ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសង្គមកិច្ច៖ ឪពុកម្តាយ ឬអ្នកអាណាព្យាបាល ដែលបង្កើតកូន(ទារក) និងកុមារហើយយកទៅបោះបង់ចោល ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ថ្មីៗនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកត់សម្គាល់ឃើញថា មានឪពុកម្តាយ ឬ អ្នកអាណាព្យាបាលមួយចំនួនតូច បានបោះបង់ទារក ឬកុមារ នៅតាមមន្ទីរពេទ្យ ឬទីសាធារណៈ ហើយមានការ ចែកផ្សាយជាបន្តបន្ទាប់នៅក្នុងបណ្តាញសង្គម។ ក្រសួងសូមចាត់ទុកអំពើនេះ ជាអំពើអមនុស្សធម៌ ឃោរឃៅ និងព្រៃផ្សៃ ដែលផ្ទុយនឹងច្បាប់ សេចក្តីថ្លៃថ្នូរ វប្បធម៌ ក្រមសីលធម៌ គោលនយោបាយកិច្ចការពារកុមារ អនុសញ្ញា ស្តីពីសិទ្ធិកុមារ និងលិខិតូបករណ៍អន្តរជាតិដទៃទៀត។

ទន្ទឹមគ្នានេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ពិនិត្យឃើញថា អំពើល្មើសខាងលើនេះ គឺមានចែងនៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៩ ដែលឪពុកម្តាយ ឬអ្នកអាណាព្យាបាល ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដូចមានខាងក្រោម៖

– មាត្រា៣២១៖ បទបោះបង់អនីតិជន “អំពើរបស់បុគ្គលមានអំណាចថែរក្សា ដែលបោះបង់អនីតិជនអាយុ តិចជាង១៥ឆ្នាំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ រៀល ទៅ ១០ ០០០ ០០០ រៀល ប្រសិនបើអំពើបោះបង់នោះបណ្តាលឱ្យអន្តរាយដល់សុខភាព ឬសន្តិសុខរបស់ អនីតិជននោះ។”

– មាត្រា៣៣០៖ បទញុះញង់ឱ្យបោះបង់ទារក “អំពើនៅក្នុងគោលដៅចង់បានកម្រៃ ញុះញង់ដោយផ្ទាល់ ដល់ឪពុកម្តាយ ឬដល់ឪពុក ឬម្តាយឱ្យបោះបង់ចោលទារកដែលកើតមកហើយ ឬដែលនឹងកើត ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ១០០ ០០០ រៀល ទៅ ១ ០០០ ០០០ រៀល។”

ពាក់ព័ន្ធករណីខាងលើនេះ កន្លងទៅក្រសួងធ្លាប់បានធ្វើការណែនាំជាច្រើនដងរួចមកហើយ ប៉ុន្តែដើម្បីជា ការក្រើនរំលឹកក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ក្រសួងសូមធ្វើការណែនាំដល់មន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី-ខេត្ត ត្រូវបន្តពង្រឹងកិច្ចសហការ និងជំរុញការអនុវត្តតួនាទី ភារកិច្ចរបស់អង្គភាព រួមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ លើការអនុវត្តនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តនានា ទាក់ទងនឹងកិច្ចការពារទារក ឬកុមារពីការបោះបង់ចោល ជាពិសេសប្រកាសលេខ ២២៨០ ស.អ.យ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១១ ស្តីពីនីតិវិធីអនុវត្តគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ និងប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លេខ០៧៤ ប្រក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ស្តីពីការដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ។

ក្រសួង សូមសំណូមពរដល់ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវសហការអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវតួនាទីភារកិច្ចរបស់ខ្លួន ដូចមានកំណត់ក្នុងច្បាប់ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីរួមគ្នាការពារកុមារ និងផ្តល់សេវាសមស្របជូនពួកគេ។

ក្រសួង សូមធ្វើការអំពាវនាវដល់ឪពុកម្តាយ ឬអ្នកអាណាព្យាបាល និងសាធារណជនទាំងអស់ សូមចូលរួម ចិញ្ចឹមបីបាច់ និងថែរក្សាការពារទារក ឬកុមារ ជាកូនៗរបស់ខ្លួន ដើម្បីឱ្យពួកគេធំលូតលាស់ និងអភិវឌ្ឍន៍ក្នុង បរិយាកាសគ្រួសារប្រកបដោយក្តីស្រឡាញ់ និងភាពកក់ក្តៅ ព្រមទាំងទទួលបានឧត្តមប្រយោជន៍ពេញលេញ។

ក្នុងករណី មានការលំបាក ឬមានបញ្ហាណាមួយក្នុងការចញ្ចឹមបីបាច់ថែទាំទារក ឬកុមារ ក្រសួងសូមលើកទឹកចិត្ត ដល់ឪពុកម្តាយ ឬអ្នកអាណាព្យាបាល ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បី ទទួលបានការគាំទ្រសេវាសង្គមសមស្របដែលផ្តល់ដោយក្រសួង ស្ថាប័ន និងអង្គភាពរបស់រាជរដ្ឋាភិបាល ព្រមទាំង អង្គការមិនមែនរដ្ឋាភិបាលជាដៃគូ ជៀសវាងការមិនអើពើ ឬការបោះបង់ពួកគេ៕

ដោយ៖តារា


ចែករំលែក៖