ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូបញ្ច្រាសផ្លូវ ត្រូវបានបុរស ២ នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាបុក បណ្ដាលឱ្យរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តកងសង្គ្រោះបន្ទាន់ ៧១១ កងពលតូចលេខ៧០ ដឹកយកទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង០៥ នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ នៅ សុវណ្ណារាជ ភេទប្រុស អាយុ ១៨ ឆ្នាំ រងរបួស បែកក្បាល និងរបួសជើងឆ្វេង មានអាសយដ្ឋាននៅ ភូមិទម្លាប់ ឃុំទំនប់ធំ ស្រុកពញ្ញាឮ ខេត្តកណ្ដាល។ ចំណែក ២ នាក់ទៀតរបួសស្រាល។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជិះម៉ូតូម៉ាក SUZUKI SMASH ពាក់ផ្លាកលេខ ភ្នំពេញ 1BM-5146 បញ្ច្រាសទិសដៅចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ៣ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរស ២ នាក់ជិះម៉ូតូ HONDA GIORNO ពាក់ផ្លាកលេខ ភ្នំពេញ 1LL-5030 ជ្រុលបុកពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានកងសង្គ្រោះបន្ទាន់ ៧១១ កងពលតូចលេខ៧០ ដឹកយកទៅមន្ទីរពេទ្យ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕

ដោយ៖ សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច