ចាប់តាំងពីការចេញច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានដាក់ឱ្យអនុវត្តមក មានសំណួរជាច្រើនលើកឡើងក្នុងចំណោមយុវជន និងក្រុមគ្រួសារ អ្នកខ្លះសួរថា តើអាយុប៉ុន្មានត្រូវចូលយោធា? អ្នកខ្លះទៀតបារម្ភថា បើកូនកំពុងរៀន តើការសិក្សានឹងត្រូវផ្អាកឬទេ? ហើយចុះបើអ្នកកំពុងធ្វើការនៅក្រៅប្រទេស តើត្រូវធ្វើដូចម្តេច?
ទាំងនេះជាសំណួរសមហេតុផល ព្រោះកាតព្វកិច្ចយោធាជារឿងដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយជីវិត និងអនាគតរបស់យុវជន ប៉ុន្តែមុននឹងមានការព្រួយបារម្ភ ឬការទទួលបានព័ត៌មានមិនគ្រប់ជ្រុងជ្រោយណាមួយដែលបានផ្សព្វផ្សាយតៗគ្នា ដូច្នេះត្រូវយល់ឱ្យបានច្បាស់អំពីច្បាប់នេះជាមុនសិន។
រឿងដំបូងគេដែលត្រូវស្វែងយល់ឱ្យច្បាស់នោះ គឺការធ្វើជំរឿន និងការចូលបំពេញកាតព្វកិច្ចយោធា មិនមែនជារឿងតែមួយនោះទេ។
យោងតាមអនុក្រឹត្យ ការធ្វើជំរឿនគឺអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរភេទប្រុសដែលមានអាយុចាប់ពី ១៧ ដល់ ២៥ ឆ្នាំ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ។ ការធ្វើជំរឿនមានគោលបំណងប្រមូលព័ត៌មាន និងរៀបចំបញ្ជីឱ្យបានច្បាស់ថា តើមានយុវជនប៉ុន្មាននាក់ស្ថិតនៅក្នុងវ័យដែលត្រូវជ្រើសរើសដើម្បីបំពេញកាតព្វកិច្ចនៅពេលក្រោយ។
ហេតុនេះ អ្នកមានអាយុ ១៧ ឆ្នាំដែលត្រូវចូលក្នុងបញ្ជីជំរឿន មិនមានន័យថា ត្រូវចូលកងទ័ពភ្លាមៗនោះទេ ជំរឿនគឺជាការរៀបចំទិន្នន័យសម្រាប់ការអនុវត្តកាតព្វកិច្ចយោធាតែប៉ុណ្ណោះ។ ការធ្វើជំរឿនត្រូវធ្វើ ជារៀងរាល់ឆ្នាំ ចាប់ពីដើមខែតុលា រហូតដល់ដំណាច់ខែធ្នូ ដោយទិន្នន័យអាចប្រមូលតាមរយៈក្រសួងមហាផ្ទៃ តាមរដ្ឋបាលឃុំ សង្កាត់ ឬតាមការចុះធ្វើជំរឿនដោយផ្ទាល់។ ចំពោះការចូលបំពេញកាតព្វកិច្ចវិញ អនុក្រឹត្យកំណត់ប្រជាពលរដ្ឋខ្មែរដែលមានអាយុពី ១៨ ដល់ ២៥ ឆ្នាំ ហើយរយៈពេលបំពេញកាតព្វកិច្ចគឺ ២៤ ខែ ឬពីរឆ្នាំ។
ប៉ុន្តែត្រង់ចំនុចនេះក៏មានការយល់ច្រឡំមួយចំនួន ចំពោះការដែលច្បាប់កំណត់អាយុ ១៨ ដល់ ២៥ ឆ្នាំ មិនមានន័យថា យុវជនគ្រប់រូបនៅក្នុងអាយុនេះត្រូវចូលបម្រើយោធានៅពេលតែមួយទេ ការជ្រើសរើសត្រូវធ្វើតាមចំនួនតម្រូវការប្រចាំឆ្នាំ និងតាមនីតិវិធីដែលបានកំណត់។
ការជ្រើសរើសមានពីររបៀប គឺការចូលដោយស្ម័គ្រចិត្ត និងការចូលតាមរយៈការចាប់ឆ្នោត ចំពោះអ្នកដែលត្រូវបានជ្រើសរើស នឹងមានការអញ្ជើញជាផ្លូវការដល់សាមីខ្លួន ហើយត្រូវទៅបង្ហាញខ្លួនតាមពេលវេលា និងទីកន្លែងដែលបានកំណត់នៅក្នុងលិខិតអញ្ជើញនោះ។
ចំពោះយុវជនដែលកំពុងសិក្សាក៏មិនមែនមានន័យថា ពេលដល់អាយុហើយត្រូវបោះបង់ការសិក្សាចោលនោះទេ ក្នុងអនុក្រឹត្យនោះបានកំណត់អំពីការអាចស្នើសុំពន្យារពេលសម្រាប់សិស្ស និស្សិត ជនទេសន្តរប្រវេសន៍ការងារ និងមន្ត្រីរាជការដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេសបាន ដោយការពន្យារពេលនោះអាចធ្វើបានមួយឆ្នាំម្តង រហូតដល់បួនដង តាមលក្ខខណ្ឌដែលបានកំណត់។
ការពន្យារពេលនេះត្រូវដាក់ពាក្យស្នើសុំ ហើយត្រូវមានមូលហេតុ និងឯកសារបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច បើនិយាយឱ្យច្បាស់ គឺមិនមែនគ្រាន់តែប្រាប់ថា «ខ្ញុំកំពុងរៀន» ហើយអាចពន្យារបានដោយស្វ័យប្រវត្តិនោះទេ ត្រូវអនុវត្តតាមនីតិវិធីដែលបានកំណត់។
អ្វីដែលគ្រួសារគួរយល់ដឹង គឺអ្វីដែលកើតឡើង ក្រោយពេលយុវជនបញ្ចប់កាតព្វកិច្ច ក្នុងអនុក្រឹត្យនោះបានកំណត់ឱ្យក្រសួងការពារជាតិចេញលិខិតបញ្ជាក់ពីការបញ្ចប់កាតព្វកិច្ចយោធា សិស្ស និងនិស្សិតដែលបានបញ្ចប់កាតព្វកិច្ចហើយ អាចត្រឡប់ទៅបន្តការសិក្សាវិញ ដោយរក្សាលទ្ធផលសិក្សាកន្លងមក។ ចំពោះអ្នកដែលមានការងារ ក៏មានបទប្បញ្ញត្តិអំពីការត្រឡប់ទៅបម្រើការងារដើមវិញ និងការរក្សាមុខតំណែងតាមលក្ខខណ្ឌដែលច្បាប់បានកំណត់ផងដែរ។
ចំណុចនេះមានសារៈសំខាន់ណាស់ ព្រោះឪពុកម្តាយមួយចំនួនអាចបារម្ភថា បើកូនចូលបំពេញកាតព្វកិច្ចពីរឆ្នាំ នោះអនាគតសិក្សា ឬការងាររបស់កូនៗរបស់ពួកគាតអាចនឹងត្រូវបាត់បង់ តែតាមបទប្បញ្ញត្តិដែលបានកំណត់ មិនមែនបែបនោះទេ គឺមានការរៀបចំយ៉ាងច្បាស់លាស់សម្រាប់ឱ្យពួកគេអាចត្រឡប់ទៅរកជីវភាពជាជនស៊ីវិលវិញបានជាធម្មតាដោយមិនបាត់បង់ផលប្រយោជន៏ណាមួយឡើយ។
ក្នុងអំឡុងពេលបំពេញកាតព្វកិច្ច យោធិនក៏មិនត្រូវបានទុកឱ្យគ្មានការគាំទ្រឡើយ អនុក្រឹត្យបានកំណត់ប្រាក់ឧបត្ថម្ភប្រចាំខែក្នុងម្នាក់ចំនួន ៤០០,០០០ រៀល ព្រមទាំងរបបឧបត្តម្ភផ្សេងៗ ដូចជា ប្រាក់ម្ហូបប្រចាំថ្ងៃ ប្រាក់អាហារបំប៉នពេលហ្វឹកហាត់ ប្រាក់ឧបត្ថម្ភគ្រួសារ និងកូន របបអង្ករ ឯកសណ្ឋាន និងបរិក្ខារចាំបាច់មួយចំនួន ហើយក៏មានការកំណត់អំពីការសង្គ្រោះ និងព្យាបាលចំពោះយោធិនដែលមានជំងឺ រងរបួស ឬជួបគ្រោះថ្នាក់ រីឯចំពោះយោធិនដែលពលី មរណៈ ឬពិការ ក្នុងអំឡុងពេលបំពេញបេសកកម្ម ក៏មានគោលការណ៏ឧបត្តម្ភដែលត្រូវទទួលបានតាមលក្ខខណ្ឌនីមួយៗផងដែរ។
