ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Farah Maalim, សមាជិកសភានៃសាធារណរដ្ឋកេនយ៉ា ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា នៅក្នុងជំនួបនោះ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះលោកសមាជិកសភានៃសាធារណរដ្ឋកេនយ៉ា ដែលបានអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។
នៅក្នុងជំនួបពិភាក្សានេះ ក៏បានជជែកទៅលើ ការផ្លាស់ប្ដូរទស្សនៈ ជាពិសេសនៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍដូចគ្នា។ លោកតំណាងសភានៃប្រទេសកេនយ៉ា បានកោតសរសើរចំពោះការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសកម្ពុជា និងកិត្យានុភាពកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ ការដឹកនាំរបស់សម្ដេចតេជោនាពេលកន្លងទៅ ក្នុងការស្វែងរកសន្តិភាព តាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះ ដែលនាំឱ្យប្រទេសទទួលបាននូវសុខសន្តិភាពដល់សព្វថ្ងៃនេះ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច