ខេត្តតាកែវ៖ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញប្រកាសតែងតាំងលោក ព្រំ ប៊ុនថន ជាប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិភ្នំដិនជំនួសលោក នួន សារ៉ែន ដែលត្រូវចប់អាណត្តិវិលមកបម្រើការងារនៅសាលាខេត្តតាកែវវិញ ក្នុងពិធីនេះ ធ្វើឡើងនៅច្រកទ្វារអន្តរជាតិភ្នំដិន ក្នុងស្រុកគីរីវង់។
ថ្លែងនៅក្នុងឱកាសនោះ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារកន្លងមកដែលប្រធានទីស្នាក់ការចាស់លោក នួន សារ៉ែន បានអនុវត្តការងារបានយ៉ាងល្អប្រសើរ និងបានណែនាំលោកប្រធានទីស្នាក់ការថ្មី ដែលទើបទទួលការតែងតាំង ត្រូវបន្តការងារដឹកនាំច្រកទ្វារអន្តរជាតិនេះឲ្យបានល្អប្រសើរ។
ជាមួយគ្នានេះ លោកអភិបាលខេត្តរូបនេះ បានណែនាំឱ្យមានសាមគ្គីភាពផ្ទៃក្នុង និងចេះសម្របសម្រួលបែងចែកភារកិច្ច និងតួនាទីទទួលខុសត្រូវឱ្យបានល្អ និងបន្តសហការជាមួយភាគីប្រទេសវៀតណាមដើម្បីធ្វើយ៉ាងណាឲ្យការឆ្លងកាត់របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសការដឹកទំនិញចេញចូលតាមច្រកទ្វារបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។
បន្ថែមពីនេះ លោកអភិបាលខេត្តតាកែវ បានជំរុញឱ្យលោកប្រធានស្នាក់ការថ្មី និងមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិភ្នំដិនទាំងអស់ ត្រូវធ្វើយ៉ាងណារួមសហការគ្នាក្នុងការបង្ក្រាបបទល្មើសឆ្លងដែន ជាពិសេសទប់ស្កាត់ឲ្យបានរាល់ទំនិញគេចពន្ធដែលនាំឲ្យបាត់បង់ចំណូលចូលថវិកាជាតិ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច