ខេត្តប៉ៃលិន៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានពន្លាតដែនសមត្ថកិច្ចសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង ខេត្តបាត់ដំបង និងកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បង្ក្រាបករណីចោរលួចបាន ០២ករណី ដោយចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ រួមជាមួយនឹងវត្ថុតាងមួយចំនួន។
សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានឱ្យដឹងថា៖
ករណីទី១៖ កាលពីវេលាម៉ោង ០៣:០០នាទីរសៀល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចបានឆ្មក់ចុះបង្ក្រាបនៅចំណុចអគារ ០៧ជាន់ ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពបន្តទៀតថា ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ថុង សុខហេង ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ម៉ូតូដែលបានបាត់ ម៉ាក Honda Dream ស៊េរីឆ្នាំ២០០៨ ដំឡើងឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Z-0022។
សូមបញ្ជាក់ថា កាលពីម៉ោង ០៧:៤៧នាទីយប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ ជនរងគ្រោះបានយកម៉ូតូទៅចតទុកនៅក្បែរផ្ទះ រួចក៏ចូលទៅសម្រាកលង់លក់បាត់ទៅ។ លុះដល់ព្រឹកឡើង វេលាម៉ោង ០៦:០០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ស្រាប់តែបាត់ម៉ូតូមិនឃើញ ហើយក៏បានទៅឆែកឆេរកាមេរ៉ាសុវត្ថិភាពមើល នៅវេលាម៉ោង ០៣:០០នាទីរសៀល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ក៏ឃើញមានជនសង្ស័យចំនួន ០២នាក់ បានដើរមកធ្វើសកម្មភាពកាច់កម៉ូតូរួចយកចេញទៅបាត់តែម្ដង។
ករណីទី២៖ កើតឡើងនៅវេលាម៉ោង ០២:៣០នាទីរសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិទំនប់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ជនរងគ្រោះឈ្មោះ កែវ ណាង ភេទស្រី អាយុ ៦០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ដោយបានបាត់ម៉ូតូចំនួន ០២គ្រឿង៖ ទី១- ម៉ូតូម៉ាក Scoopy ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ប៉ៃលិន 1C-2346, ទី២- ម៉ូតូម៉ាក Honda Wave i ស៊េរីឆ្នាំ២០២០ ពណ៌ព្រីងទុំ ដោយជនរងគ្រោះបានចតទុកម៉ូតូនៅក្រោមផ្ទះ ហើយបានដេកលង់លក់។ ខណៈព្រឹកឡើង ទើបដឹងថាបាត់ម៉ូតូ។
លុះដល់វេលាម៉ោង ០៣:០០នាទីរសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញព្រហ្មទណ្ឌស្រុកសាលាក្រៅ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ សហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលខេត្តប៉ៃលិន ពន្លាតដែនសមត្ថកិច្ចសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង និងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បើកការស៊ើបអង្កេតស្រាវជ្រាវរហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ អ៊ីម ចាន់ដារ៉ូ ហៅ (ពៅ) ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ (មិនពិតប្រាកដ) រស់នៅភូមិអូរតាប៉ុន ឃុំពេជ្រចន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ចំណែកបក្ខពួកចំនួន ០៤នាក់ទៀត ដែលបានរត់គេចខ្លួន ត្រូវកម្លាំងកំពុងធ្វើការស្រាវជ្រាវបន្ត។
ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ រូបគេបានសារភាពថាពិតជាបានធ្វើសកម្មភាពលួចបានចំនួន ០៣លើក និងបានម៉ូតូចំនួន ០៦គ្រឿង ពិតប្រាកដមែន។
លួចបានចំនួន ០៣លើក រួមមាន៖
លើកទី១៖ មានគ្នាចំនួន ០៣នាក់ (ឈ្មោះ ណាក់, ឈ្មោះ ក្អាត់ និងឈ្មោះ ពៅ បានម៉ូតូចំនួន ០២គ្រឿង) ពិតប្រាកដមែន។ វត្ថុតាងដកហូតបានរួមមាន៖ ១- ម៉ូតូម៉ាក Honda Scoopy ពណ៌ខ្មៅ គ្មានស្លាកលេខ ០១គ្រឿង, ២- ម៉ូតូម៉ាក Honda Dream ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1A-7469 ០១គ្រឿង, ៣- ម៉ូតូម៉ាក Honda Dream ស៊េរីចាស់ ពណ៌ខ្មៅ គ្មានស្លាកលេខ ០១គ្រឿង។
បន្ទាប់មកនៅវេលាម៉ោង ០១:៣០នាទីរសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានពន្លាតដែនសមត្ថកិច្ចសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ វ៉ាន់ ឆាត ហៅ (អាឆាត) ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំរៀង។ ក្រោយពីសាកសួររួច ជនសង្ស័យខាងលើឆ្លើយសារភាពថា៖ ខ្លួនពិតជាបានយកម៉ូតូ Zoomer-X ចំនួន ០២គ្រឿង ពីឈ្មោះ ក្អាត់ យកទៅលក់បន្តពិតប្រាកដមែន!
ក្នុងនោះកម្លាំងដកហូតបានម៉ូតូចំនួន ០២គ្រឿង រួមមាន៖
ទី១- ម៉ូតូម៉ាក Honda Zoomer-X ចំនួន ០១គ្រឿង ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង 1Y-0520 ដកហូតនៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តប៉ៃលិន។ ទី២- ម៉ូតូម៉ាក Honda PCX ពណ៌ស គ្មានស្លាកលេខ ចំនួន ០១គ្រឿង ប្រគល់ជូនអធិការដ្ឋាននគរបាលស្រុកបវេល។
សរុបសមត្ថកិច្ចនគរបាលដកហូតបានម៉ូតូចំនួន ០៥គ្រឿង៖ ទី១- ម៉ូតូម៉ាក Honda Scoopy ០១គ្រឿង, ទី២- ម៉ូតូម៉ាក Honda Dream ០១គ្រឿង, ទី៣- ម៉ូតូម៉ាក Honda PCX ០១គ្រឿង, ទី៤- ម៉ូតូម៉ាក Zoomer-X ០១គ្រឿង, ទី៥- ម៉ូតូម៉ាក Honda ស៊េរីចាស់ ០១គ្រឿង និងសម្ភារសម្រាប់កាច់សោម៉ូតូមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបន្តតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច