ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រតិភូសាកលវិទ្យាល័យកិច្ចការបរទេសចិនមកកាន់កម្ពុជានៅពេលនេះ គឺជាផ្នែកមួយក្នុងការលើកកម្ពស់ចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជានិងចិន

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រតិភូសាកលវិទ្យាល័យកិច្ចការបរទេសចិនមកកាន់ប្រទេសកម្ពុជានៅពេលនេះគឺជាផ្នែកមួយក្នុងការលើកកម្ពស់ចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជានិងចិនឲ្យកាន់តែរឹងមាំបន្ថែមទៀត។

នៅក្នុងឱកាសនោះលោកសាស្ត្រាចារ្យ កាវ ហ្វៃ បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យលោកក៏ដូចជាប្រតិភូរបស់សាកលវិទ្យាល័យកិច្ចការបរទេសចិន បានចូលជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ លោកបានសរសើរពីភាពរីកចម្រើនរបស់កម្ពុជាដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស។

លោកថា ការរីកចម្រើនរបស់កម្ពុជានៅពេលនេះ គឺស្ថិតក្រោមការគ្រប់គ្រងដឹកនាំដោយសម្ដេចតេជោ ដែលជាអតីតនាយករដ្ឋមន្ត្រី ហើយបន្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេននាពេលបច្ចុប្បន្ននេះ។

លោកបានកោតសរសើរមិនដាច់ពីមាត់អំពីស្ថានភាពនៃសន្តិភាព ស្ថេរភាព ដែលជាកត្តាសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ លោកក៏បានលើកឡើងអំពីដំណើរទស្សនកិច្ចរបស់ប្រតិភូសាកលវិទ្យាល័យកិច្ចការប្រទេសចិននៅពេលនេះ គឺក្នុងគោលដៅដើម្បីរៀបចំនូវកិច្ចសន្ទនាការទូតក្រោយ (Track II Diplomacy) ដែលជាកិច្ចសន្ទនាមួយចូលរួមចំណែកដ៏សំខាន់នៅក្នុងការផ្លាស់ប្ដូរយោបល់គ្នា ជាពិសេសគឺការគាំទ្រដល់ការដោះស្រាយបញ្ហាវិបត្តិព្រំដែន កម្ពុជា-ថៃដោយសន្តិវិធី។

សម្ដេចតេជោបានស្វាគមន៍ចំពោះការលើកឡើងរបស់លោកសាស្ត្រាចារ្យសាកលវិទ្យាល័យកិច្ចការបរទេសជាពិសេសគឺពេញចិត្តចំពោះការលើកឡើងពីការមើលឃើញដោយផ្ទាល់របស់លោកអំពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់កម្ពុជា។ សម្ដេចក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងចិននៅពេលបច្ចុប្បន្ននេះ ដែលជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយជាសហគមន៍ជោគវាសនារួម គ្រប់រដូវកាលក្នុងយុគសម័យថ្មី។

បន្ថែមពីលើនេះសម្ដេចតេជោ ក៏បានអរគុណដែរចំពោះតួនាទីរបស់សាកលវិទ្យាល័យកិច្ចការបរទេសចិនដែលបានរៀបចំនូវកិច្ចសន្ទនាការទូតក្រោយ ប៉ុន្តែនិយាយជារួមគឺ ការចូលរួមរបស់ចិននៅក្នុងការគាំទ្រដោយការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយឈរលើសន្តិវិធី។

ជាចុងក្រោយសម្ដេចតេជោហ៊ុន សែន បានជូនពរឲ្យប្រតិភូទាំងអស់បំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាទទួលបាននូវភាពជោគជ័យ៕

ដោយ៖តារា


ចែករំលែក៖