ភ្នំពេញ៖ លោក លី ធុជ បានបញ្ជាក់ថា៖ ការបង្កើតឱ្យមានវេទិកាសាធារណៈនៅមូលដ្ឋានបែបនេះ គឺបានបង្ហាញពីភាពស្និទ្ធស្នាលនិងទំនាក់ទំនងស្អាតស្អំ រវាងអាជ្ញាធរ នឹងប្រជាពលរដ្ឋ ។
លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានស្រុកបាធាយខេត្តកំពង់ចាម បានបញ្ជាក់បែបនេះ ខណៈលោក ចូលរួមជាអធិបតីបើកវេទិកាសាធារណៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ដោយមានការចូលរួមពី ប្រជាពលរដ្ឋមកពីភូមិ៤ គឺភូមិស្វាយពក ភូមិបាធាយ ភូមិស្រះព្រីង និងភូមិទួល នៃស្រុកបាធាយ ខេត្តកំពង់ចាម ជិត៣០០នាក់ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ។
លោក លី ធុជ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម បានមានប្រសាសន៍លើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុនសែន និងសម្តេចធិបតីហ៊ុន ម៉ាណែត លើការអភិវឌ្ឍជាតិ ការការពារជាតិ រក្សាសុខសន្តិភាព កំណើនសេដ្ឋកិច្ចសង្គម ការកាត់បន្ថយភាពក្រីក្រ ការរក្សាលំនឹងស្ថិរភាពនយោបាយ, ការបណ្តុះបណ្តាលកសាងធនធានមនុស្សក៏ដូចជាការគិតគូរខ្ពស់លើសេវាសុខុ មាលភាពជូនប្រជាពលរដ្ឋឲ្យមានសុខភាពល្អប្រសើរតាមរយៈការផ្តល់ជូននូវបណ្ណប.ស.ស បណ្ណសមធម៌ និង បណ្ណក្រីក្រជាដើម ក្នុងន័យដើម្បីឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារ ។
លោក លី ធុជ បានបន្តថា ការបង្កើតវេទិកាសាធារណៈនៅពេលនេះក្នុងន័យ ដើម្បីស្តាប់ពីដំណើការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ក៏ដូចជាការបង្កើនភាពស្និទ្ធស្នាលនិងទំនាក់ទំនងស្អាតស្អំរវាងអាជ្ញាធរ នឹងប្រជាពលរដ្ឋ ជាពិសេសដើម្បីស្តាប់ពីការលើកឡើងពីសំណូមពរនិងសំណើបញ្ហាក្តីកង្វល់ផ្សេងៗ ពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកបាធាយ ដើម្បីឱ្យប្រធាននៃអង្គវេទិកាធ្វើការដោះស្រាយភ្លាមៗ។
សូមបញ្ជាក់ថា ក្នុងវេទិកាសាធារណៈនាពេលនេះបានរកឃើញនូវបញ្ហាជាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលឃុំ និងក្រុមការងារយកទៅពិនិត្យពិចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងឃុំ ជាពិសេសពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល វិស័យឯកជនក្នុងកិច្ចអភិវឌ្ឍន៍របស់ឃុំឲ្យកាន់តែល្អប្រសើរឡើង។ ដំណើរការនៃវេទិកានេះបានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមរបស់ប្រជាពលរដ្ឋយ៉ាងសកម្មក្នុងការលើកឡើងនូវបញ្ហានិងការបញ្ចេញមតិ។ អង្គវេទិកាទទួលបាននូវសំនួរ និង សំណូមពរពីតំណាងប្រជាពលរដ្ឋជាច្រើនដែលផ្តោតលើការសុំប្រេងចាក់ម៉ាស៊ីនបូមទឹក ជីកប្រឡាយទឹក ជួសជុលកសាងផ្លូវ ,សង់របងនិងអគារសាលារៀន ស្នើសុំអន្តរាគមន៍បើកផ្លូវសាធារណៈដែលបិទដោយបុគ្គលឯកជនឱ្យបានចរាចរឡើងវិញ រួមទាំងសម្លៀកបំពាក់សម្រាប់ប្រជាការពារភូមិជាដើម។ ដោយបញ្ហាដែលស្នើឡើងក៏ត្រូវអង្គវេទិកាបានឆ្លើយ តប និងស្រាយបំភ្លឺភ្លាមៗ។ ដោយឡែកសំណួរនិងសំណូមពរដែលនៅសល់មិនទាន់បានឆ្លើយតបពេលនេះនឹងយកទៅពិភាក្សាដោះស្រាយនៅពេលក្រោយតាមប្រភេទរដ្ឋបាល និងក្រុមការងារតាមថ្នាក់នីមួយៗ ៕

ដោយ៖ សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច