ខេត្តកំពង់ស្ពឺ៖ នាថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ កំលាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចបានឃាត់កូន”អកតញ្ញូ” ករណីគំរាមសម្លាប់ម្ដាយ បង្កើតក្រោយទទួលបានបណ្ដឹងពីឈ្មោះ លី សាអ៊ុំ ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិត្រពាំងស្ដុកគ្រួ ឃុំអូរ ស្រុកភ្នំស្រួច ដែលប្ដឹងឈ្មោះ ដួង ស៉ីណាត ភេទប្រុស អាយុ៣៨ឆ្នាំ (ត្រូវជាកូនបង្កើត)រស់នៅផ្ទះក្នុងបន្ទុកម្ដាយ។
ជនសង្ស័យបានសុំលុយម្ដាយចំនួន ១០,០០០ (មួយម៉ឺនរៀល) និងបានចាប់មាន់មេក្រាបពង១ក្បាលទៀតយកទៅសម្លាប់ធ្វើម្ហូប។ ពេលនោះម្ដាយបានស្រែកសួរថា តេីឯងយកលុយហេីយ ម្ដេចចាប់មេមាន់ធ្វើអីទៀត ស្រាប់តែជនសង្ស័យកេីតជាក្ដីខឹងនឹងម្ដាយភ្លាម បានស្រែកជេរម្ដាយនិងគំរាមថាសម្លាប់ចោល ។
នៅពេលសមត្ថកិច្ចបានសាកសួរឈ្មោះ ដួង ស៉ីណាត បានឆ្លេីយថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចបានរៀបរាប់របស់ម្ដាយពិតមែន មកពីកំហឹងនៃការសន្យារបស់ពួកម៉ាករង់ចាំមាន់យកទៅជប់លៀង។ ជនសង្ស័យ ដួង សុីណាត ធ្លាប់ឋិតនៅក្នុងមណ្ឌលអប់រំកែប្រែនិងបន្សាបគ្រឿងញៀន ចំនួន៦លើកមកហេីយ តែមិនកែនោះទេ ក្រោយពេលត្រឡប់មកវិញនៅតែកេីតមានចរិកបែបនេះគំរាមសម្លាប់ជាញឹកញ៉ាប់។
សមត្ថកិច្ចនគរបាលធ្វេីការដកហូតវត្ថុតាងមានកាំបិត ផ្គាក់១ដើម និង កាំបិតបុ័ងតោ ១ ជាឧបករណ៍គំរាមសម្លាប់ម្ដាយ ។ បច្ចុប្បន្នបានបញ្ជូនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីបន្ដនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច