ភ្នំពេញ៖ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក អែនឌ្រូ អាសៀម៉ា អាមួកូ (Andrew Asiamah Amoako) អនុប្រធានទី២ សភានៃសាធារណរដ្ឋហ្គាណា ក្នុងឱកាសដែល លោក អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា នៅក្នុងជំនួបពិភាក្សានោះ សម្ដេចតេជោបានអរគុណចំពោះលោកដែលបានអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។
លោកក៏បានវាយតម្លៃខ្ពស់ចំពោះភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ដែលទទួលរៀបចំនូវសន្និសីទដ៏មានសារៈសំខាន់នៅពេលនេះ។ លោកក៏បានកោតសរសើរចំពោះកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។
ក្នុងជំនួបពិភាក្សានោះក៏បានផ្ដោតសំខាន់ទៅលើ ការពង្រីករវាងតំបន់ ជាមួយនឹងតំបន់អាហ្វ្រិក ហើយនៅក្នុងក្របខណ្ឌទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្គាណា គឺកំពុងតែស្វែងរកឱកាសក្នុងការពង្រីកនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនាពេលខាងមុខ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច