ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំង នគរបាលខេត្តបាត់ដំបង  ឃាត់ខ្លួនជនសង្ស័យ ម្នាក់ក្នុងចំណោម៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ នគរបាលខេត្តស្វាយរៀង  សហការជាមួយកម្លាំង នគរបាលខេត្តបាត់ដំបង  ឃាត់ខ្លួនជនសង្ស័យ ម្នាក់ក្នុងចំណោម៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូនៅក្រុងបាវិត។

សមត្ថកិច្ចនគរបាលខេត្តបានអោយដឹងនៅថ្ងៃទី១២ខែសីហាឆ្នាំ២០២៦នេះ ថាជនសង្ស័យមានឈ្មោះ សឿន ស៊ូហាក់ នៅចំណុច ផ្ទះរបស់ខ្លួន ស្ថិតនៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

សមត្ថកិច្ចនគរបាលបញ្ជាក់ទៀតថា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦វេលាម៉ោង៦និង១០នាទីល្ងាច ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដោយក្នុងពាក្យបណ្ដឹង បានរៀបរាប់ដូចគ្នាថាពួកខ្លួនជាកម្មកររោងចក្រអាយរ៉ុន ក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុង ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង បានជិះម៉ូតូយកមកទុកនៅរោងកន្លែងកម្មករផ្ញើរម៉ូតូរៀងរាល់ព្រឹក ហើយដើរទៅចូលរោងចក្រធ្វើការធម្មតា ធ្វើរហូតដល់ម៉ោង៤និង៣០នាទីល្ងាច ពួកខ្លួនចេញពីធ្វើការដើរទៅកន្លែងផ្ញើម៉ូតូមិនឃើញម៉ូតូទាំង០៣នាក់ ក៍នាំគ្នាដើររកតែរកមិនឃើញសោះក៍អោយក្រុមហ៊ុនជួយឆែកកាំមេរ៉ាសុវត្តិភាពមើលក៍ឃើញសន្តិសុខទាំង០៣នាក់ បានលួចយកម៉ូតូរបស់ពួកខ្លួនជិះម៉ូតូចេញទៅបាត់។

ក្រោយពេលទទួលបណ្ដឹងរួច ដោយមានបទបញ្ជារពីលោក សំ សំអុល អធិការនគរបាលក្រុងបាវិត សមត្ថកិច្ចជំនាញព្រហ្មទណ្ឌក្រុង សហការជាមួយប៉ុស្តិ៍រដ្ឋបាលព្រៃអង្គុញ ស្រាវជ្រាវតាមកាមេរ៉ាសុវត្តិភាព ឃើញថា នៅវេលាម៉ោង១៣និង៤០នាទី នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ ក្រុមជនសង្ស័យជិះម៉ូតូម្នាក់០១គ្រឿង ដែលជាម៉ូតូរបស់ជនរងគ្រោះខាងលើ បើកចេញពីរោងចក្រ តំបន់សានតុង ជិះទៅទិសដៅទិសខាងលិច  តាមបណ្ដោយផ្លូវជាតិលេខ១ ។

រួចសមត្ថកិច្ចបានស្រាវជ្រាវតាមវិធានការជំនាញ កំណត់ទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ រហូតដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២៦  ដោយមានការអនុញ្ញាតិពីថ្នាក់ដឹកនាំ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានពន្លាតដែនដី សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកថ្មគោល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  ធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សឿន ស៊ូហាក់ រួមទាំង ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ឆ្នាំផលិត២០២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ស្វាយរៀង 1V.3020 ( វត្ថុតាង ជាម៉ូតូរបស់ជនរងគ្រោះ)  ។

បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចជំនាញនៃអធិការនគរបាលក្រុងបាវិត បានក៏សាងសំណុំរឿង បញ្ជួនទៅការិយាល័យជំនាញ ចាត់ការបន្តនីតិវិធីតាមផ្លុវច្បាប់ ។

ចំណែកបក្ខពួកជនសង្ស័យដែលនៅសេសសល់សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនបន្តអោយខានតែបាន៕

ដោយ៖ សុថាន

 


ចែករំលែក៖