើងកាន់អំណាចបានសម្លាប់មនុស្សជិត៤ពាន់នាក់។
ពលរដ្ឋហ្វុីលីពីនជិត៤.០០០នាក់ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនជាចំនួនយ៉ាងច្រើនមិនធ្លាប់មានក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន ។ ទាំងនោះហើយបានជាធ្វើឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋានអន្តរជាតិក្នុងនោះមានអាមេរិក ។
កាលពីថ្ងៃទី១៣ ខែតុលា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានព្រមានថា ការសម្លាប់មនុស្សយ៉ាងច្រើននោះនឹងត្រូវតុលាការអន្តរជាតិចោទប្រកាន់ទោសទៅលើរដ្ឋាភិបាល ។
ប្រធានាធិបតីហ្វុីលីពីនលោកឌុយទែរតេបានហៅប្រធានាធិបតីអាមេរិក និងអឺរ៉ុប ព្រមទាំងអង្គការសហប្រជាជាតិថា “ល្ងង់ ខ្លៅ” ដោយលោកបញ្ជាក់ថា គ្មានអ្នកណាឆ្លាតជាងលោកឡើយនិងគំរាមថានឹងធ្វើឲ្យអាម៉ាសទាំងអស់គ្នា។ ចៅក្រមតុលាការ ICC បញ្ជាក់ថា “ខ្ញុំព្រួយបារម្ភយ៉ាងខ្លាំងពីការសម្លាប់មនុស្សនៅប្រទេសហ្វុីលីពីនក៏ដូចជាការប្រកាស របស់រដ្ឋាភិបាលពីការសម្លាប់អ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយគ្មានទោស។
ហ្វុីលីពីនគឺជាសមាជិករបស់ ICC ចាប់ តាំងពីខែវិច្ឆិកា ឆ្នាំ២០១១មក ដូច្នេះប្រទេស នេះនឹងស្ថិតនៅក្នុងការត្រួតពិនិត្យនិងកាត់ ទោសរបស់ ICC ប្រសិនបើមានទោស ។នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីហ្វុីលីពីនចេញបញ្ជាឲ្យប៉ូលិស ទាហាន ឬពលរដ្ឋអាចសម្លាប់អ្នកប្រើប្រាស់និងជួញដូរគ្រឿងញៀនបាន ដោយមិនមានទោសអ្វីឡើយ ។ លោក ឌុយទែរតេក៏បានប្រកាសថា មានករណីសម្លាប់មនុស្សខុសក្នុងសង្គ្រាមនោះដែរ ហើយរដ្ឋាភិបាលនឹងបើកការស្រាវជ្រាវពីបញ្ហាខាងលើ ៕ ម៉ែវ សាធី