ក្រោយបញ្ចប់កាតព្វកិច្ច យោធិនក៏មានអាទិភាពមួយចំនួន ដូចជាការទទួលការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅគ្រឹះស្ថានសាធារណៈ និងអាទិភាពក្នុងការជ្រើសរើសចូលបម្រើជាយោធិនអាជីព ប្រសិនបើពួកគេចង់បន្តអាជីពក្នុងនាមជាកងយោធពលខេមរភូមិន្ទ។
អត្ថប្រយោជន៏នៅពេលបញ្ចប់ការបំពេញកាតព្វកិច្ចយោធាពីរឆ្នាំ គឺ «យុវជនមិនបាត់ឬខាតពេលពីរឆ្នាំ» នោះទេ ក្នុងរយៈពេលនោះ ពួកគាត់បានរៀនរស់នៅក្នុងវិន័យ ហ្វឹកហ្វឺន និងទទួលការបណ្តុះបណ្តាលតាមកម្មវិធីដែលកំណត់ ហើយអាចជួយឱ្យយុវជនទាំងនោះទទួលបានទាំងបទពិសោធន៍ និងជំនាញដែលអាចយកទៅប្រើបាននៅពេលត្រឡប់មកជាជីវិតជនស៊ីវិលវិញ។
គួររំលឹកផងដែរថា កម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ និងការបែកបាក់ជាតិអស់ជាច្រើនទសវត្សរ៍មកហើយ ដូច្នេះមនុស្សជំនាន់មុនដឹងច្បាស់ជាងយើងថា សន្តិភាពមានតម្លៃប៉ុណ្ណា។ យើងដែលកំពុងរស់នៅក្នុងសម័យនេះ គួរយល់ថា ការរក្សាសន្តិភាព និងការការពារអធិបតេយ្យភាពជាតិ មិនមែនជាការងាររបស់កងទ័ពតែប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួម ដែលត្រូវការការចូលរួមពីស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូបដែលយល់ពីតួនាទី និងកាតព្វកិច្ចរបស់ខ្លួន។
សម្រាប់យុវជនដែលត្រូវបានជ្រើសរើស ការចូលបំពេញកាតព្វកិច្ចគឺជាការទទួលខុសត្រូវមួយដែលច្បាប់បានកំណត់ ដូច្នេះការចូលបម្រើជាតិ មាតុភូមិ ក៏ជាការបង្កឱកាសមួយឱ្យពួកគាត់អាចចូលរួមជាមួយប្រទេសជាតិតាមរបៀបមួយដែលខុសពីការសិក្សា ឬការងារប្រចាំថ្ងៃផងដែរ។
នៅទីបញ្ចប់ រឿងដែលយុវជន និងឪពុកម្តាយត្រូវដឹងគឺថា យុវជនអាយុ ១៧ ឆ្នាំគឺជាវ័យដែលត្រូវចូលរួមក្នុងការធ្វើជំរឿន ខណៈការបំពេញកាតព្វកិច្ចយោធាគឺស្ថិតនៅក្នុងអាយុ ១៨ ដល់ ២៥ ឆ្នាំ តាមលក្ខខណ្ឌដែលច្បាប់ និងបទប្បញ្ញត្តិអនុវត្តបានកំណត់។ អ្នកដែលកំពុងសិក្សា ធ្វើការនៅក្រៅប្រទេស ឬស្ថិតក្នុងករណីដែលច្បាប់អនុញ្ញាត ក៏អាចស្នើសុំពន្យារពេលតាមនីតិវិធីបានដែរ។
យុវជនគឺជាកម្លាំងសំខាន់របស់ប្រទេសជាតិ ការជួយឱ្យពួកគេមានវិន័យ មានជំនាញ មានការទទួលខុសត្រូវ និងមានស្មារតីស្រឡាញ់ និងការពារមាតុភូមិ មិនមែនជាការងាររបស់ស្ថាប័នណាមួយតែមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា៕

ដោយ៖ពិន វិជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច