ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាល បង្រ្កាបមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ ៣នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ)នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង:សមត្ថកិច្ចនគរបាល បង្រ្កាបមុខសញ្ញាចាស់ ទើបចេញពីពន្ធនាគារ ៣នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ)នៅក្រុងបាវិត។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងនៅថ្ងៃទី២២ខែសីហាឆ្នាំ២០២៦ថា ជនខាងលើមានឈ្មោះ១ សោម វុទ្ធី ហៅគៀក ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង (អ្នកឆក់) និងជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ ។

២មានឈ្មោះ សយ ហៀង ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត (អ្នកបើកម៉ូតូ) និងជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ ។

និងទី៣ឈ្មោះ ងិន កុលពិសាល ហៅហេង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង(អ្នកយកទូរស័ព្ទទៅលក់) និងជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ ។

ប្រភពបន្តថា នៅថ្ងៃទី១៨ ខែសីហា  ឆ្នាំ២០២៦ វេលាម៉ោង២៣:៤០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលពាក្យបណ្តឹងមួយច្បាប់ពីជនរងគ្រោះឈ្មោះ ជា គឹមឆេង ភេទស្រី អាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរមេផ្ទះ មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានប្តឹងចោទប្រកាន់ទៅលើជនសង្ស័យចំនួន០២នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០១ គ្រឿងម៉ាក HONDA SCOOPY ពណ៌ខ្មៅ មិនចាំស្លាកលេខ ដែលបានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ) មួយគ្រឿងម៉ាក IPHONE 17PROMAX ពណ៌ទឹកប្រាក់ នៅត្រង់ចំណុចលើផ្លូវជាតិលេខ១ ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត កាលពី វេលាម៉ោង២៣:០០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ រួចជិះរត់គេចខ្លួនបាត់ 

ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាម សមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុធ្វើការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញារបស់ក្រុមជនសង្ស័យ ។ 

ដោយមានបទបញ្ជាពីលោក សំ សំអុល អធិការនគរបាលក្រុងបាវិត នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦  សមត្ថកិច្ចក៏បានស្រាវជ្រាវ រកទូរសព្ទដៃរបស់ជនរងគ្រោះ  នៅចំណុចទីតាំងហាងលក់ទូរសព្ទ័មួយ  ស្ថិតក្នុងអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត 

រហូតដល់ម៉ោង២០និង១០នាទី នាថ្ងៃដដែល សមត្ថកិច្ចយើង​ស្រាវជ្រាវ ឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យជាជនដៃដល់ ជាបន្តបន្ទាប់ចំនួន០៣នាក់ និងសម្ភារ:វត្ថុតាងដែលសមត្ថកិច្ចដកហូតរួមមាន ទូរស័ព្ទ០១គ្រឿងម៉ាក I PHONE 17 PROMAX ពណ៌ទឹកប្រាក់(បានធ្វើការប្រគល់ឲ្យទៅជនរងគ្រោះ) ម៉ូតូ០១គ្រឿងម៉ាក SCOOPY ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1V-4740 (មធ្យោបាយធ្វើសកម្មភាពឆក់)

 ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1KH-2813(ម៉ូតូជិះយកទូរស័ព្ទទៅលក់) ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ខាងលើ  រួមនឹងវត្ថតាងសមត្ថកិច្ចជំនាញ បានក៏សាងសំណុំរឿង បញ្ជូនទៅការិល័យជំនាញ ដើម្បីចាត់ការបន្តតាមច្បាប់។


ចែករំលែក៖